បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បន្ត​ចុះផ្សាយ​ពី​ស្ថានភាព​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​អ្នកមាន​គឺ​អារ៉ាប៊ីសា អ៊ូឌីត ទៅលើ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ដែល​ជា​ជនបរទេស តួយ៉ាង​ជនជាតិ​កេនយ៉ា ដែល​កំពុង​រងគ្រោះ​ដោយ​ទាសភាព​សម័យ​ទំនើប​។

តាម​អង្គការ​សិទ្ធិមនុស្ស​នៅ​កេនយ៉ា Haki Africa គិត​ត្រឹម​ពេលនេះ មាន​ករណី​រាយការណ៍​ពី​ការរំលោភ​បំពាន​ជនជាតិ​កេនយ៉ា​នៅ​អារ៉ាប៊ី សាអ៊ូឌីត​ជាង​ ៥០ ​លើក ដោយ​ចំនួន​ ១០​ លើក កើតមាន​នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២ ​នេះ​។

Joy Simiyu ជនរងគ្រោះ​មកពី​ប្រទេស​កេនយ៉ា ដែល​ត្រូវបាន​កាសែត The Guardian ចុះផ្សាយ​នៅក្នុង​សប្តាហ៍​នេះ រៀបរាប់​ថា​នាង​បាន​ប្រឈម​នឹង​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ណាស់ នៅ​អំឡុងពេល​បម្រើ​ការងារ​តាម​ផ្ទះ​ក្នុងប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​។ នាង​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ធ្វើការ​នៅតាម​ផ្ទះ​ជាច្រើន​ក្នុង​មួយថ្ងៃ ដោយ​គ្មាន​របប​អាហារ​ និង​ពេលវេលា​សម្រាក​គ្រប់គ្រាន់​។ នាង Simiyu បន្ត​ទួញ​សោក​ថា ចំណូល​ប្រចាំខែ​នាង​ខ្លះ ត្រូវ​ថៅកែ​កាត់​ទុក ដោយ​បន្ទោស​នាង​ថា​នាង​ធ្វើការ​ងារ​មិន​គ្រប់​តាម​តម្លៃ​ឈ្នួល ឬក៏​យក​លេស​ថា នាង​នឹង​ទទួល​បាន​ប្រាក់​កាត់​ទុក​នោះ ព្រោះ​នាង​នឹងមិន​អាច​ទៅណា​បានឡើយ​។

ក្រោយ​រត់គេចខ្លួន​ជាច្រើន​លើក ដើម្បី​សុំ​ជំនួយ​ពី​ភ្នាក់ងារ​ជួល​នាង​បម្រើការ​។ ភ្នាក់ងារ​នោះ សន្យា​ដោះស្រាយ​ប្តូរ​កន្លែង​ការងារ​ថ្មី​ក្នុង​រយៈពេល ​២ ​ទៅ​ ៣ ​ថ្ងៃ តែ​ផ្ទុយ​ទៅវិញ Simiyu ត្រូវគេ​ឃុំខ្លួន​នៅក្នុង​ទីតាំង​មួយ​ផ្សេង​។ នាង​ត្រូវបាន​គេ​ផ្តល់​អាហារ​តែ​ ១ ​ពេល​ក្នុង​មួយថ្ងៃ ដោយ​ត្រូវ​ទទួល​សេវា​ផ្លូវភេទ ជា​ថ្នូរ​នឹង​ការងារ​ថ្មី​។ ជា​សំណាង​ល្អ ជនរងគ្រោះ​វ័យ​ ២៥ ​ឆ្នាំ​ខាងលើ​បាន​ត្រលប់​ទៅផ្ទះ​ស្រុកកំណើត តាមរយៈ​ការសង្គ្រោះ​ពី​ស្ថានទូត​កេនយ៉ា​ប្រចាំ​អារ៉ាប៊ី សាអ៊ូឌីត​។

គួរ​ជម្រាប​ថា យ៉ាងហោច​ណាស់​មាន​ជនជាតិ​កេនយ៉ា​ចំនួន ៨៩ ​នាក់ ដែល​ភាគច្រើន​ជា​អ្នក​ធ្វើការ​តាម​ផ្ទះ​បាន​ស្លាប់​នៅក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ចន្លោះ​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២១​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​របស់​ប្រទេស​កេនយ៉ា បង្ហាញ​ជូន​សភាជាតិ​កាលពី​ចុងឆ្នាំ​ ២០២១​។ ចំណែក​អារ៉ាប៊ី សាអ៊ូឌីត​បាន​ចាត់ទុក​ការស្លាប់​ទាំងនោះ​ថា​ជា «​ការ​គាំងបេះដូង​»​។

នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រព័ន្ធ kafala តម្រូវ​ឱ្យ​អ្នកបម្រើការ​តាម​ផ្ទះ ទទួល​បាន​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ ឬ​ថៅកែ​ជាមុន ទើប​អាច​ផ្លាស់ប្តូរ​ការងារ​ ឬ​ចាកចេញ​ពី​អារ៉ាប៊ីសាអ៊ូឌីត​បាន​។ ប្រព័ន្ធ kafala ​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស រិះគន់​ថា​នឹង​កាន់តែ​បង្ក​ឱ្យ​ជនរងគ្រោះ​កាន់តែ​ងាយ​បំពារបំពាន​ទ្វេដង​។ kafala គឺជា​ប្រព័ន្ធ​ត្រួតពិនិត្យ​ពលករ​ចំណាកស្រុក ដែល​ធ្វើការ​ជា​ចម្បង​ក្នុង​វិស័យ​សំណង់ និង​ក្នុងស្រុក នៅក្នុង​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ ( Gulf Cooperation Council) និង​ប្រទេស​ជិតខាង​មួយចំនួន​ដូចជា បារ៉ែន គុយវ៉ែត លីបង់ កាតា អូម៉ង់ អារ៉ាប៊ីសា អ៊ូឌីត និង​អារ៉ាប់រួម​។

តាម​ការប៉ាន់ស្មាន​ដោយ​សហព័ន្ធ​សហជីព​អន្តរជាតិ (International Trade Union Confederation) មាន​ស្ត្រី​ជាង ២,១ ​លាន​នាក់​ដែល​ធ្វើការ​នៅក្នុង​តំបន់​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ ទទួលរង​ការកេងប្រវ័ញ្ច​ពលកម្ម​ចំណាកស្រុក និង​ក្លាយជា​ទាសករ​សម័យ​ទំនើប​។

«​នេះ គឺជា​ការរំលោភ​បំពាន​សិទ្ធិមនុស្ស ជា​ទេសភាព​សម័យថ្មី​» នេះ​ជា​ការ​លើកឡើង​របស់​លោក Fred Ojiro Fred Ojiro មន្ត្រី​អង្គការ Haki Africa ដែលជា​អង្គការសិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ុមបាសា (Mombasa) ប្រទេស​កេនយ៉ា​។ តាម​ស្ថិតិ​របស់ Haki Africa មាន​ពាក្យបណ្តឹង​ជាង ៥១ ​បណ្តឹង ពី​ការរំលោភបំពាន​របស់​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ជនជាតិ​កេនយ៉ា នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដោយ​មាន​ខ្លះ​បង្ហាញ​ពី​វីដេអូ​ស្រែក​អង្វរ​សុំ​ជំនួយ​ពី​ជនរងគ្រោះ ក្នុង​នោះ​មាន ១០ ករណី​កើត​មាន​នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២ ​នេះ​៕