កាលពីដើម​សប្ដាហ៍ ទីភ្នាក់ងារ​ថាមពល​ដា​ណឺ​ម៉ាក​បាន​រាយការណ៍​ពី​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ហ្គាស Nord Stream 1 និង Nord Stream 2 ចំនួន ៣ កន្លែង នៅក្បែរ​កោះ Bornholm របស់​ដា​ណឺ​ម៉ាក ក្នុង​សមុទ្រ​បាល់​ទិ​ក​។ ការ​លេច​ធ្លាយ​នេះ បង្កើតឱ្យមាន​ពពុះ​ហ្គាស​ចេញពី​ក្នុង​បំពង់ ផុល​ឡើង​មកលើ​ផ្ទៃ​ទឹក ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​ផ្នែក​បរិស្ថាន​ផ្សេងៗ ចំពេល​មាន​វិបត្តិ​ថាមពល​រវាង​អឺរ៉ុប និង​រុស្ស៊ី​។

​អ្នកជំនាញ​ផ្នែក​រញ្ជួយ​ដី​ស៊ុយអែត​បាន​អះអាងថា ការ​លេច​ធ្លាយ​បង្ក​មកពី​ការផ្ទុះ​ក្បែរ​នោះ មិនមែន​មកពី​ការរញ្ជួយ​ដី ឬ​រអិល​បាក់​ដី​ក្រោយ​បាតសមុទ្រ​នោះទេ​។ ក្រុម​អ្នកជំនាញ​ផ្សេងទៀត បាន​បន្ថែមថា​គេ​អាច​ចំណាយពេល​ច្រើន​ខែ​ដើម្បី​វាយតម្លៃ និង​ជួសជុល​ការខូចខាត​លើ​បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​ ​២ ដែល​បាន​ក្លាយជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​របស់​បស្ចិមប្រទេស និង​ទីក្រុង​ម៉ូស្គូ ជុំវិញ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​។​

​ទោះយ៉ាងណា​ក៏ដោយ ការ​លេច​ធ្លាយ​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ ត្រូវបាន​គេ​ហៅថា​ជាការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​មួយ ជាពិសេស​ការចោទប្រកាន់​ដែល​ចង្អុលបង្ហាញ​ទៅលើ​ភាគី​ផ្សេងៗ ដោយ​ផ្អែកលើ​ការវិភាគ​រៀងៗ​ខ្លួន ទាំង​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់ ខណៈ​ការស៊ើបអង្កេត​ស្តីពី​ការ​លេច​ធ្លាយ​កំពុង​បន្ត​។

​ស្រប​ពេលដែល​រដ្ឋាភិបាល​អឺរ៉ុប​មួយចំនួន ចោទប្រកាន់​លើ​រុស្ស៊ី មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​អះអាងថា លទ្ធភាព​ផ្សេងទៀត ដែល​ពន្យល់​ពីអ្វី​ដែល​បានកើត​ឡើង ក៏​អាចមាន​ផងដែរ​។ ប៉ុន្តែ តើន​រណា​អាចជា​អ្នក​នៅ​ពី​ក្រោយខ្នង​រឿងនេះ​?

១. ការចង្អុល​ដាក់​រុស្ស៊ី

​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ប្រតិបត្តិ​ការឈ្លានពាន​របស់​រុស្ស៊ី ត្រូវបាន​អ្នកវិភាគ​ចង្អុលបង្ហាញ​ពី​ភាពចុះ​ខ្សោយ និង​ការ​ឆ្ពោះទៅរក​ការ​ចាញ់​អ៊ុយ​ក្រែ​ន​។ ក្រៅពី​ការរត់​បាក់ទ័ព ការ​កេណ្ឌ​ទ័ព ការ​គំរាម​អាវុធ​នុយក្លេអ៊ែរ និង​ការធ្វើប្រជាមតិ​កាត់​ទឹកដី​អ៊ុយ​ក្រែ​ន ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​បង្កើន​ភាព​តានតឹង​នៃ​សង្គ្រាម ហើយ​រង​នូវ​ការ​ថ្កោលទោស​ពី​បស្ចិម​លោក រួមទាំង​អឺរ៉ុប ដែលជា​អតិថិជន​ហ្គាស​របស់​រុស្ស៊ី​។

​ការ​លេច​ធ្លាយ​នៃ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ទាំង ​២ កើតឡើង​ចំពេល​ដែល​ភាព​តានតឹង​ទាំងនេះ កើនឡើង​កាន់តែខ្លាំង និង​ស្រប​ពេលដែល​សហភាព​អឺរ៉ុប ព្រួយបារម្ភ​ពី​កង្វះខាត​ឧស្ម័ន​ប្រើប្រាស់​នៅក្នុង​រដូវរងា​ខាងមុខ ខណៈ​មានការ​ចោទប្រកាន់ថា រុស្ស៊ី​យក​ការផ្គត់ផ្គង់​ថាមពល​ធ្វើជា​អាវុធ ដើម្បី​សងសឹក​ប្លុក​ដែល​ដាក់ទណ្ឌកម្ម​លើ​ខ្លួន ជាពិសេស​ជុំវិញ​ការផ្អាក​ការផ្គត់ផ្គង់​ហ្គាស​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 ទាំងស្រុង​។​

​ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា ហាក់ដូចជា​មូលហេតុ​ដែល​ទំនង​បំផុត​នៃ​ការ​លេច​ធ្លាយ ដែល​ក្រុមមន្ត្រីៗ​ពី​លោកខាងលិច រួមទាំង​សហភាព​អឺរ៉ុប បាន​យល់ស្រប​ព្រមៗ​គ្នា​។ ទាំង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក អង់​តូ​នី ប្ល៊ី​ង​កែន និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី អួរ​ស៊ូ​ឡា វ៉ុ​ន​ឌែ​រ ឡេ​យែ​ន និង​អង្គការ​អូតង់ សុទ្ធតែ​ហៅ​ការ​លេច​ធ្លាយ​ថា​ជាការ​បំផ្លិចបំផ្លាញ ខណៈ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក លោកស្រី Mette Frederiksen ហៅ​វា​បន្ថែមថា​ជា​សកម្មភាព​ដោយ​ចេតនា​។

​លើសពីនេះ នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក ម៉ា​តេ​អ៊ូ​ស ម៉ូ​រ៉ា​វីត​ស្គី (Mateusz Morawiecki) បាន​អះអាងថា ការ​លេច​ធ្លាយ​នេះ​ប្រហែលជា​ជំហាន​បន្ទាប់ នៃ​ការបង្កើន​ភាព​តានតឹង​ចំពោះ​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​។ ទោះបីជា​យ៉ាងនេះ ក៏ដោយ ក៏​លោក Konrad Helmut Arz von Straussenburg ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ថ្លែងប្រាប់​សារព័ត៌មាន DW ថា វា​មិន​ត្រឹមត្រូវ​ទេ ក្នុងការ​សន្និដ្ឋាន​ភ្លាមៗ​នាពេលនេះ ដោយ​ត្រូវការ​គណនា​ឱ្យ​សម​ហេតុផល​។

​ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ លោក Marcin Przydacz លើកឡើងថា​៖ «​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ ដែល​ដៃគូ​ភាគ​ខាងកើត​(​រុស្ស៊ី​)​របស់​យើង បន្តដំណើរ​នយោបាយ​ឈ្លានពាន​។ ប្រសិនបើ​រុស្ស៊ី​មាន​សមត្ថភាព​ក្នុងការ​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​ដោយ​យោធា នោះ​វា​ច្បាស់​ណាស់​ថា​សកម្មភាព​បង្ករឿង​នៅ​អឺរ៉ុប​ខាងលិច ក៏​មិនអាច​ច្រានចោល​បានដែរ​»​។​

​ជាមួយគ្នានេះ អ្នកវិភាគ​ផ្សេងៗ​ទៀត ក៏​ទម្លាក់កំហុស​ទៅលើ​រុស្ស៊ី​ផងដែរ ដោយ​លើក​ហេតុផល​ថា បើ​មើល​មួយ​ភ្លែត​ទៅ វា​ហាក់ដូចជា​រុស្ស៊ី​អាច​នឹង​សុខចិត្ត​កម្ទេច​ទ្រព្យសម្បត្តិ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់ខ្លួន ដើម្បី​ធ្វើឱ្យ​អឺរ៉ុប​ភ័យខ្លាច និង​មាន​ភាពចលាចល ដែល​ជំរុញ​ឱ្យ​តម្លៃ​ហ្គាស​កើនឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែម​ស៍ ដកស្រង់​សម្ដី​អ្នកវិភាគ​ដែល​អះអាងថា ពួកគេ​មិន​ច្បាស់​ថា​រុស្ស៊ី នឹងត្រូវ​បាត់បង់​អ្វី​នោះទេ នៅពេលដែល​បំពង់​បង្ហូរ Nord Stream ទាំង​ ២ ក៏​មិន​ដំណើរការ (​ប៉ុន្តែ​មាន​ផ្ទុក​ហ្គាស​)​។

​ការ​លេច​ធ្លាយ​នេះ មិនមាន​ឥទ្ធិពល​ភ្លាមៗ​ទៅលើ​ការផ្គត់ផ្គង់​ថាមពល​របស់​អឺរ៉ុប​ទេ រួមទាំង​អាល្លឺម៉ង់ ដែល​អះអាង​បែបនេះ​ផ្ទាល់​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អឺរ៉ុប​បាន​កាត់បន្ថយ​ការប្រើប្រាស់​ហ្គាស​របស់ខ្លួន និង​រកឃើញ​អ្នកផ្គត់ផ្គង់​ជំនួស​រុស្ស៊ី ថែមទាំង​បង្កើត​ភាគហ៊ុន​របស់ខ្លួន ទោះបីជា​ហ្គាស​ស្ថិតក្នុង​តម្លៃ​ដ៏​ខ្ពស់​ក៏ដោយ​។​

​អំឡុង​ពេលនេះ អាជ្ញាធរ​ដា​ណឺ​ម៉ា​កបាន​អះអាងថា ពួកគេ​កំពុងធ្វើការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ដើម្បី​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​លេច​ធ្លាយ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ការចង្អុល​ដាក់​រុស្ស៊ី​ពី​ប្លុក​លោកខាងលិច ក៏​មិន​ត្រូវបាន​ធ្វើឡើង​ដោយ​ចំៗ ពោលគឺ​មិនសូវ​ជាមាន​ការចោទប្រកាន់​ណាមួយ​ដោយ​ត្រង់ ដាក់​ក្រុង​ម៉ូស្គូ មិន​ថា​សហរដ្ឋអាមេរិក ឬ​ប្លុក​អឺរ៉ុប ជាពិសេស​ពី​សំណាក់​មន្ត្រីៗ​ជាន់ខ្ពស់ លើកលែងតែ​ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​។

​មិន​ថា​យ៉ាងណាក៏ដោយ រុស្ស៊ី​នៅតែ​បដិសេធថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លេច​ធ្លាយ​នោះទេ ថែមទាំង​សុំឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់​លើ​ករណីនេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌ្មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា រដ្ឋ​ដែល​គាំទ្រ​ភេរវកម្ម​នៅ​ពីក្រោយ​ការ​លេច​ធ្លាយ​នេះ​។

​បើទោះបីជា​រុស្ស៊ី មិនបាន​ចោទប្រកាន់​នរណាម្នាក់​ជា​ផ្លូវការ​ក្ដី ប៉ុន្តែ​កត់សម្គាល់ថា សហរដ្ឋអាមេរិក​ឈរ​ចាំ​ទទួលផល​ប្រយោជន៍ ក្នុង​សង្គ្រាមពាក្យសម្តី​ជាមួយ​លោកខាងលិច ថា​តើន​រណា​ជា​អ្នកទទួលខុសត្រូវ​។ បន្ថែម​ពីនេះ វិមាន​ក្រឹម​ឡាំង​និយាយថា វា​ជាការ​ឆោតល្ងង់ និង​មិន​សម​ហេតុផល ក្នុងការ​សង្ស័យថា រុស្ស៊ី​នៅ​ពីក្រោយ​ការ​លេច​ធ្លាយ ហើយ​ព្រោះ​វា​ជាការ​ខាតបង់​របស់​រុស្ស៊ី នៅពេល​ហ្គាស​ធ្លាយ​ចេញទៅ​។

២. ការចង្អុល​ដាក់​អាមេរិក

​នៅពេលដែល​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ហ្គាស Nord Stream ទាំង ​២ លេចឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង និង​ក្រៅ​ស្រុក​រុស្ស៊ី ដែលមាន​ទំនោរ​គាំទ្រ​វិមាន​ក្រឹម​ឡាំង បាន​ផ្សព្វផ្សាយ​ឡើងវិញ​នូវ​ខ្សែ​វីដេអូ​ខ្លី​មួយ ដែលជា​ការអះអាង​រប​ស់​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន កាលពីដើម​ខែកុម្ភៈ​។ កាលនោះ​លោក បៃ​ដិ​ន ថ្លែង​ចំពោះមុខ​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា ប្រសិនបើ​រុស្ស៊ី​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន «​នោះ​នឹង​គ្មាន​បំពង់​បង្ហូរ​ហ្គាស Nord Stream 2 ទៀត​ទេ យើង​នឹង​បញ្ចប់​វា​»​។

​ប៉ុន្តែ​មន្ត្រី​សហរដ្ឋអាមេរិក អះអាងថា លោក បៃ​ដិ​ន ចង់​សំដៅលើ​សកម្មភាព​ការទូត និង​សេដ្ឋកិច្ច ហើយ​កត់សម្គាល់ថា វា​បាន​កើតឡើង​ដូច​លោក បៃ​ដិ​ន បាន​ថ្លែង​រួចទៅហើយ នៅពេល​អាល្លឺម៉ង់​បញ្ឈប់​គម្រោង​ដ៏​ចម្រូងចម្រាស​នេះ នៅពេល​រុស្ស៊ី​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

​យ៉ាងណាមិញ ការចង្អុល​ដាក់​សហរដ្ឋអាមេរិក មិន​បញ្ចប់​ត្រឹមនេះ​នោះទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយប្រាប់​សារព័ត៌មាន​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​អាច​ជំរុញ​ការលក់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់ខ្លួន ប្រសិនបើ​បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​ ២ មិនអាច​ដំណើរការបាន​។

លោកស្រី​ក៏​លើកឡើង​ផងដែរ​ថា ការ​លេច​ធ្លាយ​នេះ កើតឡើង​នៅក្នុង​ទឹកដី​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ប៉ុន្តែ​មិនបាន​ផ្ដល់​ភ័ស្តុតាង​ណាមួយ​នោះទេ​។

​ទោះបី​យ៉ាងនេះ​ក្ដី សេត​វិមាន​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​រុស្ស៊ី ដែលថា​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ការខូចខាត​បំពង់​បង្ហូរ Nord Stream ខណៈ​ទូរទស្សន៍ CNN របស់​សហរដ្ឋអាមេរិក បាន​ដកស្រង់​ប្រភព​ចំនួន​៣ ដែលថា មន្ត្រី​សន្តិសុខ​អឺរ៉ុប​បាន​សង្កេតឃើញ​នាវា​គាំទ្រ​កងទ័ពជើងទឹក​រុស្ស៊ី និង​នាវាមុជទឹក​មិន​ឆ្ងាយ​ពី​កន្លែង​លេច​ធ្លាយ​ទេ​។

លោកស្រី Adrienne Watson អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមានបាន​អះអាងថា​៖ «​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា រុស្ស៊ី​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​កំពុង​ធ្វើ​វា​ម្តង​ទៀតហើយ​នៅពេលនេះ​»​។​

​ជុំវិញ​ករណីនេះ លោកស្រី Anna Mikulska អ្នកជំនាញ​ផ្នែក​ថាមពល​នៅ​សាកលវិទ្យាល័យ Rice សហរដ្ឋអាមេរិក បាន​និយាយប្រាប់ DW ថា ការ​លេច​ធ្លាយ​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែ​វា​ហាក់បីដូចជា​គ្មាន​នរណាម្នាក់​នឹង​ទទួលបាន​ផលប្រយោជន៍​នោះទេ ព្រោះថា​បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​២ ក៏​ផ្គត់ផ្គង់​ហ្គាស​ទៅ​អឺរ៉ុប​ដែរ​នាពេលនេះ ខណៈដែល​ផលប៉ះពាល់​ដល់​បរិស្ថាន​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​។​

​មិន​ថា​នរណា​ជា​អ្នកធ្វើ​នោះទេ មន្ត្រី​សហភាព​អឺរ៉ុប​អះអាងថា មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​ការខូចខាត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រាក ដោយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​នៅក្នុង​សហភាព​អឺរ៉ុប​ទាំងមូល​ត្រូវតែ​ការពារ​។

កាលពី​ថ្ងៃ​ពុធ ប្លុក​ដដែល​បាន​ព្រមាន​អំពី​ការឆ្លើយតប​ដ៏​ខ្លាំង ដោយមាន​ការរួបរួម​គ្នា ប្រសិនបើ​មានការ​វាយប្រហារ​បន្ថែ​ម​ទៀត ប៉ុន្តែ​មិនបាន​ចង្អុល​ដាក់​នរណា រួមទាំង​រុស្ស៊ី ដែល​ខ្លួន​ត្រៀម​បន្ថែម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កញ្ចប់​ទី​៨ ​នោះទេ​៕​