រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អាន​ថូ​នី ប្ល៊ី​នកែន (Antony Blinken) និយាយ​ការពារ​ការ​លក់​សព្វាវុធ​ទៅ​ឱ្យ​ប៉ាគីស្ថាន។ ក្រុង​វ៉ាស៊ីនតោន និង​អុី​ស្លា​ម៉ា​បាដ សម្រេច​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង F-16 តម្លៃ $៤៥០ លាន។ ឥណ្ឌា​យល់ថា ប៉ាគីស្ថាន អាច​នឹង​ប្រើ​អាវុធ ដែល​ទិញ​ពី​អា​មេិ​កនេះ ប្រឆាំង​ខ្លួន។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអង្គារ លោក ប្ល៊ី​នកែន អះអាង​ថា កញ្ចប់​ផ្នែក​យោធា ដែល​អនុម័ត​ដើមខែ​នេះ រៀបចំឡើង សម្រាប់​ជួសជុល​ថែទាំ​កង​នាវា​ប៉ាគីស្ថាន ដែល​មានស្រាប់ ហើយ​វា​មិន​មាន​យន្តហោះ​ចម្បាំង ប្រព័ន្ធ​ការពារ ឬអាវុធ​ថ្មី​នោះ​ទេ។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «ប៉ាគីស្ថាន ពង្រឹង​សមត្ថភាព​យោធា ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ភេរវកម្ម ដែល​ចេញពី​ប៉ាគីស្ថាន ឬក្នុង​តំបន់។ វា​មិនមែន​ប្រយោជន៍​របស់​នរណា​ទេ បើ​ការ​គំរាមកំហែង​ទាំងនោះ នៅ​បន្ត​មាន»។

លោក ប្ល៊ី​នកែន អះអាង​យ៉ាង​ដូច្នេះ ពេល​ឈរ​ទន្ទឹម​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Subrahmanyam Jaishankar ដើម្បី​ធ្វើសន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប រវាង​រដ្ឋមន្ត្រី​ទាំង ២ ដែល​ធ្វើឡើង ១ ថ្ងៃបន្ទាប់​ពី​លោក ប្ល៊ី​នកែន ជួប​ជាមួយ​សម​ភាគី​ប៉ាគីស្ថាន។

ការ​អះអាង​នេះ ក៏​ធ្វើឡើង​ផង​ដែរ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Jaishankar និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជំហរ​របស់​អាមេរិក មិន​អាច​បន្លំ​ភ្នែក​នរណា​បានទេ ហើយ​ឥណ្ឌា​ដឹង​ថា យន្តហោះ​ចម្បាំង F-16 របស់​អាមេរិក នឹង​ត្រូវ​យក​ទៅ​ដាក់​ពង្រាយ ដើម្បី​ប្រឆាំង​ឥណ្ឌា។ លោក​បន្ថែម​ថា៖ «និយាយ​ដោយ​ត្រង់​ចុះ វា​ជា​ទំនាក់ទំនង ដែល​នឹង​បញ្ចប់​ទៅ ទាំង​មិន​បម្រើ​ផលប្រយោជន៍​ប៉ាគីស្ថាន ឬក៏​អាមេរិក​ឱ្យ​បាន​ល្អ​ទេ»។

អាមេរិក បាន​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ឥណ្ឌា និង​ប៉ាគីស្ថាន​រយៈពេល​ជាច្រើន​ទសវត្សរ៍ បើ​ទោះជា​មាន​បញ្ហា​ផ្សេងៗ រវាង​ប្រទេសជិតខាង​ទាំង ២ ក្ដី។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price ថ្លែង​នៅដើម​សប្តាហ៍​នេះ​ថា ទំនាក់ទំនង​អាមេរិក-ឥណ្ឌា និង​អាមេរិក-ប៉ាគីស្ថាន ស្ថិតនៅ​លើ​ផ្នែក​រៀងៗខ្លួន។

វិស័យ​យោធា​របស់​ប៉ាគីស្ថាន ពឹងផ្អែក​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ពី​អាមេរិក ប៉ុន្តែ​ទំនាក់ទំនង រវាង​ភាគី​ទាំង ២ ធ្លាក់​ក្នុង​ភាព​តានតឹង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ពិសេស​អំឡុង​សង្គ្រាម នៅ​អាហ្វហ្គានីស្ថាន។ ឥណ្ឌា​វិញ មាន​ភាពល្អក់​កក​ទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ការទិញ​ប្រភេទ​អាវុធ​រុស្ស៊ី ដែល​រំលោភច្បាប់​ឆ្នាំ ២០១៧ របស់​អាមេរិក។ ៣០ ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក ពង្រឹង​ទំនាក់ទំនង​ខ្លាំង ជាមួយ​ឥណ្ឌា ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន ក្នុង​តំបន់​៕