ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​សោះ​ក្រោយពី​កងទ័ព​ឈ្លានពាន​របស់​រុស្ស៊ី​បាត់បង់​តុល្យការ​លើ​ការប្រយុទ្ធ​ជាមួយ​អ៊ុយក្រែន ពោល​គឺ​បាក់ទ័ព នៅក្នុង​សមរភូមិ​ជួរមុខ​នៃ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយក្រែន​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាស​ឡើង​ពី​ការកេណ្ឌទ័ព​បម្រុង​មួយ​ភាគ ដើម្បី​យក​ទៅ​ច្បាំង​បន្ថែម​។

ក្រឹត្យ​ដែល​លោក ពូទីន ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ ទី​ ២១ ខែកញ្ញា អនុញ្ញាត​ឱ្យ​ក្រសួង​ការពារជាតិ​រុស្ស៊ី​អាច​ប្រមូល​កម្លាំង​ទ័ព​បម្រុង​ឱ្យបាន ៣០០ ០០០ ​នាក់​។ តាមរយៈ​នេះ វា​នឹង​ក្លាយ​ជា​ការ​កេណ្ឌទ័ព​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​ជា​លើកដំបូង មិន​ធ្លាប់​មាន​ពីមុន​រាប់​តាំងពី​សង្គ្រាម​លោក​លើកទី​ ២​។

ការកេណ្ឌទ័ព​នេះ ធ្វើឡើង​តែ ១ ​ថ្ងៃ​ប៉ុណ្ណេះ បន្ទាប់ពី​តំបន់​ដែល​គាំទ្រ​ការផ្ដាច់​ខ្លួន​នៅ​អ៊ុយក្រែន​ចំនួន ៤ បាន​ប្រកាស​យ៉ាង​តក់ក្រហល់​ពី​ការធ្វើ​ប្រជាមតិ ដើម្បី​អនុញ្ញាត​ឱ្យ​រុស្ស៊ី រាប់​បញ្ចូល​ផ្នែក​ទាំងនោះ ថា​ជា​ទឹកដី​របស់​ខ្លួន​ជា​ផ្លូវការ​។ អ្នកវិភាគ​លោក​ខាងលិច​មើលឃើញ​ថា ប្រសិន​បើ​ផែនការ​នេះ​សម្រេច​តាម​ការគ្រោងទុក​នោះ រុស្ស៊ី​អាច​នឹង​ប្រើ​កងទ័ព ដែល​ខ្លួន​កេណ្ឌ​បាន​បន្ថែម ដើម្បី​យកទៅ​ធ្វើ​សង្គ្រាម ដោយ​សម្អាង​យ៉ាង​ពេញទី​លើ​លេស​ការពារ​ទឹកដី និង​ប្រជាជន​រុស្ស៊ី ដូច​ការអះអាង​របស់​លោក ពូទីន​។

ទោះបីជា​យ៉ាងនេះ​ក៏ដោយចុះ ការប្រកាស​ពី​ការ​កេណ្ឌ​ទ័ព ក្នុង​លក្ខណៈ​ប្រញាប់ប្រញាល់​យ៉ាង​ដូច្នេះ បង្ក​ឱ្យ​មាន​ការយល់​ឃើញ​ខុសគ្នាៗ​។ សម្រាប់​អ្នកគាំទ្រ​ក្រុង​ម៉ូស្គូ ជំហាន​របស់​លោក ពូទីន នៅពេល​នេះ បង្ហាញ​ពី​អំណាច​របស់​រុស្ស៊ី ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​អ៊ុយក្រែន វា​គឺជា​សញ្ញា​នៃ​ការចុះ​ខ្សោយ​របស់​រុស្ស៊ី​។ យ៉ាងណាក្ដី ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​ការ​យល់ឃើញ និង​ជា​សេណារីយោ ដែល​អាច​ទៅរួច​ឈរ​នៅ​ពីក្រោយ​ការកេណ្ឌទ័ព​នេះ​។

-​រុស្ស៊ី​កេណ្ឌ​ទ័ព ដើម្បី​បង្ហាញ​សាច់ដុំ​នៃ​វិស័យ​យោធា​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​​

រាប់​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក «​ប្រតិបត្តិការ​យោធា​ពិសេស​» របស់​លោក ពូទីន នៅ​ប្រទេស​អ៊ុយក្រែន​បាន​អូសបន្លាយ​អស់​រយៈពេល ៧ ​ខែ​ហើយ ប៉ុន្តែ​លទ្ធផល​នៅតែ​មិនទាន់​សម្រេច​បាន​តាម​គោលបំណង​របស់​លោក​។ ម្ដង​ហើយ​ម្ដងទៀត លោក ពូទីន រួមទាំង​មន្ត្រី​ក្រោម​អំណាច​របស់​វិមាន​ក្រឹមឡាំង នៅ​តែ​ទទូចថា ប្រតិបត្តិការ​យោធា​របស់​ខ្លួន​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​តាម​ផែនការ ហើយ​មិនយូរ​មិនឆាប់​ទេ រុស្ស៊ី​នឹង​ឃើញ​ជ័យជម្នះ​លើ​ការរំដោះ​តំបន់​ដុន​បាស នៅ​អ៊ុយក្រែន​។

សុទិដ្ឋិនិយម​បែប​នេះ អាចជា​កម្លាំង​ចលករ ដែល​ជំរុញ​អ្នកគាំទ្រ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​របស់​រុស្ស៊ី ក្នុង​ការយល់​ឃើញ​ថា ការ​កេណ្ឌទ័ព នាពេលនេះ​ជាការ​បង្ហាញ​អំណាច និង​ជាការ​បង្កើន​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​រុស្ស៊ី ដែលជា​ប្រទេស​មហាអំណាច​យោធា​ដ៏ធំ​បំផុត​ទី​ ២ របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក​។ ហើយ​អ្នកវិភាគ​លោក​ខាងលិច ក៏​យល់ស្រប​នឹង​ការយល់​ឃើញបែបនេះ​ផងដែរ ដោយ​លើកឡើង​ថា កំណែន​ទ័ព​របស់​រុស្ស៊ី​មាន​ប្រយោជន៍ ក្នុងការ​កម្លា ឬ​គំរាម​ដៃគូ​ប្រជែង ក្នុង​ជម្លោះ​។

បើ​ប្រៀបធៀប​ទៅ​កងទ័ព ៣០០ ០០០ ​នាក់ ដែល​នឹងត្រូវ​កេណ្ឌ មាន​ទំហំ​ធំ​ទ្វេដង លើស​ចំនួន​កងទ័ព​រុស្ស៊ី ដែល​ដាក់​ពង្រាយ​នៅក្បែរ​ព្រំដែន​អ៊ុយក្រែន មុន​ចាប់ផ្ដើម​ការឈ្លានពាន​នៅ​ខែកុម្ភៈ​។ ជាង​កន្លះ​ឆ្នាំ​នៃ​សង្គ្រាម រុស្ស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា កងទ័ព​រុស្ស៊ី ដែល​ស្លាប់​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​ត្រឹមតែ ៥ ៩៣៧​ នាក់​ប៉ុណ្ណោះ​។ តួលេខ​នេះ​ខាន​ចេញ​ផ្សាយ​តាំងពី​ចុងខែ​មីនា (​កាលនោះ​រុស្ស៊ី​ថា កងទ័ព​របស់​ខ្លួន​ជាង ១ ៣០០ ​នាក់​) និង​មាន​ទំហំ​ខុសគ្នា​ខ្លាំង​ទៅនឹង​តួលេខ​របស់​អ៊ុយក្រែន ដែល​ប៉ាន់ស្មាន កាលពី​ដើម​ខែកញ្ញា​នេះ​ថា កងទ័ព​របស់​រុស្ស៊ី​លើសពី ៥០ ០០០ ​នាក់ ត្រូវបាន​សម្លាប់​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការបង្ហាញ​សាច់ដុំ​លើ​ឆាក​អន្តរជាតិ​នោះ​គឺថា ប្រសិនបើ​ផែនការ​កេណ្ឌទ័ព​មួយ​ភាគ ធ្វើឡើង​យ៉ាង​រហ័ស​តាម​គម្រោង​នោះ មាន​ន័យថា អំណាច​យោធា​របស់​រុស្ស៊ី នៅ​តែ​រឹងមាំ ដូច​អ្វីដែល​ខ្លួន​បាន​ឃោសនា​ពិតមែន មិន​ថា​រុស្ស៊ី​ត្រូវ​បាន​បាត់បង់​កម្លាំង​ទ័ព​ប៉ុន្មាន​ពាន់​នាក់​នោះទេ​។ បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu កាលពី​ថ្ងៃ​ពុធ រុស្ស៊ី​មាន​សក្ដានុពល​អាច​កេណ្ឌទ័ព​ទូទាំង​ប្រទេស​បាន​រហូតដល់ ២៥ ​លាន​នាក់ ខណៈ​ដែល​រុស្ស៊ី​មាន​កងទ័ព​បម្រុង ដែល​អាច​ប្រើ​សម្រាប់​កំណែន​រហូតដល់ ២ ​លាន​នាក់​។

-​កេណ្ឌទ័ព ដើម្បី​ពង្រឹង​តួនាទី​រក្សា​សន្តិភាព

ក្រោយ​លោក ពូទីន ប្រកាស​ពី​ការកេណ្ឌ​ទ័ព​ជា​ផ្លូវការ លោក Shoigu អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា កងទ័ព​បម្រុង​ដែល​កេណ្ឌ​បាន​នឹង​ទទួល​បាន​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​ប្រយុទ្ធ​បន្ថែម មុន​នឹង​ដាក់ពង្រាយ​ទៅ​សមរភូមិ​ប្រយុទ្ធ​ជួរមុខ នៅ​អ៊ុយក្រែន​ប្រហែល ១ ០០០ ​គីឡូម៉ែត្រ​។ ជាថ្មី​ម្ដងទៀត ការប្រកាស​ដាក់ពង្រាយ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាក់ទ័ព​នៅ​សមរភូមិ​ជួរមុខ ទាំង​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​អ៊ុយក្រែន បន្ទាប់ពី​រង​ការវាយប្រហារ​ពី​កងទ័ព​វាយបក​របស់​ក្រុង​កៀវ ដែល​ប្រើ​ជំនួយ​សព្វាវុធ​ពី​លោក​ខាងលិច​។ ជុំវិញ​ការ​កេណ្ឌ​ទ័ព​ដដែល​នេះ រុស្ស៊ី​មិន​បាន​បង្ហាញ​កាយវិការ ឬ​ពាក្យសម្ដី​ណាមួយ ចំពោះ​តួនាទី​របស់​ខ្លួន ក្នុង​នាម​ជា​អ្នករក្សា​សន្តិភាព ក្នុង​បណ្ដា​ប្រទេស​អតីត​សហភាព​សូវៀត​នោះទេ​។ យ៉ាងណា​ក៏ដោយ អ្នកវិភាគ​យោធា និង​ភូមិសាស្ត្រ​នយោបាយ​មួយ​ចំនួន​បាន​លើកឡើង​ថា ការប៉ះទង្គិច​ប្រដាប់​អាវុធ​សាជាថ្មី នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​អតីត​សហភាពសូវៀត ដូចជា​អាមេនី-​អាស៊ែបៃហ្សង់ និង​តាហ្ស៊ីគីស្ថាន-​កៀហ្ស៊ីស្ស៊ីស្ថាន អាចជា​លទ្ធផល​នៃ​ការបាក់​ទ័ព​របស់​រុស្ស៊ី ក្នុង​សមរភូមិ នៅ​អ៊ុយក្រែន​។ អ្នកវិភាគ​ថា ការប៉ះទង្គិច​រវាង​តាហ្ស៊ីគីស្ថាន-​កៀហ្ស៊ីស្ស៊ីស្ថាន កាលពី​សប្ដាហ៍​មុន អាចជា​ផលវិបាក​មួយ​លេច​ចេញពី​ការដក​ទ័ព​របស់​រុស្ស៊ី​ពី​ក្នុង​ប្រទេស​ទាំង​ ២ ល​រុស្ស៊ី​ដាក់​ពង្រាយ​តាមរយៈ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព ( CSTO)​។

ចំពោះ​ការប៉ះទង្គិច​រវាង​អាមេនី និង​អាស៊ែបៃហ្សង់ ដែល​កើតឡើង​នៅ​សប្ដាហ៍​មុន​ដូចគ្នា អ្នកវិភាគ​មើលឃើញ​ថា វា​អាច​ជា​ការឆ្លៀត​ឱកាស​របស់​អាស៊ែបៃហ្សង់ ក្នុង​ការ​វាយប្រហារ​អាមេនី ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី នៅពេល​ឃើញ​រុស្ស៊ី​ទ្រុធទ្រោម​នៅ​អ៊ុយក្រែន ដែល​ខ្លួន​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​។ ការសន្និដ្ឋាន​បែបនេះ បង្កឱ្យ​មាន​ការយល់​ឃើញ​ថា ការ​កេណ្ឌ​ទ័ព​រាប់សែន​នាក់​របស់​រុស្ស៊ី​អាច​ទប់ទល់​នឹង​ការ​ឆ្លៀត​ឱកាស​ដូច​អ្វីដែល​អាស៊ែបៃហ្សង់ បាន​ធ្វើ​។ ហេតុផល​នោះ​គឺថា ទោះបី​ជា​រុស្ស៊ី​មិនអាច​ពង្រឹង​កម្លាំង​ទ័ព ឬ​កងកម្លាំង​រក្សា​សន្តិភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​ទាំងនេះ នាពេល​នេះ​ក្ដី ក៏​រុស្ស៊ី​នៅតែ​អាច​បង្ការ​ការ​ហក់លោត​ណាមួយ ដែល​អាច​កើតឡើង​នៅ​ថ្ងៃមុខ ប្រសិន​បើ​កំណែន​ទ័ព​របស់​ខ្លួន​ក្លាយជា​យុទ្ធសាស្ត្រ ក្នុង​ការឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

-​ការ​កេណ្ឌ​ទ័ព​បង្ហាញថា​រុស្ស៊ី​បាក់ទ័ព ខ្វះ​កម្លាំង និង​កំពុង​ឈាន​ទៅ​ចាញ់​សង្គ្រាម

សម្រាប់​អ្នកវិភាគ​ជាច្រើន ជាពិសេស​ពី​លោក​ខាងលិច ការ​កេណ្ឌទ័ព​របស់លោក ពូទីន នាពេល​នេះ បង្ហាញ​ថា ទីក្រុង​ម៉ូស្គូ​កំពុង​ប្រឈម​នឹង​កង្វះ​កងទ័ព​ខ្លាំង បើទោះបី​ជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជ្រើសរើស​កង​កម្លាំង​ទៅ​ប្រយុទ្ធ នៅ​សមរភូមិ​ជួរមុខ ដោយ​រាប់បញ្ចូល​ទាំង​អ្នកទោស និង​អ្នក​ស្ម័គ្រចិត្ត ទាំង​ឆ្លងកាត់​ការបណ្ដុះ​បណ្ដាល​តិចតួច ក៏ដោយ​ក្ដី​។ ចំណុច​ដ៏គួរ​ឱ្យ​កត់សម្គាល់​នោះ គឺថា លោក Shoigu បាន​អះអាង​ថា កងទ័ព​របស់​រុស្ស៊ី​ត្រឹមតែ​ជិត ៦ ០០០ ​នាក់​ប៉ុណ្ណេះ ដែល​ស្លាប់​ក្នុង​សង្គ្រាម ហើយ​មន្ត្រី​ក្រុង​ម៉ូស្គូ​ផ្សេងទៀត ក៏​ទទូចថា ប្រតិបត្តិការ​យោធា​ពិសេស ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ផងដែរ ប៉ុន្តែ​លោក ពូទីន បែរជា​ប្រកាស​ពី​ការកេណ្ឌ​ទ័ព​រាប់សែន​នាក់​យ៉ាង​តក់ក្រហល់​បែប​នេះ​ទៅវិញ​។ ការ​គណនា​ខុស គឺជា​បញ្ហា​មួយ សម្រាប់​រុស្ស៊ី​ចាប់​តាំងពី​សង្គ្រាម​ចាប់ផ្ដើម​មក​។ ពីដំបូងៗ រុស្ស៊ី​ថា ខ្លួន​អាច​នឹង​វាយយក​ក្រុង​កៀវ​បាន​ត្រឹម​រយៈពេល ២ ​ថ្ងៃ​យ៉ាង​ស្រួល ប៉ុន្តែ​បន្ទាប់ពី​ប្រយុទ្ធ​អស់ ១ ​ខែ រុស្ស៊ី​បាន​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​ក្រុង​កៀវ ហើយ​មក​ផ្ដុំ​កម្លាំង ក្នុង​ការប្រយុទ្ធ​នៅ​តំបន់​ដុន​បាស​វិញ ដោយ​មិន​ទទួលស្គាល់​ការចុះចាញ់​នៅ​ទីនោះ​នោះទេ​។

ជាង ៦ ​ខែ​នៃ​សង្គ្រាម ពោលគឺ​ក្នុង​ខែកញ្ញា​នេះ រុស្ស៊ី​បាន​ដកទ័ព​ចេញ​ពី​តំបន់​ខា​កៀវ ហើយ​ជាថ្មី​ម្ដង​ទៀត រុស្ស៊ី អះអាង​ដូចគ្នា​ទៅ​នឹង​អ្វីដែល​ខ្លួន​លើកឡើង​ជាហេតុ​ផល​ដូច​កាលពី​មុន ហើយ​ច្រាន​ចោលការ​ចំអក​ដែលថា កងទ័ព​រុស្ស៊ី​បាក់ទ័ព ចោល​ទឹកដី ដែល​ខ្លួន​ចំណាយ​ពេល​រាប់​ខែ ដើម្បី​ដណ្ដើម​យក​ពី​កងទ័ព​ម្ចាស់​ស្រុក​។ ល្បឿន​នៃ​ការ​វាយបក​ដ៏លឿន និង​ភាពមាន​ប្រៀប​របស់​អ៊ុយក្រែន​ធ្វើឱ្យ​មាន​ការព្យាករ​ទាំង​អ្នកគាំទ្រ​អ៊ុយក្រែន និង​អ្នកគាំទ្រ​រុស្ស៊ី​ថា មិន​យូរ​មិនឆាប់ អ៊ុយ​ក្រែន​នឹង​ទទួល​បាន​ជ័យជម្នះ ហើយ​រុស្ស៊ី​នឹង​ចុះចាញ់​។ រូបភាព​បែប​នេះ ជំរុញ​ឱ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង លើ​ការវិស័យ​ការពារ​ជាតិ​របស់​រុស្ស៊ី​ពី​អ្នកគាំទ្រ​ក្នុងស្រុក​របស់​លោក ពូទីន និង​ស្នើឱ្យ​លោក​បង្កើន​កងទ័ព និង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដើម្បី​យក​ឈ្នះ​អ៊ុយក្រែន​។ ស្រប​ពេល​ដែល​ការរិះគន់​បែបនេះ​ធ្វើឱ្យ​លោក ពូទីន ប្រថុចញ៉ុច មេដឹកនាំ​រុស្ស៊ី​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការខកចិត្ត​ពី​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​កាលពី​សប្ដាហ៍​មុន​។

ក្នុង​កិច្ចប្រជុំ​នោះ មេដឹកនាំ​ឥណ្ឌា​បាន​ប្រាប់​លោក ពូទីន ថា យុគសម័យ​នេះ​មិនមែនជា​យុគសម័យ សម្រាប់​ធ្វើ​សង្គ្រាម​ទេ ខណៈ​លោក ពូទីន ខ្លួនឯង​ផ្ទាល់​ព្រលយ​ថា ចិន​មាន​ចម្ងល់ និង​កង្វល់ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​។ គ្រប់​បញ្ហា​ទាំងអស់​នេះហើយ ដែល​អ្នកវិភាគ​មួយ​ចំនួន​អះអាង​ថា ជា​កត្តា​មួយ ក្នុង​ចំណោម​ផ្សេងទៀត ដែល​ជំរុញ​ឱ្យ​លោក ពូទីន បង្កើន​ភាពតានតឹង​នៃ​សង្គ្រាម​ដោយ​ការបញ្ជា​ឱ្យ​មាន​ការធ្វើ​ប្រជាមតិ នៅ​អ៊ុយក្រែន ការកេណ្ឌទ័ព និង​ការព្រមាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​អ៊ុយក្រែន​ចរចា ឬ​ឆាប់​ឃើញ​ការឈ្នះ​ចាញ់​ក្នុង​សង្គ្រាម​។

បើទោះបីជា​យ៉ាងណា​ក្ដី ជំហាន​ទាំងនេះ​ទទួល​រង​នូវ​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ លាយឡំ​នឹង​ការ​ចំអក​ពី​លោក​ខាងលិច រួមទាំង​អ៊ុយក្រែន ដែលថា ខ្លួន​រួម​សាមគ្ដី​គ្នា ហើយនឹង​មិន​ឈប់​ប្រយុទ្ធ​ទេ លុះត្រាតែ​រុស្ស៊ី​ដកទ័ព​ចេញពី​ប្រទេស​ខ្លួន​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ ការ​កេណ្ឌទ័ព​របស់​លោក ពូទីន ធ្វើឱ្យ​ផ្ទុះ​ការតវ៉ា​ក្នុង​ប្រទេស ដែល​សុំឱ្យ​លោក​ ពូទីន បញ្ចប់​សង្គ្រាម​។ ហើយ​ការណ៍​នេះ អាចបង្កើត​បាន​ជា​សេណារីយោ​ផ្សេង​ទៀតថា កងទ័ព​ដែល​រុស្ស៊ី​នឹង​កេណ្ឌ​ទៅ​បន្ថែម នឹង​គ្មាន​ទឹកចិត្ត ឬ​មិនមាន​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការឈរ​ជើង​ប្រយុទ្ធ ក្នុង​ប្រតិបត្តិ​ការឈ្លានពាន ក្រោម​បញ្ជា​របស់​លោក ពូទីន នោះ​ឡើយ​៕