បើតាមកងទ័ពកូរ៉េខាងត្បូង កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ២ គ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃសៅរ៍ ដើមខែតុលា ឆ្នាំ ២០២២ នេះ។ ជាការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងលើកទី ៤ ហើយក្នុងសប្តាហ៍នេះ ស្របពេលដែលកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានធ្វើសមយុទ្ធយោធាត្រីភាគី ដោយប្រើនាវាមុជទឹកបាតសមុទ្រ។
កូរ៉េខាងជើង បន្តផ្គើនបាញ់គ្រាប់មីស៊ីលបាលីស្ទីក ចំនួន ២ គ្រាប់បន្ថែមទៀត ក្នុងគម្លាតពីគ្នាប្រមាណ ១៨ នាទីម្តង ចេញពីតំបន់ស៊ូណាន់នៃប្រទេស បង្ហោះចូលទៅច្រកសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ បើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ មីស៊ីលប៉ាលីស្ទីករបស់កូរ៉េខាងជើងនោះ ជាប្រភេទចម្ងាយខ្លី ដែលបាញ់បង្ហោះក្នុងកម្ពស់ប្រមាណ ៣០-៥០ គីឡូម៉ែត្រ និងចម្ងាយប្រមាណ ៣៥០-៤០០ គីឡូម៉ែត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍ អគ្គបញ្ជាការកងទ័ពកូរ៉េខាងត្បូងបានចាត់ទុកការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះថា «ជាការបង្ករឿងហេតុធ្ងន់ធ្ងរ» បំផ្លាញសន្តិភាព និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ និងក្នុងសហគមន៍អន្តរជាតិ។ កងទ័ពកូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបាញ់មីស៊ីលជាបន្តបន្ទាប់នេះ។
ចំណែកជប៉ុនវិញ ក្រៅតែពីលើកឡើងថា មានឃើញវត្តមានគ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងនៅតំបន់សមុទ្រជប៉ុនហើយនោះ ក៏បានបញ្ជាក់ទៀតថា មីស៊ីលនោះមិនបានប្លោងចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនឡើយ។ លោក តូស្ហ៊ីរ៉ូ អ៊ីណូ (Toshiro Ino) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ប៉ាន់ប្រមាណថា មីស៊ីលទាំងនោះហាក់ដូចជាហោះផ្លោងចូលគន្លងមិនទៀងទាត់សោះ។ ផ្លោងចូលគន្លងមិនទៀងទាត់ បើតាមអ្នកជំនាញគឺពិបាកក្នុងការតាមដាន និងស្ទាក់ចាប់។
ការបាញ់មីស៊ីល ២ គ្រាប់របស់កូរ៉េខាងជើងនៅចុងសប្តាហ៍នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធត្រីភាគី ដោយប្រើនាវាមុជទឹកជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ នៅសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ នៅដើមសប្តាហ៍នេះដែរ កងទ័ពកូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នា អមដោយក្បួននាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan។
គួរជម្រាបថា កម្តៅនៃទំនាស់នៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។ កូរ៉េខាងជើង បានប្រកាសបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយដែលបានផ្អាកតាំងពីឆ្នាំ ២០១៧ របស់ខ្លួនវិញ។ ទោះមានការថ្កោលទោសពីសហគមន៍អន្តរជាតិក្តី កូរ៉េខាងជើង បានប្រកាសមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរដាច់ខាត ហើយបើតាមការសង្ស័យរបស់អាមេរិក កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងគ្រាប់បែបបរមាណូថ្មី ក្នុងពេលឆាប់ៗនេះទៀតផង៕