ទំនិញ​នាំ​ចេញពី​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន ទៅ​សហភាព​អឺរ៉ុប​បាន​កើន​ឡើង​លើស​ទ្វេដង នៅ​ក្នុង​ខែ​សីហា បើ​ទោះបី​ជាមាន​ក្តី​ព្រួយបារម្ភ​ខ្លាំង ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដោយ​បង្ខំ​ក៏ដោយ។ ​

ការនាំចេញ​ដោយផ្ទាល់​ពី​ស៊ីន​ជាំ​ង ទៅកាន់​សមាជិក​ទាំង ២៧ ប្រទេស​របស់​សហភាព​អឺរ៉ុប បាន​កើនឡើង ១៣៦,២% ស្មើនឹង​ទំហំ​ទឹកប្រាក់ ១៣៦,៧ លានដុល្លារ​ក្នុង​ខែ​សីហា ឆ្នាំ ២០២២ បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ការ​គណនា​ដោយ​ផ្អែក​លើ​ទិន្នន័យ​គយចិន។​

​ការនាំចេញ​ថ្ម លីចូម​អ៊ីយ៉ុង បាន​កើនឡើង ៦០០% ខណៈដែល​ការនាំចេញ​ផលិតផល​ផ្ទាំង​សូឡា បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ទិន្នន័យ​ជា​លើក​ដំបូង​រាប់​ចាប់ពី​ឆ្នាំ ២០១៧ មក។

​ការស៊ើបអង្កេត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​របាយការណ៍​សិក្សា​ជាច្រើន បាន​ភ្ជាប់​ថ្ម លីចូម​អ៊ីយ៉ុង និង​ផ្ទាំង​សូឡា ថាជា​ផលិតផល​ដែល​កើត​ចេញ​ពី​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់​ស៊ីនជាំង។ ស៊ីនជាំង ដែល​រដ្ឋអំណាច​ចិន​បាន​ជាប់​ចោទ​ពីបទ​ចាប់​ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ​យ៉ាងហោច ១ លាន​នាក់ និង​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ទៀត​ក្នុង​ជំរំ​លត់ដំ​ជាច្រើន​កន្លែង​នៅ​ស៊ីនជាំង។​

​ទីក្រុង​ប៉េកាំង តែង​បដិសេធ​ចំពោះ​ការចោទប្រកាន់ និង​ថា​ជំរំ​ទាំងនោះ គឺជា​មណ្ឌល​អប់រំ​បង្កើត​ឡើង​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ជនជាតិ​អ៊ុយហ្គួរ និង​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ជន​ជ្រុល​និយម​តែប៉ុណ្ណោះ។ ក្រសួង​ការបរទេស​ចិន បាន​លើក​ឡើង​ថា មិន​ដែល​មាន​សោះឡើយ​ការចាប់​បង្ខំ​មនុស្ស​ឱ្យធ្វើ​ការ​នៅ​ស៊ីនជាំង។​

​គួរ​ជ្រាបថា បែលហ្ស៊ិក គឺជា​អ្នកទិញ​ទំនិញ​ដ៏​ធំ​បំផុត​ពី​ស៊ីនជាំង ដោយ​ការ​នាំចូល បាន​កើន​ឡើង​ដល់ ៤១០,៣% ឬ​ស្មើនឹង ៣៤,៨ លាន​ដុល្លារ​។ បន្ទាប់​មក​គឺ​អាល្លឺម៉ង់ កើន​ឡើង ៦៨% ហូឡង់ កើន​ឡើង ១៦៣,៨ ភាគរយ អ៊ីតាលី កើនឡើង ៧១% ប៉ូឡូញ កើនឡើង ១២៤% និង​ប្រទេស​បារាំង​ដែល​ការនាំ​ចេញពី​ស៊ីនជាំង​បាន​កើនឡើង​យ៉ាងខ្លាំង​រហូតដល់​ទៅ ១ ០៣៣ ភាគរយ ស្មើនឹង ៦,៨ លានដុល្លារ​កាល​ពី​ខែមុន។​

​ទិន្នន័យ​កាលពី​ខែសីហា បង្ហាញថា​ក្រុមហ៊ុន​អឺរ៉ុប នៅតែ​បន្ត​ទិញ​ទំនិញ​ពី​ស៊ីនជាំង បើ​ទោះបី​ជា​គណៈកម្មការ​អឺរ៉ុប កំពុង​រៀបចំ​ច្បាប់​ហាមឃាត់​ការនាំ​ចូល​មក​ក្នុង​ទីផ្សារ​អឺរ៉ុប នូវ​ផលិតផល​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ក៏ដោយ៕