កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​កញ្ញា ទីភ្នាក់ងារ​ព័ត៌មាន ​Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មន្ត្រី​រុស្ស៊ី​បាន​បង្ហើប​ឱ្យ​ដឹង​ថា ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ នៅ​មាន​ជា​រយៈៗ​ខ្លះៗ​ដែរ បន្ទាប់ពី​ប្រទេស​រុស្ស៊ី ក្លាយ​ជា​អ្នក​ទប់​ទល់​ទៅ​វិញ ក្នុង​សង្គ្រាមនៅ​អ៊ុយក្រែន ហើយ​សហគមន៍​អន្តរជាតិ​បារម្ភ​ថា វា​អាច​នឹង​មាន​ការ​ប្រើប្រាស់​អាវុធ​ទំនើប​ជាង​មុន។

អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​រុស្ស៊ី លោក Dmitry Peskov បាន​និយាយថា ភាគី​ទាំង​២ នៅតែ​មាន​ការ​ទាក់ទង​គ្នា ដោយ​បើក​ចំហ​នូវ​ការ​ផ្ដល់​សារ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក ក្នុង​ករណី​សង្គ្រោះ​បន្ទាន់។

លោក Peskov បាន​និយាយ​ថា៖ «ផ្លូវ​ក្នុង​ការ​មាន​ទំនាក់​ទំនង​គ្នា ដែល​សមរម្យ តាម​លំដាប់​ថ្នាក់ នៅ​តែ​មាន​ជា​ធម្មតា។ វា​គឺជា​ការ​ទាក់ទង​គ្នា ដោយ​រយៈ​ខ្លីៗ និង​មាន​កម្រិត។ យ៉ាងហោច​ណាស់ វា​នៅមាន​ផ្លូវ ដែល​ភាគី​ទាំង ​២ អាច​ប្រើ ដើម្បី​បង្ហាញ​ពី​ជំហរ​រៀងៗ​ខ្លួន»។

ការ​ព្រួយបារម្ភ​ទាំង​ឡាយ បាន​កើត​ឡើង បន្ទាប់ពី​មាន​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​របស់​ប្រធានា​ធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន ដែល​បាន​រំឭក​ឡើង​វិញ​នូវ​ការត្រៀម​ខ្លួន​រួច​ជា​ស្រេច​របស់​រុស្ស៊ី ក្នុងការ​ប្រើប្រាស់​អាវុធ​ទំនើប​ចុងក្រោយ ដោយ​លោក​ប្រាប់​ថា​៖ «មិន​បាន​គំរាម​លេង​ៗ​នោះ​ឡើយ​» ប្រសិន​បើ​រុស្ស៊ី​មាន​អារម្មណ៍​ថា អធិប​តេយ្យភាព និង​បូរណភាព​ទឹកដី កំពុង​ត្រូវបាន​គេ​ឈ្លាន​ពាន។

លោក​ប្រធានា​ធិបតី ពូទីន បាន​ប្រាប់​ថា រុស្ស៊ី​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ប្រទេស និង​ប្រជាជន​រុស្ស៊ី ខណៈ​ដែល​មន្ត្រី​អាមេរិក បាន​ដាស់​តឿន​ថា រុស្ស៊ី​នឹង​ត្រូវ​ប្រឈម​ជាមួយ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​សម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ ក្នុង​សង្គ្រាម នៅ​អ៊ុយក្រែន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​តប​ត​យ៉ាង​ដាច់​ខាត ប្រសិន​បើ​រុស្ស៊ី​នាំ​យក​អាវុធ​បែបនេះមកប្រើ​ ហើយ​ថា អាមេរិក បាន​ជូន​ដំណឹង​ជា​សម្ងាត់​ដល់​រុស្ស៊ី​ថា តើ​រុស្ស៊ី​នឹង​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​អ្វី​ខ្លះ​ពី​អាមេរិក?

ហើយ​ជាមួយ​គ្នា​នេះ លោក Antonio Guterres អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ (UN) បាន​និយាយ​ដល់​ការ​យក​អាវុធ​នុយក្លេអ៊ែរ​មក​ប្រើ​ប្រាស់ ដើម្បី​បំផ្លិច​បំផ្លាញគ្នា គឺ​ជា​អ្វី​ដែល ​«មិន​អាច​ទទួល​យកបាន​ជា​ដាច់​ខាត»​៕

វីដេអូ៖