នាយកដ្ឋាន​ឧតុនិយម​ថៃ​ចេញ​សារ​ព្រមាន​អំពី​អាកាស​ធាតុ​លើកទី១៩ ​របស់​ខ្លួន​នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ​ដោយ​បញ្ជាក់ថា ​ព្យុះ Noru​ នឹងមកដល់​ប្រទេសថៃ​ នៅម៉ោង ៤​ ទៀបភ្លឺ ដោយល្បឿន​ខ្យល់បក់​ ៥៥ ​គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង។​ព្យុះ​រំកិល​ពី​ភាគខាងលិច​ទៅ​ទិស​ពាយព្យ​ក្នុង​ល្បឿន ១០ គីឡូ​ម៉ែត្រ ក្នុង ​១ ​ម៉ោង ហើយត្រូវ​គេរំពឹងថា​ព្យុះនោះ​នឹងខ្សោយ​ថាមពល ​ឬ​លែងមាន​អំណាច​ជា​ព្យុះ ប៉ុន្តែ​ឥទ្ធិពលនេះ​នាំឱ្យមាន​ភ្លៀងធ្លាក់​ខ្លាំង ​និង​ទឹក​ជំនន់ផង​។

ខ្យល់មូសុង​និរតី រួម​នឹង​ឥទ្ធិពល​ណូរុ​មាន​កម្លាំង​ខ្លាំងផង​បាន​បោក​បក់កាត់​លើ​សមុទ្រ​ភាគ​ខាងត្បូង ​និង​ឈូង​សមុទ្រ​ថៃ នឹងនាំ​មកនូវ​ភ្លៀងធ្លាក់​ខ្លាំង មានខ្យល់​កន្ទ្រាក់​នៅ​ភាគ​ខាងជើង ឦសាន តំបន់​កណ្តាល រួមទាំង​ទី​ក្រុង​បាងកក និង​តំបន់​ជុំវិញ។​ខ្យល់ភ្លៀង​នឹងបន្ត​ទៅខាងត្បូង​នៅ​ថ្ងៃព្រហស្បតិ៍ ​និង​ថ្ងៃសុក្រ។

អាជ្ញាធរថៃ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ​ជាពិសេស​នៅតាម​បណ្តោយ​ផ្លូវទឹក​ក្បែរ​ជើងភ្នំ ​និង​តំបន់​ទំនាប​។ ​

សូម​បញ្ជាក់​ផងដែរ​ថា​ ប្រជាពលរដ្ឋ​នៅតាម​មាត់សមុទ្រ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការកើនឡើង​នៃ​ទឹក​សមុទ្រ​។ ​ថៃ​បានព្យាករ​ថា ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី ​២-៣ ម៉ែត្រលើស​កម្ពស់​ធម្មតា ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃសៅរ៍​ ក្នុងនោះ​ក៏អាច​នឹងមាន ​ផ្គរ​រន្ទះ​កើត​ឡើង​ច្រើន​ផងដែរ​។

ទូក​ទេសចរណ៍ ​ទូកនេសាទ​តូចធំទាំង​អស់​ត្រូវបាន​ណែនាំ​ឱ្យ​បន្តការ​ប្រុងប្រយ័ត្ន និងកាច់​ចង្កូត​ចេញពី​តំបន់​ដែលមាន​ភ្លៀងធ្លាក់ ខណៈ​ទូកតូចៗ​ត្រូវបាន​ព្រមាន​ឱ្យ​នៅជាប់​ច្រាំង​រហូតដល់​ថ្ងៃសៅរ៍​៕