ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូ​ឡូ​ឌីមៀរ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃពុធ ទី ២៨ ខែកញ្ញា បាន​រំឭក​ឡើងវិញ​ថា លោក​នឹង​មិន​ចរចា​ជាមួយ​លោក វ្ល៉ា​ឌីមៀរ ពូ​ទីន ជាដាច់ខាត បើ​រុស្ស៊ី​កាត់​បញ្ចូល​ទឹកដី​របស់​អ៊ុយក្រែន​ជា​របស់​ខ្លួន ដោយ​ពឹងផ្អែក​លើ​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ ដែល​មិន​ស្របច្បាប់ ហើយ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយការ​ពារ និង​គាំទ្រ​អ៊ុយក្រែន។ នេះ​ជា​ការ​លើកឡើង​ពី​មេដឹកនាំ​អ៊ុយក្រែន ពេល​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) តាមរយៈ​វីដេអូ​ខន់​ហ្វឺ​រឹ​នស៍។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ការ​រួមចំណែក​ពី​ប្រទេស​សម្ព័ន្ធ​មិត្ត ក្នុង​សហគមន៍​អន្តរជាតិ​ដែល​ជួយ​ដល់​អ៊ុយក្រែន ទាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​យោធា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី និង​កងទ័ព​ឈ្លានពាន​របស់​ពួក​គេ ដែល​បាន​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយក្រែន​អស់​រយៈពេល​ជាង ៧ ខែ​ហើយ។

ការ​គាំទ្រ​ដល់​ការ​ធ្វើ​ប្រជាមតិ នៅ​តំបន់ Donetsk, Luhansk, Zaporizhia និង Kherson ដើម្បី​ទទួល​បាន​ឯករាជ្យ​ពី​អ៊ុយក្រែន និង​ត្រួសត្រាយ​ផ្លូវ ឱ្យ​មាន​សមាហរណកម្ម​ជាមួយ​រុស្ស៊ី។ រឿង​នេះ​បាន​កើតឡើង​ដូចគ្នា​ទៅ​នឹង​ករណី នៅ​តំបន់​គ្រី​មា (Crimea) ក្នុង​ឆ្នាំ ២០១៤។

លោ​កហ្សេ​លេន​ស្គី ក៏បាន​ទាំង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​អនុវត្ត​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ដើម្បី​ឱ្យ​រុស្ស៊ី​ឯកោ​ទាំងស្រុង​តែម្ដង ខណៈ​ដែល​រដ្ឋាភិបាល​ជាច្រើន បាន​ថ្កោលទោស ចំពោះ​ទង្វើ​នេះ និង​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ទទួលយក​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ និង​ការ​បញ្ចូល​ទឹកដី ដែល​រំលោភ​លើ​អធិបតេយ្យ​ភាព​នៃ​រដ្ឋ​ណាមួយ។

គេ​រំពឹង​ថា រុស្ស៊ីនឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បញ្ចូល​ទឹកដី​ទាំង ៤ នេះ នៅ​ថ្ងៃទី ៣០ ខែកញ្ញា ក្រោយ​ការ​ធ្វើ​ប្រជាមតិ​នេះ​៕

វីដេអូ៖