ខ្យល់ព្យុះសង្ឃរា ​Ian បាន​ធ្វើដំណើរ​ទៅដល់​រដ្ឋហ្វ្លរីដា​សហ​រដ្ឋអាមេរិក​នៅរសៀល​ថ្ងៃពុធ ទី ២៨​ ខែកញ្ញា ឆ្នាំ​ ២០២២​ ដោយនាំ​ទៅជាមួយ​នូវខ្យល់​បោកបក់​ខ្លាំងភ្លៀងធ្លាក់​គំហុកដែល​បង្កទៅជា​ជំនន់ទឹកភ្លៀង។​ ជាខ្យល់ព្យុះ​សង្ឃរា​ស្ថិតក្នុង​កម្រិតទី៤ Ian ត្រូវគេ​ចាត់ទុកថា​ជា​ខ្យល់ព្យុះសង្ឃរា​ដ៏កំណាច​បំផុតមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ដោយបោកបក់​ក្នុងល្បឿន​ ២៤០​ គីឡូម៉ែត្រ ក្នុង ១ ម៉ោង​ ហើយបាន​ពន្លិច​ និងបំផ្លិចបំផ្លាញផ្ទះ​សំបែ​ងព្រម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទៃទៀតនៅ​ក្នុង​តំបន់​រងគ្រោះ។

គិតត្រឹម​យប់ថ្ងៃ​ពុធ ទី ២៨ ​ខែកញ្ញា​ ម៉ោងនៅ​សហរដ្ឋ​អាមេរិក​ខ្យល់ព្យុះ​សង្ឃរា​ Ian បានបន្ថយ​កម្លាំង​របស់ខ្លួនពី​ខ្យល់ព្យុះ​កម្រិត ៤​ មកត្រឹម​កម្រិត ២។​ នេះបើតាម​ការវាយតម្លៃ​ពី​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​សង្ឃរាជាតិ​របស់​អាមេរិក។

ដ្បិតតែ​ថមថយ​កម្លាំងបន្តិច ​ប៉ុន្តែ​ខ្យល់ព្យុះនេះ​នៅតែបង្កឱ្យ​មានភ្លៀងធ្លាក់​ និងទឹកជំនន់​ដែលបង្ក​ការរំខាន​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។

អាជ្ញាធររដ្ឋហ្វ្ល​រីដា​បានឱ្យ​ដឹងថា ​រហូតម​កទល់ពេល​នេះ​មានមនុស្ស​ជិត ២ ​លាននាក់​ ត្រូវកាត់​ផ្ដាច់ពី​ចរន្តអគ្គិសនី​គិត​ត្រឹមម៉ោង ​១០ យប់​ ថ្ងៃ​ពុធ ទី ២៨ ​ខែកញ្ញា​ ឆ្នាំ ២០២២ ​និងថា​ចំនួននេះ​អាចនឹងកើន​ឡើងទៀត​នាពេល​ខាងមុខ។

ការស្ដារ​ចរន្តអគ្គិ​សនីឡើង​វិញនៅ​តំបន់​ដែល​ត្រូវខ្យល់​ព្យុះ Ian វាយប្រហារ​អាចនឹង​ត្រូវ​ប្រើពេលជា​ច្រើនថ្ងៃ​ ឬ​ត្រូវអូសបន្លាយ​ដល់​ច្រើនសប្ដាហ៍​ផងជា​ពិសេស​នៅតំបន់​ឆ្នេរប៉ែក​ខាងលិច​ ដែលទាមទារឱ្យ​មាន​ការសាងសង់​ឡើងវិញ​តែម្ដង។

ទន្ទឹមនឹងការ​គ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​មាន​មនុស្សជា​ច្រើនផ្សេង​ទៀត កំ​ពុង​ជាប់គាំង​នៅក្នុងផ្ទះ​របស់ពួកគេ​ដោយសារ​តែ​ជម្លៀសខ្លួន​ចេញ​មិនទាន់​។

បើតាម​អាជ្ញាធរ​ដដែល​គេត្រូវ​រង់ចាំឱ្យ​ខ្យល់ព្យុះនេះ​ ថយ​កម្លាំងបន្តិច​សិន​ទម្រាំ​ក្រុម​សង្គ្រោះ​បន្ទាន់​ អាចចូល​ទៅជួយ​ពួកគេបាន​៕