ការ​ធ្លាយ​បំពង់​បង្ហូរ​ហ្គាស​ពី​រុស្ស៊ី​ទៅ​អឺរ៉ុបក្នុង​សមុទ្រ​បាល់ទិក ដោយ​មិនដឹង​មូលហេតុ ទាំង Nord Stream 1 និង Nord Stream 2 កំពុង​បង្កជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី និង​អាកាសធាតុ ដែល​ទន្ទឹមនឹង​វិបត្តិ​ថាមពលនៅ​ប្លុក​អឺរ៉ុប។

យោង​តាម​អាជ្ញាធរ​ថាមពល​ដាណឺម៉ាក ការ​លេច​ធ្លាយ​ចំនួន​ ២ ត្រូវបាន​រកឃើញ នៅលើ​បំពង់​បង្ហូរ​ Nord Stream 1 និង ១ ​កន្លែង​ទៀត​នៅលើ​បំពង់ Nord Stream 2 ក្បែរ​កោះ Bornholm របស់​ដាណឺម៉ាក កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែ​កញ្ញា។ ទោះបី​ជា​បំពង់​បង្ហូរ​ទាំង​ ២ មិន​ដំណើរការ​ក្ដី ប៉ុន្តែ​មាន​ផ្ទុក​ហ្គាស ដែល​ផ្សំ​ឡើង​ដោយ​ឧស្ម័ន​មេតាន ជា​ប្រភេទ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​បន្ទាប់ពី​ឧស្ម័ន​កាបូន​ឌីអុកស៊ីត ដែល​រួមចំណែក ក្នុង​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ។

តាម​ធម្មតា​នៅពេល​មានការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ហ្គាស ដែល​ដាក់​នៅ​បាតសមុទ្រ ហ្គាស​នឹង​ផុសចេញ​ជា​ពពុះ​ឡើង​ទៅ​លើ​ផ្ទៃ​សមុទ្រ ហើយ​មេតាន​ដែល​នៅ​ក្នុងនោះ​នឹង​ភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស​ផែនដី។ ប៉ុន្តែ​នេះ មិន​មានន័យ​ថា វា​នឹង​គ្មាន​ផល​ប៉ះពាល់​នោះទេ ប្រសិនបើ​ការ​លេច​ធ្លាយ​មិនកើត​ឡើង ព្រោះ​នៅ​ទីបំផុត មនុស្ស​នៅតែ​យក​ហ្គាស​ទៅប្រើ ដែល​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​បរិយា​កាស​ដដែល។

យ៉ាងណាក្ដី អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​អាល្លឺម៉ង់ បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ពពុះ​ហ្គាស​នា​ពេលនេះ មិន​បង្ក​ជាការ​គំរាមកំហែង​ដល់​បរិស្ថាន​សមុទ្រ នៅ​សមុទ្រ​បាល់ទិកនោះទេ។ អ្នកនាំ​ពាក្យ​ដដែល​ក៏​កត់​សម្គាល់​ផងដែរ​ថា មេតាន​ដែល​មាន​នៅក្នុង​ហ្គាស​មិន​រលាយ​ជាមួយ​ទឹក​នោះទេ នេះ​មានន័យ​ថា មេតាន​មិន​បង្ក​ជាការ​បំពុល​ទឹក​នោះឡើយ។

តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​លេច​ធ្លាយ​បំពង់​បង្ហូរ Nord Stream ទាំង​ ២ នេះ នៅតែ​អាច​បង្ក​ផល​ប៉ះពាល់​ជីវចម្រុះ ក្នុង​សមុទ្រ​បាល់ទិក​ភ្លាមៗ ហើយ​អ្នក​ជំនាញ​ខាង​បរិស្ថាន​ពន្យល់​ថា សមាសធាតុ​សំខាន់​ណាមួយ​នៃ​ហ្គាស នឹង​រលាយ​ក្លាយជា​ជាតិពុល ក្នុង​ទឹក ដែល​ប៉ះពាល់​ដល់​ត្រី សត្វ​មាន​សម្បក (ខ្យង ងាវ ក្ដាម) និង​ជីវិត​សត្វ​សមុទ្រ​ដទៃ​ទៀត ក្នុង​តំបន់ ជាពិសេស​ជីវិត​ណា ដែល​មិន​អាច​គេច​ខ្លួន​ឱ្យ​ទាន់​ពេល ក្នុង​ខណៈ​ដែល​ពពុះ​ហ្គាស​ផុល​ឡើង។

បន្ថែម​លើ​ពីនេះ​ទៀត ការ​ផុល​ចេញពី​ទឹក​របស់​ហ្គាស​ទៅក្នុង​បរិយាកាស គឺជា​ការ​ព្រួយបារម្ភ ក្នុង​រូបភាព​ធំ ដោយសារ​វា​បំភាយ​មេតាន ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រភេទ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។

សហការិនី​ស្រាវជ្រាវ នៅ​វិទ្យាស្ថាន Sustainable Gas នៃ​សាកលវិទ្យាល័យ Imperial College London លោកស្រី​ Jasmin Cooper បាន​គូស​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា វា​ពិបាក​ក្នុងការ​កំណត់​បរិមាណ​ឱ្យ​បាន​ច្បាស់​ថា តើ​បរិមាណ​ហ្គាស​ប៉ុន្មាន​រួចហើយ ដែល​បំភាយ​ទៅ​ដល់​បរិយាកាស ចេញ​ពី​កន្លែង ដែល​លេច​ធ្លាយ។

លោកស្រី​លើកឡើង​ថា ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Gazprom ដែលជា​ម្ចាស់​បំពង់​បង្ហូរ​ទាំង ​២ ប្រហែល​ជា​មានការ​ប៉ាន់​ប្រមាណ​ដោយ​ផ្អែក​លើ​ការ​បញ្ចេញ​ហ្គាស ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​ហ្គាស/មេតាន ដែល​បញ្ចេញ​ទៅក្នុង​បរិយាកាស​រួចហើយ​នោះ គេ​ត្រូវការ​ក្រុម​មួយ ដើម្បី​វាស់វែង។

អនុប្រធាន​ផ្នែក​វាស់វែង​នៅ​ក្រុមហ៊ុន​ផ្កាយរណប សម្រាប់​ការវាស់វែង​មេតាន GHGSat លោក Jean-Francois Gauthier បាន​អះអាងថា បើតាម​ការប៉ាន់​ប្រមាណ​បែប​ចាស់ ដោយ​ផ្អែក​លើ​ទិន្នន័យ ដែលមាន កន្លែង​ដែល​លេច​ធ្លាយ​ទាំង​៣ នៃ​បំពង់​បង្ហូរ Nord Stream អាច​បញ្ចេញ​មេតាន​យ៉ាងហោច​ណាស់ ៥០០ ​តោន​ ក្នុង ១​ ម៉ោង នៅពេល​បំពង់​បែក​ដំបូងៗ ហើយ​អត្រា​នេះ​ថយចុះ​តាម​ពេលវេលា​រហូត។

ខណៈដែល​គេ​មិនដឹង​ច្បាស់​ពី​បរិមាណ ដែលមាន​ក្នុង​បំពង់​បង្ហូរ​ Nord Stream 1 អ្នកនាំពាក្យ​របស់​បំពង់ Nord Stream 2 បាន​ឱ្យដឹង​ថា បំពង់​បង្ហូរ​នេះ​មាន​ផ្ទុក​ហ្គាស ៣០០ ​លាន​ម៉ែត្រគុប។ អ្នក​ជំនាញ​ថា ប្រសិន​បើ​បរិមាណ​នេះ ត្រូវ​បំភាយ​ទៅ​ក្នុង​បរិយាកាស​ទាំង​អស់​នោះ ឧស្ម័ន​មេតាន ២០០ ០០០ ​តោន នឹងត្រូវ​បំភាយ​ចេញ ឬ​ស្មើ​នឹង ៦​ លាន​តោន​នៃ​កាបូន​ឌីអុកស៊ីត។ នេះ​បើតាម​ការ​គណនា​របស់​រ៉យទ័រ ដែល​ថា ចំនួន​នេះ​ស្មើ​នឹង​ចំនួន​កាបូន​ឌីអុកស៊ីត ដែល​ក្រុង​អូហៃយ៉ូ (អាមេរិក) ឬ​ក្រុងហេលស៊ិនស្គី (ហ្វាំងឡង់) ឬ​ក្រុង​ហាវ៉ាណា (គុយបា) បំភាយ​ក្នុង ១​ ឆ្នាំ។

សហភាព​អឺរ៉ុប ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាង ​១០០ រួមទាំង​សហរដ្ឋអាមេរិក ប្រេស៊ីល ប៉ាគីស្ថាន និង​ម៉ិកស៊ិក ដែល​សន្យា​កាល​ពី​ឆ្នាំមុន​ថា នឹង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​មេតាន​រួមគ្នា ឱ្យ​បាន ៣០% ត្រឹម​ឆ្នាំ​ ២០៣០ ក្នុង​គោល​បំណង ដើម្បី​ជួយ​ទប់​ទល់នឹង​កម្រិត​មហន្ត​រាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ជុំវិញ​បញ្ហា​ចុងក្រោយ​នេះ លោក Stefano Grassi ប្រធាន​គណៈរដ្ឋ​មន្ត្រី​នៃ​ស្នងការ​ថាមពល​សហភាព​អឺរ៉ុប បាន​និយាយ​កាលពី​ថ្ងៃ​អង្គារថា វា​ប្រថុយ​នឹង​ការ​ក្លាយ​ទៅ​ជា​ «គ្រោះ​មហន្តរាយ​អាកាសធាតុ និង​អេកូឡូស៊ី»។ លោក​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ធ្វីធើរ​ថា​៖ «យើង​កំពុង​ទាក់ទង​ជាមួយ [រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប] ដើម្បី​រក​មើល​អ្វី ដែល​កើត​ឡើង និង​ស្វែងរក​មធ្យោបាយ​ឱ្យ​បាន​លឿន​បំផុត ដើម្បី​បញ្ឈប់​ការ​លេច​ធ្លាយ និង​ចៀសវាង​ការខូចខាត​កាន់តែ​អាក្រក់»។

មក​ទល់ពេល​នេះ គេ​មិនទាន់​មាន​ភាព​ប្រាកដ​ប្រជា​ទេ​ថា នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​លេច​ធ្លាយ ប៉ុន្តែ​មន្ត្រី​របស់​ប្រទេស​អឺរ៉ុប​ជាច្រើន បាន​ចោទប្រកាន់​រុស្ស៊ីថា ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ ដើម្បី​ផលប្រយោជន៍​នយោបាយ ចំពេល​មាន​វិបត្តិ​ថាមពល​រុស្ស៊ី-អឺរ៉ុប ក្រោយ​សង្គ្រាម នៅ​អ៊ុយក្រែន ផ្ទុះឡើង។ យ៉ាងណាក្ដី អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាន​អះអាងថា ការ​លេច​ធ្លាយ ដែល​មិន​ធ្លាប់​កើតមាន​ពីមុន​មកនេះ មិន​ទាន់​អាច​យក​អ្វី​មក​សំអាងថា ​រុស្ស៊ី​ជា​អ្នក​បំផ្លិចបំផ្លាញ​នោះឡើយ ខណៈ​រុស្ស៊ី​មានការ​បារម្ភ​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ៕