ចំណូល​ដែល​បាន​មក​ពី​ការ​ជីក​កាក់ Bitcoin បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ ១៧,២​ លាន​ដុល្លារ/ថ្ងៃ ​ខណៈ​ទីផ្សារ​​គ្រីប​តូ​ទាំង​មូល​ កំពុង​ធ្លាក់​ចូល​ក្នុង​រដូវ​រងា (ធ្លាក់ថ្លៃ)​ និង​ដោយ​សារ​ពិភព​លោក ​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល​។ ចំណូល​​នេះ​ធ្លាក់​ចុះជា​ង ៧២% គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ដែល​កាល​ពេល​នោះ​ អ្នក​ជីក​កាក់ ​អាច​រក​ចំណូល​បាន​ ៦២ លានដុល្លារ/ថ្ងៃ។ ​នេះបើតាម​ទិន្នន័យ​របស់​ Blockchain.com​។

កាល​ពីចុង​ឆ្នាំ ២០២១​ ក្រុម​អ្នកជីក​កាក់​សម្រុកជីក​កាក់ ​និង​ដាក់លក់កាក់ ​Bitcoin​ ដែលជីកបាននៅ​លើ​ទីផ្សារ ដោយ​​ពួក​គេ​​រក​​បា​ន​ចំណូលបាន​​គួរ​​សម​ ដោយសារ​តម្លៃ​អគ្គិសនី​ថោក។ អ្វីដែល​ចាំ​បាច់​គ្រាន់​តែ​មាន​កុំព្យូទ័រ ដែល​​មា​ន​ក្រា​ហ្វិក​កាត​ខ្ពស់ នោះ​ អាច​ដើរ​តួ​ជា​អ្នក​ដោះស្រា​យ​សមីការ​គណិត​នៅ​ក្នុង​ប្លុក​ឆេនរបស់ Bitcoin ហើយ​ទ​ទួល​បាន​កាក់ Bitcoin សម្រាប់​ចំណែក​រប​ស់ពួ​កគេ។ ដំណើរ​កា​រ​នេះ​គេ​ហៅ​យ៉ាងសាមញ្ញថា ជីក កាក់។

លោក Joe Burnett ប្រធានផ្នែកវិភាគនៃក្រុមហ៊ុន Blockware Solutions បានលើកឡើងថា៖​ «អ្នកជីកកាក់ Bitcoin កំពុងតែប្រឈមនឹងសម្ពាធនៃការថយចុះចំណូលតម្លៃ​កាក់ Bitcoin ធ្លាក់​ចុះការ​ជីក​កាក់​កាន់​តែ​ពិបាក​​ជា​ងមុនបូក​ថែម​នឹង​ថាមពល​អគ្គិសនី​កាន់​តែថ្លៃ។​” បញ្ហាទាំងនេះបានក្លាយជាបន្ទុកបន្ថែមទៀត ដល់​អ្នក​ជីកកាក់ដែលបានទិញម៉ាស៊ីន​ជីកកាក់ថ្លៃៗ។

បច្ចុប្បន្ននេះ កាក់គ្រីបតូ Bitcoin គឺជាកាក់ ដែលមានតម្លៃមូលធនទីផ្សារ​​ជិត ៤០០ ប៊ីលានដុល្លារ ហើយ​ធំជាង​គេ​នៅ​ក្នុង​ទីផ្សារ​ទាំង​មូលដែល​មាន​ទំហំជាង ១ ទ្រីលានដុល្លារ។ កាលពីសប្តាហ៍មុន កាក់គ្រីបតូ ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ ១៩ ០០០ ដុល្លារអាមេរិក ធ្លាក់ចុះពី ២៥ ០០០ ដុល្លារអាមេរិក កាលពីខែសីហាកន្លងទៅ។ តម្លៃ​ខ្ពស់​បំផុត​របស់​កាក់ Bitcoin គឺ ៦៩ ០០០ ដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈនៅដើម​សប្តាហ៍​ទី ៣​​ ខែ​កញ្ញានេះ​ កាក់ Bitcoin បាន​ឡើង​ថ្លៃ​មក​វិញក្នុង​ខ្ទង់ ២០ ០០០ ដុល្លារ។

យ៉ាងណាក៏ដោយប្រតិបត្តិការជីកកាក់ Bitcoin គឺជាដំណើរវែងឆ្ងាយ ព្រោះកាក់ចុងក្រោយបំផុត​ ឬកាក់ទី ២១ លាន នឹងត្រូវជីកបាននៅក្នុងឆ្នាំ ២១៤០។

លោក William Szamosszegi ជាអគ្គនាយកក្រុមហ៊ុន Sazmining Inc បានលើកឡើងថា៖​ «​នេះគឺជាពេល​វេលាដ៏​ល្អបំផុតក្នុងការប្រឡូកចូលវិស័យនេះ។ កាលពីមុនអ្នកត្រូវចំណាយជាង ១ ម៉ឺនដុល្លារ ដើម្បី​រៀប​ម៉ាស៊ីន​ជីក​កាក់ Bitcoin ប៉ុន្តែ​ពេល​នេះ ​វា​បាន​ចុះ​ថ្លៃ​ពី​ ៥០% រហូត​ដល់​ ៧០% ​ឯណោះ»​។​

ជាការពិតអ្នកជីកកាក់ខ្លះត្រូវកាត់បន្ថយការចំណាយរបស់ពួកគេក្នុងការទិញម៉ាស៊ីន ឬ​រៀប​ម៉ាស៊ីន​ជីក​កាក់​បន្ថែម​ ដែលនេះតម្រូវឱ្យ​ក្រុមហ៊ុនផលិតម៉ាស៊ីន ឬ រៀបម៉ាស៊ីនជីកកាក់ ត្រូវកាត់បន្ថយថ្លៃផលិត។

ជាក់ស្តែង ម៉ាស៊ីនជីកកាក់ម៉ាក S19J Pro ត្រូវបានដាក់លក់ក្នុង​តម្លៃ​ជាង ​១ ម៉ឺន​ដុល្លារ កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​លក់​ បាន​បញ្ចុះ​តម្លៃ​វា​មក​ត្រឹម​តែ ៣ ២០០ ដុល្លារ​ប៉ុ​ណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​វិភាគ​ប្លុក​ឆេន ​Luxor៕