
របងព្រំដែនឡេតូនី-រុស្ស៊ី នៅក្បែរទីក្រុង Pasiene នៃប្រទេសឡេតូនីភាគខាងកើត។ AFP
រដ្ឋាភិបាលរបស់ប្រទេសឡេតូនី ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងបេឡារុស និងជាសមាជិករស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ណាតូ បានសម្រេចដាក់ភាពអាសន្ននៅតាមតំបន់ជាច្រើនជាប់ព្រំដែនជាប់ប្រទេស រុស្ស៊ី និងប្រទេសបេឡារុស រហូតដល់ ៣ ខែ ចាប់ពីថ្ងៃទី ២៨ កញ្ញាតទៅ។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានប្រចាំតំបន់បាល់ទិក (BNN) បានអះអាងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលឡាតវី កើតមានឡើង បន្ទាប់ពីការប្រកាសកេណ្ឌទ័ពចំនួន ៣០ ម៉ឺននាក់នៅក្នុងប្រទេសរុស្ស៊ី ដែលនាំឱ្យមានក្តីបារម្ភចំពោះអសន្តិសុខ និងជនចំណាកស្រុកមកពីប្រទេសរុស្ស៊ី។
យោងតាមបណ្តាញព័ត៌មាន BNN មន្ត្រីឡេតូនី បានអះអាងថា ដោយពិចារណាលើការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការប្រកាសកេណ្ឌទ័ព ផ្នែកខ្លះនៅក្នុងប្រទេស ដែលមានគោលបំណងបង្កើន និងអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការដើម្បីការពារការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខក្នុងស្រុក រដ្ឋាភិបាលឡេតូនី បានសម្រេចចិត្តប្រកាសភាពអាសន្ននៅក្នុងចំណុចឆ្លងកាត់ព្រំដែនច្រើន និងតំបន់មួយចំនួន។
ស្ថានភាពគ្រាអាសន្ននេះ ត្រូវបានគ្រោងទុកចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។
ការប្រកាសស្ថានភាពអាសន្នត្រូវបានដាក់នៅ Alūksne, Balvi និង Ludza ដែលសុទ្ធសឹងជាប់ប្រទេសរុស្ស៊ីទាំងអស់។
សេចក្តីព្រាងច្បាប់ដែលបានចេញផ្សាយតាមអនឡាញ បានលើកឡើងពីតំបន់ Augšdaugava ដែលជាប់ព្រំដែនជាមួយប្រទេសបេឡារុស ប៉ុន្តែក្រសួងមហាផ្ទៃនៃប្រទេសឡេតូនី បានបំភ្លឺថា រដ្ឋាភិបាល បានសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ សម្រាប់តែតំបន់ទាំង៣ខាងលើប៉ុណ្ណោះសម្រាប់ពេលនេះ។
សារព័ត៌មាននោះ បានអះអាងថា ដោយពិចារណាលើសម្ពាធកើនឡើងពីអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសបេឡារុស រដ្ឋាភិបាលរបស់ប្រទេសឡាតវី បានប្រកាសភាពអាសន្ននៅក្នុងទីក្រុង Ludza, Krāslava និង Augšdaugava កាលពីឆ្នាំមុន។ ស្ថានភាពគ្រាអាសន្ន ត្រូវបានពន្យារពេលជាច្រើនដង ដោយរយៈពេលបន្ថែមបច្ចុប្បន្នមានរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២៕
វីដេអូ៖