មន្ត្រី​អាមេរិកកំពុង​ជួប​បញ្ហា​កាន់តែខ្លាំង​ឡើង ចំពោះ​សំណើ​របស់​អង់គ្លេស​ក្នុងការ​កាត់​ពន្ធ អំឡុង​ពេលដែល​ប្រទេស​នេះ ទប់ស្កាត់​អត្រា​អតិផរណា​។ ផែនការ​របស់​អង់គ្លេស បាន​បញ្ឆេះ​ភាពចលាចល​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។

​ផែនការ​កាត់​ពន្ធ​រប​ស់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី លី​ហ្ស ទ្រូ​ស្ស (Liz Truss) បាន​ទាក់ទាញ​ការរិះគន់​ពី​អ្នកសេដ្ឋកិច្ច និង​អ្នកវិនិយោគ ហើយ​បាន​ជំ​រុញឱ្យ​ធនាគារ​អង់គ្លេស ចេញ​វិធានការ​ទប់​ទីផ្សារ​ដែល​មិនមាន​លំនឹង​តាមរយៈ​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា​។

​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក បៃ​ដិ​ន ដែល​រួមមាន​ទាំង​នាយកដ្ឋាន​រតនាគារជាតិ បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ផែនការ​កាត់​បន្ថយពន្ធ​របស់​អង់គ្លេស​។ នេះ​បើតាម​មន្ត្រីរដ្ឋបាល​អាមេរិក​ម្នាក់ ដែល​តាមដាន​រឿង​ខាងលើនេះ ប្រាប់​សារព័ត៌មាន​អាមេរិក CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៩ ខែកញ្ញា​។ ហានិភ័យ​សម្រាប់​សហរ​ដ្ឋ​អាមេរិក គឺថា​បញ្ហា​ណាមួយ​ដែល​កើតឡើង​នៅ​ម្ខាង​ទៀត​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក អាច​រីក​រាលដាល​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក និង​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោកស្រី Gina Raimondo បាន​រិះគន់​ផែនការ​របស់​នាយករ​ដ្ឋ​មន្ត្រី​អង់គ្លេស កាលពី​ថ្ងៃ​ពុធ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​រូបនេះ បានចង្អុលបង្ហាញ​ថា ប្រាក់​ផោន​របស់​អង់គ្លេស​បាន "​ធ្លាក់ចុះ​" ចាប់តាំងពី​សំណើ​នេះ​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​។

​លោកស្រី Raimondo បាន​លើកឡើងថា​៖ "​គោលនយោបាយ​នៃ​ការ​កាត់​ពន្ធ និង​ការបង្កើន​ចំណាយ​ក្នុងពេល​ដំណាលគ្នា មិនមែនជា​អ្វីដែល​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា​ក្នុង​រយៈពេល​ខ្លី ឬ​ធ្វើឱ្យមាន​ស្ថាន​ភាពល្អ សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​នោះទេ​"​។

​លោកស្រី Raimondo បាន​ព្យាយាម​លើកយក​វិធីសាស្ត្រ​ផ្ទុយគ្នា​ពី​អង់គ្លេស ដោយ​លើកឡើង​ពី​វិធីសាស្ត្រ​មួយ ក្រោម​ការគ្រប់គ្រង​រប​ស់​រដ្ឋបាល​លោក​បៃ​ដិ​ន​។ “​យើង​កំពុង​បន្ត​យុទ្ធសាស្ត្រ​ផ្សេង​… យើង​ចាត់ទុក​បញ្ហា​អតិ​ផរ ណា​ជា​បញ្ហា​មិនអាច​មើលស្រាល​បាន ដោយ​អនុញ្ញាតឱ្យ​ធនាគារកណ្តាល​អាមេរិក​ធ្វើ​ការងារ​របស់ខ្លួន តាមដាន​ឱនភាព​ចំណាយ​”​។ លោកស្រី​បន្តថា “​វិនិយោគិន អ្នកជំនួញ​ចង់ឃើញ​មេដឹកនាំ​ពិភពលោក​ចាត់​វិធាន​ចំពោះ​បញ្ហា​អតិផរណា​យ៉ាងខ្លាំង​”​។

​មន្ត្រី​នៃ​រដ្ឋបាល​លោក បៃ​ដិ​ន បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​អំពី​ផែនការ​របស់​អង់គ្លេស​តាមរយៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​IMF​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bloomberg ដែល​រាយការណ៍​ពី​ក្តីបារម្ភ​របស់​មន្ត្រី​អាមេរិក​ចំពោះ​រឿងនេះ​។

​សហរដ្ឋអាមេរិក​គឺជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៅក្នុង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF ដែល​បានបង្ហាញ​ការរិះគន់​ដ៏​កម្រ​ចំពោះ​ផែនការ​អង់គ្លេស​ក្នុង​សប្តាហ៍​នេះ​។ អាមេរិក​តាមរយៈ IMF ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​របស់​ប្រទេស​អង់គ្លេស "​វាយតម្លៃ​ឡើងវិញ​" នូវ​ការ​កាត់​ពន្ធ​។

​លោកស្រី​ទ្រូ​ស្ស បានការ​ពារ​ផែនការ​ពន្ធ​របស់លោក​ស្រី ដោយ​ប្រាប់​សារព័ត៌មាន CNN កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​របស់លោក​ស្រី​កំពុង​ជំរុញ​អាជីវកម្ម​ឱ្យ​វិនិយោគ និង​ជួយ​ប្រជាជន​សាមញ្ញ​តាមរយៈ​អត្រាពន្ធ​របស់​ពួកគេ​។

​មន្ត្រី​អាមេរិក​មួយចំនួន​បានបង្ហាញ​ការប្រុងប្រយ័ត្ន​របស់​ពួកគេ ដោយ​មិន​ហ៊ាន​រិះគន់​ចំ​ទៅ​សម​ភាគី​អង់គ្លេស​ទេ​។ រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពី​ថ្ងៃ​អង្គារ ទី​ ២៧ ខែកញ្ញា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់​លើ​ផែនការ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​នោះទេ​៕