
គណៈប្រតិភូរបស់គណបក្ស Labour Party ធ្វើពិធីស្មិងស្មាធិ៍ ១ នាទី ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រិយានីអេលីហ្សាប៊ែតទី ២ នៅថ្ងៃដំបូងនៃសន្និសីទប្រចាំឆ្នាំ ក្នុងទីក្រុងលីវើភូល កាលពីថ្ងៃទី ២៥ ខែកញ្ញា។ AFP
របបសាធារណរដ្ឋកំពុងរីករាយ និងមានសម្ទុះ នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីការយាងសោយទិវង្គតរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ ហើយ ខាងក្រោមនេះជាទស្សនៈ របស់លោក Sertan Sanderson អ្នកកាសែតនៃសារព័ត៌មានអាល្លឺម៉ង់ DW ដោយលោកបានលើកឡើងពីហេតុផលមួយចំនួន ដែលរបបរាជានិយមកាន់តែមានភាពចាំបាច់ជាងមុន ក្នុងការការពារកុំឱ្យមានការបែកបាក់ នៅក្នុងប្រទេស។
បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ ក៏មានការអំពាវនាវជាថ្មី សម្រាប់របបសាធារណរដ្ឋ និងបដិវត្តន៍ តាំងពីប្រទេសអូស្ត្រាលី រហូតដល់ប្រទេសស្កុតឡេន ។ ជាការពិត ប្រភេទពិសោធនៃគំនិតទាំងនេះ គឺជាលំហាត់សមរម្យ សម្រាប់លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក។ លោក Sanderson ចង់វែកញែកថា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ គឺពិតជាផ្លូវតែ ១ គត់ ឆ្ពោះទៅមុខសម្រាប់ចក្រភពអង់គ្លេស និងក៏ប្រហែលសម្រាប់ប្រទេសដទៃទៀតដែរ។
-បុព្វបុរសកំពូល
វាជាភ័ស្ដុតាង ក្នុងការបង្ហាញថា យើងបានបាត់បង់អ្នកដឹកនាំបែបនេះ ដែលយើងមិនងាយនឹងជួបប្រទះ នាពេលបច្ចុប្បន្ន។ ម្ចាស់ក្សត្រិយានីមានឥទ្ធិពលជាច្រើនទសវត្សរ៍មកលើព្រឹត្តិការណ៍នយោបាយ ក្នុងនាមជាប្រមុខរដ្ឋ។ ព្រះអង្គបានកំណត់ឡើងវិញនូវអំណាចការទូត ដែលមានលក្ខណៈទន់ភ្លន់។ ម្ចាស់ក្សត្រី បានធ្វើដំណើរទៅប្រទេសជាង ១០០ ក្នុង ១ ជីវិតទ្រង់ ហើយគ្រប់ដៃដែលទ្រង់បានចាប់ គឺទ្រង់តែងបានបង្ហាញនូវស្នាមញញឹមស្វាគមន៍ទៅកាន់គ្រប់ប្រទេសជាសមាជិក Commonwealth។
លើសពីនោះទៀត ព្រះមហាក្សត្រិយានី បានត្រួសត្រាយផ្លូវឱ្យមានការធ្វើទំនើបកម្ម និងជំរុញរាជាធិបតេយ្យ និងដឹកនាំ ដោយការលះបង់ ភក្តីភាព និងសេចក្តីថ្លៃថ្នូរ ហើយទ្រង់តែងតែស្វែងរកនូវកម្លាំង សម្រាប់កសាងប្រទេសជាតិ ខណៈដែលពិភពលោក ក្រោយអាណានិគមទាំងមូល មានការប្រែប្រួល។
-ភ័ស្តុតាងជាក់ស្តែង
នៅពេលដែលប្រទេសក្រោមអាណានិគមនីមួយៗ ប្រកាសឯករាជ្យ ចក្រភពអង់គ្លេស បានធ្លាក់ចុះយ៉ាងឆាប់រហ័ស រហូតទាល់តែស្ទើរគ្មានអំណាច។ តែយ៉ាងណាក៏ដោយ ព្រះមហាក្សត្រី មានឱកាសដ៏ល្អមើលការខុសត្រូវនៃការប្រែប្រួលសង្គមទាំងក្នុង និងក្រៅប្រទេសអស់រយៈពេល ៧០ ឆ្នាំ។
ម្ចាស់ក្សត្រី បានបើកទិដ្ឋភាពស្ទើរគ្រប់ជ្រុងនៃជីវិតផ្ទាល់ខ្លួនឱ្យសាធារណជន បានឃើញ ព្រោះថា របៀបនៃការដឹកនាំចក្រភព ត្រូវតែជំនួស ដោយគ្រួសាររបស់ព្រះអង្គផ្ទាល់ ដើម្បីឱ្យសាធារណជន បន្តជឿលើរបបរាជានិយម។
កាមេរ៉ាទូរទស្សន៍ បានចូលទៅក្នុងសាលនៃវិមាន Buckingham ដោយអនុញ្ញាតឱ្យសាធារណជនចូលទៅកាន់ពិភពដ៏មានឯកសិទ្ធិមួយ និងត្រូវបានលាក់នៅក្នុងអាថ៌កំបាំងជាច្រើនសតវត្សរ៍មកហើយ។
-រក្សាសន្តិភាព
ព្រះមហាក្សត្រី ដាក់ចេញ ដោយភាពជឿជាក់ ចំពោះវិធីសាស្ត្រ ដែលបង្ហាញពីតុល្យភាព សម្រាប់អង់គ្លេស។ នេះគឺផ្ទុយស្រឡះពីការដឹកនាំនយោបាយ ដែលទុកចិត្តបាន នៅចក្រភពអង់គ្លេស។ អង់គ្លេសបានជួបនឹងគណៈរដ្ឋមន្ត្រីដ៏ទន់ខ្សោយចំនួន ៤ លើក ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។
រយៈពេល ១០ ឆ្នាំចុងក្រោយនេះ អង់គ្លេសបានស្គាល់នូវការបែងចែកសង្គម និងភាពមិនចុះសម្រុងគ្នា ក្រោមកាដឹកនាំនៃនាយករដ្ឋមន្ត្រីទាំង ៤ ។ បញ្ហាដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេ រួមមានការធ្វើប្រជាមតិផ្តាច់ខ្លួនរបស់ស្កុតឡេន បញ្ហា Brexit និងការឆ្លើយតប ចំពោះជំងឺកូវីដ១៩ ដែលមើលទៅហាក់ដូចជាគ្មានការស្រុះស្រួលគ្នាទេ នៅក្នុងប្រទេសនេះ។
-រាជានិយមប្រឈួន
ទន្ទឹមនឹងនោះ ក៏គ្មានអ្វីគួរឱ្យឆ្ងល់ដែរថា គ្រួសាររាជវង្សក៏មានបញ្ហា ព្រោះសមាជិកមួយចំនួននៃត្រកូលរបស់ទ្រង់ប្រព្រឹត្តទង្វើមិនសូវសមរម្យ ហើយជាការពិតណាស់ មានភាពមិនប្រក្រតីនៅក្នុងគ្រួសាររាជវង្ស។
តែបញ្ហាក្នុងគ្រួសារទាំងនោះ ដូចជាករណីឈ្លោះប្រកែកគ្នា រឿងអាស្រូវ ដែលត្រូវបានចុះកាសែត (ប្រព័ន្ធផ្សព្វផ្សាយសង្គម) គឺបានរំឭកយើងអំពីរបៀប ដែលមនុស្សតែងតែជួបប្រទះមិនថាតែរាជវង្សទេ។
-ជួរនៃកាតព្វកិច្ច
ចំពោះក្រុមមនុស្ស ដែលកំពុងប្រើថវិកាការសោយទិវង្គតរបស់ព្រះមហាក្សត្រីជាហេតុផល ដើម្បីអំពាវនាវឱ្យមានបដិវត្តន៍ ហាក់ដូចជាភ្លេចហើយថា មានការផ្លាស់ប្ដូរប៉ុន្មានដង ក្នុងជីវិតរបស់ម្ចាស់ក្សត្រី និងរបៀប ដែលទ្រង់គ្រប់គ្រងការផ្លាស់ប្តូរទាំងនោះ ក្នុងឋានៈជាប្រមុខរដ្ឋ និងមេដឹកនាំបណ្តាប្រទេស Commonwealth ។ ទ្រង់គឺជាបុគ្គលដ៏សំខាន់ និងជាម្ដាយនៃគ្រួសាររាជវង្សអង់គ្លេស៕