អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារថា ពិភព​លោក កំពុង​ឆ្ពោះទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​តែ​ជម្លោះ និង​វិបត្តិផ្សេងៗជាច្រើន និង​បាន​អំពាវនាវ​ឱ្យមាន​គោលនយោបាយ ដើម្បី​ស្តារ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ។

លោកស្រី Okonjo-Iweala អះអាងថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​ដែល​បណ្ដាលមកពី​អាកាសធាតុ តម្លៃ​ស្បៀងអាហារ និង​វិបត្តិ​ថាមពល បូករួម​នឹង​ផលវិបាក​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ កំពុង​បង្កើត​លក្ខខណ្ឌ​ដែល​ធ្វើឱ្យ​ពិភពលោក​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។

លោកស្រី​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ប្រចាំឆ្នាំ​របស់​ WTO នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា៖ «ឥឡូវនេះ យើង​ត្រូវ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​នឹង​មកដល់។ ខ្ញុំ​គិតថា យើង​កំពុង​ឈានទៅរក​វិបត្តិ​សេដ្ឋកិច្ច​សកល។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ យើង​ត្រូវ​ចាប់ផ្តើម​គិត​អំពី​ការ​ងើប និង​ការស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ»។

អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ការបរទេស​នី​ហ្សេ​រី​យ៉ា​ដដែល បាន​កត់សម្គាល់ថា ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​បន្ទាប​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក ខណៈពេលដែល​សូចនាករ​ស្តីពី​លេខ​ពាណិជ្ជកម្ម​ស្ថិតនៅក្នុង​លក្ខខណ្ឌ​មិនល្អ ដោយសារតែ​បញ្ហាផ្សេងៗជុំវិញ​ពិភពលោក នាពេល​បច្ចុប្បន្ននេះ។

លោកស្រី Okonjo-Iweala គូសបញ្ជាក់​ទៀតថា​ធនាគារកណ្តាល​របស់​ប្រទេសផ្សេងៗលើ​ពិភពលោក មិនមាន​ជម្រើស​ច្រើនពេក​ទេ ក្រៅពី​ការ​រឹតបន្តឹង និង​បង្កើន​អត្រា​ការប្រាក់ ប៉ុន្តែ​ផលប៉ះពាល់​លើ​ទីផ្សារ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ ក៏មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ។

អគ្គនាយិកា​ដដែល​សង្ក​ត់​ធ្ងន់​លើ​តម្រូវការ​ពី​ធនាគារកណ្តាល ដើម្បី​កំណត់ថា​តើ​អតិផរណា​ត្រូវបាន​បង្កឡើង​ដោយ​តម្រូវការ​ខ្លាំង ឬក៏​វា​មកពី​ការកើនឡើង​នៃ​តម្លៃ ដែល​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​រចនាសម្ព័ន្ធ​នៅលើ​ផ្នែក​ផ្គត់ផ្គង់។

មិន​ថា​យ៉ាងណាក៏ដោយ លោកស្រី Okonjo-Iweala អះអាងថា កង្វល់​ចម្បង​របស់​លោកស្រី គឺ​ទាក់ទង​នឹង​ការធានា​សន្តិសុខ​ស្បៀង ហើយ​បន្ទាប់មក គឺ​ការផ្គត់ផ្គង់​ថាមពល៕