ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ពុធ ទី​ ២៨ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​សន្តិ​សុខ​ជាថ្មី​ម្ដងទៀត ដោយ​ទទូច​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ជាបន្ទាន់ ក្នុងខណៈ​ពេល​ដែល​នៅមាន​ផ្លូវសម្រាប់​ការ​ចាកចេញ។

ការប្រកាស​នេះ​ធ្វើឡើង ១ សប្ដាហ៍​ បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន ​អនុម័ត​ក្រឹត្យ​ស្ដី​អំពីការ​កេណ្ឌ​ទ័ព​រុស្ស៊ី​បន្ថែម ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​លុកលុយ​​ប្រទេស​អ៊ុយក្រែន។

បើតាម​ស្ថានទូត​អាមេរិក រដ្ឋាភិបាល​រុស្ស៊ី អាច​បដិសេធ​មិន​ទទួល​ស្គាល់​ពលរដ្ឋ​រុស្ស៊ី ដែលមាន​សញ្ជាតិ​អាមេរិកាំង ហើយ​មិន​ឱ្យ​ពួកគេ​ទទួលបាន​ជំនួយ​ពី​កុងស៊ុល​អាមេរិក ដើម្បី​រារាំងក្នុង​ការ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី និង​កំណត់​ឱ្យ​អ្នក​កាន់​សញ្ជាតិ ​២ ត្រូវ​ចូល​បម្រើ​ទ័ព​ជាដើម។

ក្នុងន័យនេះ​ ស្ថានទូត​អាមេរិកប្រចាំ​ទីក្រុង​ម៉ូស្គូ ព្រមាន​ពលរដ្ឋ​អាមេរិកាំង​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី។ ចំណែក​ពលរដ្ឋ​អាមេរិក ដែល​កំពុង​មាន​វត្តមាន នៅ​រុស្ស៊ី​ត្រូវ​ចាក​ចេញពី​ទីនោះ​ជាបន្ទាន់ ដើម្បី​ចៀសវាង​ចូលរួម​ការ​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម ហើយ​មិនត្រូវ​ថតរូប​កងកម្លាំង​សន្តិសុខ នៅ​ទី​នោះទេ ដោយសារតែ​សិទ្ធិ​នៃ​ការប្រមូលផ្ដុំ ដោយ​សន្តិវិធី និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ មិនត្រូវ​បាន​ធានា​ឡើយ នៅក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើតាម​ស្ថានទូត​អាមេរិក។

ចំពោះ​ការ​ចាកចេញ​ពី​រុស្ស៊ី​វិញ ស្ថានទូត​អាមេរិក​ទទួល​ស្គាល់​ថា ខ្លួន​ខ្វះខាត​យ៉ាងខ្លាំង​នូវ​លទ្ធភាព និង​មធ្យោបាយ ក្នុងការ​ជួយ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង បាន​ចាក​ចេញពី​រុស្ស៊ី ដោយ​បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​អាមេរិក​ណា មាន​បំណង​ចាកចេញ​ពី​រុស្ស៊ី នោះ​ពួកគេ​គួរតែរៀបចំ​ការ​ធ្វើដំណើរ ដោយ​ខ្លួនឯង​ឱ្យ​បាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រសួងការ​បរទេស​អាមេរិក បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​ចាក​ចេញពី​ប្រទេស​រុស្ស៊ី ក្នុង​ខែមីនា​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ម៉ូស្គូ​ជុំវិញ​ការលុកលុយ​​លើ​អ៊ុយក្រែន ហើយ​នៅ​ខែសីហា បាន​ទទូច​យ៉ាង​ដូច្នេះ​ម្ដងទៀត ដោយ​លើក​ឡើង​អំពី«ការអនុវត្ត​ច្បាប់​ក្នុងស្រុក​របស់​រុស្ស៊ី​ដោយ​បំពាន» និង​សមត្ថភាព​នៅមាន​កម្រិត​របស់​ស្ថានទូត​អាមេរិក នៅ​ក្រុង​ម៉ស្គូ ក្នុង​ការជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន ប្រសិនបើ​មាន​ករណី​យាយី ឬ​អំពើ​ភេរវកម្ម​ណាមួយ កើតឡើង។

ជាការ​កត់សម្គាល់ ទន្ទឹមនឹង​ការចេញ​សេចក្ដី​ប្រកាស​អាសន្ន​សន្តិ​សុខ កាល​ពី​ថ្ងៃ​ពុធ ទីក្រុង​វ៉ាស៊ីនតោន​ បានប្រកាស​ផ្ដល់​ជំនួយ​ជា​អាវុធ​យុទ្ធភណ្ឌ​បន្ថែម​ដល់​អ៊ុយក្រែន ក្នុង​តម្លៃ ១,១​ ពាន់​លាន​ដុល្លារ។ អ្នកនាំពាក្យ​សេតវិមាន លោកស្រី Karine Jean-Pierre ថ្លែង​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា កញ្ចប់​ជំនួយ​របស់​អាមេរិក ដល់​អ៊ុយក្រែន​ចុងក្រោយ​នេះ រួមមាន​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​ខ្ពស់ (HIMARS) ចំនួន ១៨​ គ្រឿង ដែល​អ៊ុយក្រែន​អាច​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធ​ភាព ក្នុង​សមរ​ភូមិ ក៏ដូចជា​រថពាសដែក​រ៉ាដា និង​ប្រព័ន្ធ​ប្រឆាំង​ដ្រូន​រាប់រយ​គ្រឿង។

លោកស្រី Karine Jean-Pierre៖ «សហ​រដ្ឋ​អាមេរិក នឹង​បន្ត​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន និង​ផ្ដល់​ជំនួយ​សន្តិសុខ​ដល់​ពួកគេ ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​បន្ត​ការពារ​ខ្លួនឯង​ឱ្យ​បានយូរ​ទៅតាម​ភាពចាំបាច់»។ នេះ​បើតាម​អ្នកនាំ​ពាក្យ​សេតវិមាន​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ទី​ ២៨ ខែ​កញ្ញា៕

វីដេអូ៖