សារព័ត៌មាន​សំឡេង​ប្រជាជន​វៀតណាម​ VOV ផ្សាយថា​ បណ្តាខេត្ត​ភាគ​កណ្តាល​វៀតណាម​បានរៀប​ចំផែនការ​ជាបន្ទាន់ ​ដោយត្រៀម​ខ្លួនជា​ស្រេច ​ដើម្បី​ឆ្លើយតប​នឹងព្យុះ Noru ដែលនឹង​បោកបក់​មក ​ដើម្បីកាត់​បន្ថយ​ការ​ខូចខាត​។

ព្យុះទីហ្វុង ​Noru ​កំពុងបង្កើន​កម្លាំង​ បន្ទាប់​ពី​ចាកចេញ​ពីហ្វីលីពីន​។ បច្ចុប្បន្ននេះ​វា​កំពុង​បក់​បោកពាស​ពេញផ្ទៃទឹក​សមុទ្រ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ហើយត្រូវ​បានគេ​ព្យាករថា ​នឹងបោកបក់​នៅ​ប្រទេស​វៀតណាម​នៅថ្ងៃទី ២៨​ ខែកញ្ញា។ ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ​រួមទាំង​ទីក្រុង Da Nan​g នឹងរង​ការវាយ​ប្រហារ​ដោយផ្ទាល់​។ បន្ទាប់មក​ ព្យុះទីហ្វុង​នេះ​នឹងឆ្ពោះ​ទៅកាន់​ប្រទេសថៃ​។

រដ្ឋបាលខេត្ត​ Quang Nam​ កាលពី​ថ្ងៃទី​ ២៥ កញ្ញា ​បាន​បញ្ជា​ឱ្យ​បណ្ដា​តំបន់ឆ្នេរ​ត្រូវជម្លៀស​ប្រជាជន និង​ភ្ញៀវទេសចរ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ អនុប្រធា​នគណៈ​កម្មាធិការ​ប្រជាជន​ខេត្ត ​Quang Nam ​លោក ​HoQuangBuu​ បានឱ្យ​ដឹង​ថា៖ ​«ខេត្ត Quang Nam មានផែន​ការលម្អិត​ក្នុងការ​ជម្លៀស​ប្រជាជន និង​ភ្ញៀវទេស​ចរ។

ក្នុង​ករណី​មានព្យុះ​បោកបក់​ខ្លាំង យើងនឹង​ផ្លាស់លំ​នៅរបស់​ប្រជាជន ១៨២​ ០០០ ​នាក់ នៅក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ក្នុងករណី​មានព្យុះ​បោកបក់​ខ្លាំងជាង​ទៀត យើងនឹង​ជម្លៀស​ប្រជាជន ៤០០ ​០០០ នាក់។ ​រសៀល​ថ្ងៃទី ​២៥ កញ្ញា ភ្ញៀវទាំងអស់​ត្រូវបាន​ជម្លៀសទៅកាន់​ទីកន្លែងមាន​សុវត្ថិភាព​»។

ប្រភព​ដដែល​លើកឡើង​ថា កង​កម្លាំងយោធា​នៅទីក្រុង ​Da Nang បាន​សម្របស​ម្រួល​ជួយ​អ្នកនេសាទ ​និង​ប្រជាជន​នៅ​ឆ្នេរសមុទ្រ​ក្នុងការ​បោះយុថ្កា ​នាំយកទូក​ចូលច្រាំង ​និង​ការពារផ្ទះ​សំបែង​មុន​ពេលព្យុះ​បោកបក់។ កម្មាភិបាល​និង​យុទ្ធជន​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ការពារ​ព្រំដែន Da Nang ​បាន​ដាក់ពង្រាយ​ទៅកាន់​កំពង់ចំណត​ទូក​ ThoQuang​ខណ្ឌ ​Son Tra ​ដោយ​សម្របសម្រួល​ជា​មួយ​គណៈ​គ្រប់​គ្រង​កំពង់ផែ​នេសាទ​ ដើម្បី​ផ្សព្វផ្សាយ​ និង​ស្នើឱ្យ​ម្ចាស់​នាវាបោះយុថ្កា ​និង​ធានា​សុវត្ថិភាព​។

ទន្ទឹមនឹង​នោះ មូលដ្ឋាន​ជា​ច្រើន​នៅខេត្ត ThuaThien Hue បាន​ចល័តកម្លាំង​ ដើម្បី​ជួយ​ប្រជាជន​នៅ​តំបន់​សំខាន់ៗ ជម្លៀស​ទៅកាន់​កន្លែងមាន​សុវត្ថិភាព​និង​រៀបចំផែន​ការ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​គ្រោះថ្នាក់។ ព័ត៌មាន​អំពីផ្លូវ​និងការ​ឆ្លើយតប​ទៅនឹង​ព្យុះទីហ្វុង​ Noru ​ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាពជា​ប្រចាំនៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម និង​បណ្ដាញ​សារព័ត៌មាន​ដទៃទៀត​៕