
លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ឱនគោរពក្នុងអំឡុងបុណ្យសពលោកស៊ីនហ្សូ អាបេនៅថ្ងៃទី ២៧ កញ្ញា។ AFP
ពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ត្រូវប្រព្រឹត្តធ្វើឡើងនៅទីក្រុងតូក្យូ នាថ្ងៃអង្គារទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។ រដ្ឋាភិបាលជប៉ុនរំពឹងថា មនុស្សប្រមាណ ៤ ៣០០ នាក់មកពី ក្នុង និងក្រៅប្រទេស នឹងចូលរួមពិធីបុណ្យសពនេះ។
មនុស្សប្រមាណ ៣ ៦០០ នាក់ នៅក្នុងប្រទេស និងប្រមាណ ៧០០ នាក់ទៀតមកពីក្រៅប្រទេសត្រូវបានគេរំពឹងថា នឹងមានវត្តមាន នៅក្នុងពិធីបុណ្យសពរបស់លោក អាបេ។ នេះបើតាមប្រធានខុទ្ទកាល័យជប៉ុនលោក ម៉ាត់ស៊ូណូ ហ៊ីរ៉ូកាហ្សូ (Matsuno Hirokazu) និយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន។
អ្នកចូលរួមពីក្នុងប្រទេស រួមមានប្រធានសភាជាន់ទាប និងជាន់ខ្ពស់ ព្រមទាំងសមាជិកសភាបច្ចុប្បន្នជាង ៧០០ នាក់ និងអភិបាលតំបន់ ៤៤ រូប។ រដ្ឋាភិបាលជប៉ុន ក៏រំពឹងដែរថា នឹងមានមនុស្សជាង ១ ០០០ នាក់ទៀត ដែលជាអ្នកជំនួញ និងមជ្ឈដ្ឋានផ្សេងទៀត នឹងមានវត្តមាន នៅក្នុងពិធីនាថ្ងៃអង្គារនេះ។
ចំណែកភ្ញៀវពីក្រៅប្រទេសវិញ រដ្ឋាភិបាលរបស់លោក ហ្វូមីអូ គីស៊ីដា រំពឹងថា នឹងទទួលការចូលរួមពីថ្នាក់ដឹកនាំកំពូលចំនួន ៣៥ រូប និងគណៈប្រតិភូបរទេសចំនួន ២១៨ រូប។ ប្រធានខុទ្ទកាល័យជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនបានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុនរួចហើយថា អនុប្រធាន ១ រូបនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដែលជាស្ថាប័នប្រឹក្សាច្បាប់កំពូលរបស់ប្រទេសមានគម្រោងចូលរួមពិធីបុណ្យសពនេះ។
លោក ម៉ាត់ស៊ូណូ មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងតូក្យូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវជាច្រើន ដែលនឹងមកចូលរួមក្នុងពិធីបុណ្យសពរបស់លោក អាបេ ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាន់អំណាចយូរជាងគេ។ ទន្ទឹមនេះលោកថា រដ្ឋាភិបាលជប៉ុននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការរៀបពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេឱ្យបានស័ក្តិសមជាទីបំផុត។
តាមការប៉ាន់ស្មានជប៉ុនចំណាយថវិកាប្រមាណ ១,៦៥ ពាន់លានយេន ($១២ លាន) សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្ត្រី លោក អាបេ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ៕