នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហេតុការណ៍​រត់​ជាន់គ្នា ក្នុង​កីឡដ្ឋាន​បាល់ទាត់​១ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២២ បង្ក​សោកនាដ​កម្ម ដោយ​បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន ១២៧​នាក់ស្លាប់ និង​មាន​របួស​ជាច្រើន​នាក់​ផ្សេងទៀត ហើយ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូនេស៊ី ក្រុម​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់ បាន​រត់​ចូល​ទីលាន​ប្រកួត​យ៉ាង​អនាធិប​តេយ្យ រហូត​នាំ​ឱ្យ​ប៉ូលិស​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ទើប​បង្ក​ឱ្យ​មាន​ហេតុការណ៍​រត់​ជាន់គ្នា​នេះ​តែម្តង។

កីឡដ្ឋាន Kanjuruhan ដែល​ស្ថិត​ទីក្រុង Malang ក្នុង​ខេត្ត East Java ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី បាន​រៀបចំ​ការប្រកួត​កីឡា​បាល់ទាត់​មួយ ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ឥណ្ឌូនេស៊ី រវាង​ក្រុម Arema FC និង Persebaya Surabaya។

បើ​តាម​ប៉ូលិស ក្នុង​តំបន់ ហេតុការណ៍​ឆោឡោ​នោះ បង្ក​ចេញពី​ក្រុម​អ្នកគាំទ្រ Arema FC ចុះ​លុកលុយ​ទីលាន​ប្រកួត បន្ទាប់ពី​ក្រុមបាល់ទាត់របស់​ពួកគេ រង​បរាជ័យ។ ភ្លាមៗ ក្រុមប៉ូលិស​ បាន​ហៅ​ភាពចលាចល​នោះ​ថា ជា​«កុបកម្ម» ក្រោយ​បង្ក​ឱ្យ​មន្ត្រីប៉ូលិស ២​នាក់ ស្លាប់​នៅនឹង​កន្លែង រហូត​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​បង្ខំ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​ទប់​ស្កាត់ការ​រត់​ចូល​ទីលាន ដែល​បង្ក​ឱ្យ​មាន​ជាហេតុ​ការណ៍​រត់​ជាន់គ្នា​យ៉ាង​អាណោច​អាធម្ម​នោះ​។

ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃអាទិត្យ ទី២ ខែ​តុលា​នេះ លោក Nico Afinta មេ​ប៉ូលិស​ខេត្ត East Java ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ជួយ​រំដោះ​អ្នករង​របួស និង​យក​សាក​សព​ចេញពី​កន្លែង​កើតហេតុ។ លោក​បញ្ជាក់​ថា ក្នុង​សោកនាដ​កម្ម​រត់​ជាន់គ្នា​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស ១២៧​នាក់ ក្នុង​នោះ ២​នាក់​ជា​មន្ត្រី​ប៉ូលិស។ ក្នុងចំណោម​នោះ​មាន ៣៤​នាក់ ស្លាប់​ដោយ​ការ​ជាន់​សង្កត់​ពី​លើ​មិនអាច​រើរួច រហូតដល់​ថប់ដង្ហើម​នៅ​កន្លែង​កើតហេតុ ខណៈ​អ្នក​នៅ​សេសសល់​ស្លាប់ នៅ​មន្ទីរ​ពេទ្យ។

យ៉ាងណាក្ដី ចំនួន​អ្នកស្លាប់​អាច​នឹងត្រូវ​កើនឡើង​បន្ថែមទៀត ព្រោះ​នៅមាន​ជនរង​គ្រោះ​ធ្ងន់ និង​ស្រាល​ចំនួន ១៨០​នាក់​ផ្សេង​ទៀត កំពុង​រងចាំ​ការសង្គ្រោះ នៅឯ​មន្ទីរ​ពេទ្យ។

នៅក្រោយ​កើតហេតុ​ការណ៍​ភ្លាម លោក ZainudinAmali រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន​ឥណ្ឌូនេស៊ី បាន​ថ្លែង​សុំទោស​ជា​សាធារណៈ និង​បាន​សន្យាថា នឹង​ស៊ើប​អង្កេត​ករណី​ការរត់​ជាន់គ្នា​នេះ។

ចំណែក​សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្រេច​ផ្អាក​ការប្រកួត​ចំនួន ១​សប្តាហ៍ ព្រោះ​ក្រៅ​តែ​មាន​មនុស្ស​ស្លាប់ និង​របួស​ហើយ​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ ជុំវិញ​កីឡដ្ឋាន​ក៏ត្រូវ​រង​ការខូចខាត​សម្បើម​ផងដែរ។ បន្ថែម​ពីនេះ សហព័ន្ធ​ឥណ្ឌូនេស៊ី ក៏​ប្រកាស​បញ្ជូន​ក្រុម​ស៊ើបអង្កេត​មួយ​ទៅកាន់ Malaang ដើម្បី​ស្វែង​រក​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​នេះ៕