តុលាការ​ធម្មនុញ្ញ​ថៃ​នៅ​ថ្ងៃ​សុក្រ ទី​ ៣០ ខែកញ្ញា​ម្សិលមិញ​បាន​ប្រកាស​ថា លោក ប្រាយុទ្ធ ចាន់អូចា អាច​បន្ត​តំណែង​ជា​នាយករដ្ឋមន្ដ្រី​បន្តទៀត​បាន​។ សមាជិក​តុលាការ​ធម្មនុញ្ញ​ថៃ​ចំនួន​ ៩​ នាក់​បាន​បោះឆ្នោត​ក្នុង​សំឡេង ៦ ​ទល់នឹង​ ៣ សម្រេច​ថា ការបន្ត​តំណែង​ជា​នាយករដ្ឋមន្ដ្រី​របស់​លោក ប្រាយុទ្ធ មិន​បំពាន​ទៅលើ​មាត្រា​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​កំណត់​អាណត្តិ​នាយករដ្ឋមន្ដ្រី​ត្រឹម​ ២ ​អាណត្តិ ឬ​ស្មើនឹង​រយៈពេល​ ៨ ​ឆ្នាំ​នោះឡើយ​។

ការប្រកាស​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ដូច្នេះ ធ្វើឡើង​ជាង​មួយខែ បន្ទាប់ពី​លោក​ ប្រាយុទ្ធ ​ត្រូវ​ព្យួរ​តំណែង​ជា​បណ្ដោះអាសន្ន តាម​បណ្ដឹង​របស់​ក្រុម​សមាជិក​សភា​បក្សប្រឆាំង​។ ជា​បណ្ដឹង​ដែល​ចោទប្រកាន់​លោក​ ប្រាយុទ្ធ ​ថា រំលោភ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ២០១៧ ដោយ​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី​លើស​រយៈពេល ៨ ​ឆ្នាំ បើ​រាប់​ពី​ពេល​លោក​ក្លាយ​ជា​នាយករដ្ឋមន្ដ្រី ក្រោយ​ធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​ ២០១៤​។

លោក ប្រាយុទ្ធ ចាន់អូចា ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី​នៅ​ខែកញ្ញា ឆ្នាំ​ ២០១៤ ក្រោយ​ពេលធ្វើ​រដ្ឋប្រហារ​យោធា ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់លោកស្រី យីងឡាក់​។ លោក​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០១៩ និង​បាន​បន្ត​តំណែង​ជា​នាយករដ្ឋមន្ដ្រី​រហូត​មកទល់​ខែកញ្ញា ឆ្នាំ​ ២០២២ នៅពេល​ដែល​តុលាការ​ធម្មនុញ្ញ​ថៃ​សម្រេច​ព្យួរ​តំណែង​លោក​ជា​បណ្ដោះអាសន្ន​តាម​បណ្ដឹង​របស់​សមាជិក​សភា​បក្សប្រឆាំង​។

សម្រាប់​អ្នកគាំទ្រ​លោក ប្រាយុទ្ធ ចាន់អូចា ការ​កាន់តំណែង​ផ្លូវការ​ជា​នាយករដ្ឋមន្ដ្រី​របស់​លោក ត្រូវ​រាប់​ចាប់ពី​ពេល​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន​នៅក្នុង​ខែមេសា ឆ្នាំ ​២០១៧​។ នេះ​មានន័យថា លោក ប្រាយុទ្ធ ចាន់អូចា អាច​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី​បន្តទៀត​បាន​រហូតដល់​ឆ្នាំ​ ២០២៥ ប្រសិនបើ​លោក​ឈ្នះ​ការបោះឆ្នោត​ជាតិ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​ ០៧ ខែឧសភា ឆ្នាំ ២០២៣​។

បើទោះបី​ជា​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​សម្រេច​ដូច្នេះ​ក៏ដោយ ក៏​គេ​មិនទាន់​អាច​ធានា​បាន​ទាំងស្រុង​ថា លោក​នឹង​អាច​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​បាន​នោះទេ ព្រោះ​សព្វថ្ងៃនេះ ប្រជាប្រិយភាព​របស់​លោក​ធ្លាក់ចុះ​យ៉ាង​គំហុក ក្រោម​ការរិះគន់​ជុំ​ទិស​អំពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ​ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ថៃ និយាយ​ដោយ​ឡែក និង​ពិភពលោក​ទាំងមូល និយាយ​ជា​រួម រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺឆ្លង​សកល​កូវីដ​ ១៩ ​នាពេល​កន្លងមក​។

អ្នកវិភាគ​នយោបាយ​ថៃ​មួយចំនួន​ទៀត​ដែលមាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​របស់​លោក ប្រាយុទ្ធ បាន​ថ្លែង​បែប​ចម្អក​ថា មួយខែ​កន្លង​មក​នេះ នៅពេល​ដែល​លោក ប្រាយុទ្ធ ត្រូវ​ព្យួរ​តំណែង ប្រទេស​ថៃ​នៅតែ​អាច​ដំណើរការ​បាន​ជាធម្មតា​។ ពួកគេ​លើកឡើង​ថា​៖ «​ប្រទេស​ថៃ គ្មាន​ ប្រាយុទ្ធ គ្មាន​បញ្ហា​»​។

ដោយឡែក ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​វិញ​បាន​ព្រមាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​។ នៅ​តាម​បណ្ដាញ​សង្គម ទាំង Facebook និង Twitter ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ឈ្មោះ «​រ៉ាតសាដន ឬ ប្រជារាស្ត្រ​» ប្រកូក​ប្រកាស​ឱ្យ​គ្នីគ្នា​របស់​ខ្លួន​ស្លៀកពាក់​ខ្មៅ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី «​កាន់ទុក្ខ​ចំពោះ​មរណភាព​នៃ​អនាគត​របស់​ប្រទេស​ថៃ​»៕