
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ រូបថត AFP
បណ្តាប្រទេសអូតង់ និងសម្ព័ន្ធមិត្តជាច្រើនទៀតរបស់អ៊ុយក្រែន បានប្រញាប់ប្រញាល់ថ្កោលទោសចំពោះការប្រកាសរបស់រុស្ស៊ី បញ្ចូលតំបន់ចំនួន ៤ របស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ីដោយខុសច្បាប់។ មិនបង្អង់យូរឡើយ ប្រទេសមួយចំនួនមានជាអាទិ៍ អាមេរិក និងអង់គ្លេស ថែមទាំងបានឆ្លើយតបទៅកាន់ទីក្រុងមូស្គូ ដោយការវាយបកវិញជាមួយនឹងវិធានការដាក់ទណ្ឌកម្មថ្មីៗជាច្រើន។
ការថ្កោលទោសរុស្ស៊ី ធ្លាក់មកជុំទិស ចំពោះការប្រកាសបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ រួមមាន តំបន់ដូណេតស៍ លូហ្កង់ស្ក៍ ហ្សាប៉ូរីចា និងតំបន់ឃឺរសិន។ តំបន់ទាំង ៤ នេះ ត្រូវបានប្រកាសបញ្ចូលជាទឹកដីរបស់រុស្ស៊ីជាផ្លូវការដោយលោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសុក្រ ទី ៣០ កញ្ញា ឆ្នាំ ២០២២។
កាលពីថ្ងៃសុក្រ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន កំពុងថ្លែងសុន្ទរកថាក្នុងទីក្រុងមូស្គូ សមាជិកទាំង ២៧ ប្រទេសរបស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមថា៖ «យើងមិន និងនឹងមិនទទួលស្គាល់ឡើយ នូវការធ្វើប្រជាមតិខុសច្បាប់ ដែលរុស្ស៊ីបានបង្កើតដើម្បីជាលេសសម្រាប់រំលោភបំពានបន្ថែមទៀតលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការអូតង់ លោក យែន ស្តុលទែនប៊ែរ បាននិយាយថា វាគឺជាការទន្ទ្រានយកដីមិនត្រឹមត្រូវ និងខុសច្បាប់។ «នេះ គឺជាការប៉ុនប៉ងដ៏ធំបំផុត ក្នុងការបញ្ចូលយកទឹកដីអឺរ៉ុបដោយកម្លាំង ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក»។
ពីខាងក្រៅអឺរ៉ុប នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា ទីក្រុងតូក្យូថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការកាត់បញ្ចូលយកតំបន់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី។ មិនខុសគ្នានេះដែរ ថ្នាក់ដឹកនាំមកពីអង្គការកិច្ចសហប្រតិបត្តិការសន្តិសុខនៅអឺរ៉ុប (OSCE) ដែលជាអង្គការសន្តិសុខអន្តររដ្ឋាភិបាលនៃរដ្ឋចំនួន ៥៧ រួមទាំងប្រទេសរុស្ស៊ីផងដែរនោះ ក៏បានថ្កោលទោស ចំពោះការបញ្ចូលយកទឹកដីអ៊ុយក្រែនដោយខុសច្បាប់នេះដែរ។
ទណ្ឌកម្មបន្ថែមទៀតនឹងត្រូវដាក់លើរុស្ស៊ី
ក្រៅតែពីចេញសេចក្តីថ្លែងការណ៍រួម មិនទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែន ពីសំណាក់រុស្ស៊ី សហភាពអឺរ៉ុប ក៏បានត្រៀមដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីផងដែរ។ វិធានការដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុប អាចរួមមានតាំងពី ការហាមឃាត់ការនាំចូលបន្ថែមទៀតលើផលិតផលរបស់រុស្ស៊ី ការហាមឃាត់ការនាំចេញលើបច្ចេកវិទ្យាសំខាន់ៗដែលប្រើប្រាស់សម្រាប់យោធា មូលដ្ឋានច្បាប់សម្រាប់តម្លៃប្រេង និងការហាមឃាត់ពលរដ្ឋអឺរ៉ុប មិនឱ្យពាក់ព័ន្ធជាមួយនឹងស្ថាប័នណាដែលគ្រប់គ្រងរបស់ក្រុមហ៊ុនរដ្ឋរុស្ស៊ី។
ចំណែក សហរដ្ឋអាមេរិកវិញ បានប្រកាសដាក់ទណ្ឌកម្មភ្លាមភ្លែតលើរុស្ស៊ីកាលពីថ្ងៃសុក្រ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និយាយថា ដោយរួមពួតដៃគ្នាជាមួយសម្ព័ន្ធមិត្ត ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពណា ដែលគាំទ្រការប៉ុនប៉ងខុសច្បាប់ក្នុងការគូសវាសព្រំដែនរបស់អ៊ុយក្រែនឡើងវិញ។
ទន្ទឹមគ្នានេះ អង់គ្លេស ក៏បានបង្ហាញពីវិធានការប្រឆាំងតបនឹងរុស្ស៊ីដែរ។ លោកស្រីនាយករដ្ឋមន្ត្រី លីហ្ស ទ្រូស្ស (Liz Truss) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរ នៅព្រឹកថ្ងៃសុក្រថា ទីក្រុងឡុងដ៍ នឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការបន្ថែមទៀត រួមទាំងការដាក់ទណ្ឌកម្មថ្មី ដើម្បីបំផ្លាញម៉ាស៊ីនសង្គ្រាមរបស់លោក ពូទីន។
ទណ្ឌកម្មរបស់អង់គ្លេស នឹងធ្វើឱ្យមូស្គូ បាត់បង់សិទ្ធិប្រើប្រាស់សេវាកម្មដូចជា ទីប្រឹក្សាព័ត៌មានវិទ្យា ស្ថាបត្យកម្ម និងវិស្វកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យបរទេសនៃចក្រភពអង់គ្លេស។ សេចក្តីថ្លែងការណ៍ដដែល បានបន្តថា៖ «ទីក្រុងឡុងដ៍ នឹងហាមឃាត់ការនាំចេញទំនិញរាប់រយមុខដែលមានសារៈសំខាន់ចំពោះសមត្ថភាពឧស្សាហកម្ម និងបច្ចេកវិទ្យារបស់រុស្ស៊ី»៕