The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេសនៅ​អាស៊ី ក្លាយជាទីផ្សារធំ​នាំចូល​ប្រេងឆៅនិងឧស្ម័ន​របស់​រុស្ស៊ី​

ប្រទេសនៅ​អាស៊ី ក្លាយជាទីផ្សារធំ​នាំចូល​ប្រេងឆៅនិងឧស្ម័ន​របស់​រុស្ស៊ី​

Content image - Phnom Penh Post
ឡូហ្គោ​នៃ​ក្រុម​ថាម​ពលយក្ស​ Gazprom របស់​រុស្ស៊ី​​នៅស្ថានីយ​ប្រេង​​១​ក្នុងទីក្រុ​ងម៉ូស្គូ។ AFP

ប្រទេសនៅ​អាស៊ី ក្លាយជាទីផ្សារធំ​នាំចូល​ប្រេងឆៅនិងឧស្ម័ន​របស់​រុស្ស៊ី​

ចាប់តាំងពីមាន សង្គ្រាមនៅអ៊ុយ ក្រែនមកការបញ្ជាទិញប្រភពថាមពលពី​រុស្ស៊ីនៅ​បណ្តាប្រទេស លោកខាងលិច បានស្រុត ចុះ ដោយ​បាន បង្វែរ ទៅរក​ទីផ្សារ ប្រទេស នៅ​តំបន់​អាស៊ី វិញ​។​

បណ្តា ប្រទេសជា ច្រើននៅ តំបន់អាស៊ី បាន ស្រវា ទិញ​ប្រេង​ពីប្រទេស​រុស្ស៊ី​ក្នុងតម្លៃថោកៗ ខណៈ ​រុស្ស៊ីបាត់បង់ ទីផ្សារលក់​ចេញទៅ​ឱ្យ​បណ្តា​ប្រទេសអឺរ៉ុប​ព្រោះ​ការលុកលុយ​អ៊ុយក្រែន។ ​នៅក្នុង​បណ្តាប្រទេស​នៅអាស៊ី គឺមាន​ប្រទេស​មហាយក្សចិន​និង​ឥណ្ឌា​បាន​ក្លាយជាទីផ្សារ​នាំចូល​ប្រេងឆៅ​ពី​ប្រទេសរុស្ស៊ី​ធំជាងគេ។

ទីផ្សារ​​ប្រេងឆៅ​រុស្ស៊ី ម៉ាក ​Ural​ ពិតបាន​ដាំក្បាលចុះ​នៅអឺរ៉ុប​ តែ​បានបង្វែរ​ទិសទៅតំបន់​អាស៊ីវិញ ជាមួយនឹង​ការលក់​លៃឡុង​ក្នុង​តម្លៃ​ប្រមាណជាង​ ៣០​ដុល្លារក្នុង១​បារ៉ែល ​ដែលជា​តម្លៃថោក​ជាប្រេងឆៅ​(Brent) ​ស្តង់ដា​ពិភពលោក។ ​បើតាមការ​ប៉ាន់ស្មាន ​ប្រេងឆៅ​រុស្ស៊ីនេះ​អាច​នឹងចុះ​ថោកដល់​២០​ដុល្លារក្នុង​១​បារ៉ែល​នៅចុង​ខែកញ្ញា ឆ្នាំ​២០២២​។

តា​មតួលេខ​របស់​Kpler ឥណ្ឌា​និង​ចិនបានជា​ប្រទេសនាំ​ចូលប្រេងឆៅ​ពី​រុស្ស៊ីជាង​៥០%នៃបរិមាណ​ប្រេង ​នាំចេញសរុប​របស់រុស្ស៊ី​និងជា​បរិមាណ​ដ៏​ច្រើនលើស​ការនាំចូល​ទៅកាន់​ប្រទេសសមាជិក​សហភាពអឺរ៉ុប​២៧​ប្រទេស គិតត្រឹមខែ​មីនាឆ្នាំ​នេះ។ ​គួរ​ជ្រាប​ថា ​រុស្ស៊ី​នៅឆ្នាំ​២០២២នេះ​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅធំ​ជាង​គេ​របស់​ចិន ដែលនាំ​មុខ​ប្រទេស​​អារ៉ាប៊ី​ សាអ៊ូឌីត។

ក្រៅពីចិននិង​ឥណ្ឌា​ ប្រទេសនៅ​អាស៊ីដទៃទៀត​រួមមាន​មីយ៉ាន់ម៉ា​និង​ស្រីលង្កា ថ្មីៗនេះ​កំពុង​ចរចា​ទិញ​ប្រេងឆៅ​ថោកៗ​ពីរុស្ស៊ី​ ដើម្បី​រំដោះ​សេដ្ឋកិច្ច​ជាតិដែរ។​ ចំណែក​ប្រទេស​អាមេរិក​បាន​រិះគន់​និង​ថ្កោលទោស​ចំពោះការ​បញ្ជាទិញ​ប្រេងរុស្ស៊ីនេះ ​ប៉ុន្តែ​វាហាក់​ជាគ្មាន​ប្រសិទ្ធភាព​សោះលើ​សេចក្តីសម្រេច​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ។

ចំណែកឯផ្នែក​​ឧស្ម័នវិញ​ចិនកំពុង​បង្កើន​សមត្ថភាពនាំចូល​ឧស្ម័នធម្មជាតិ​រាវ​ពីរុស្ស៊ី​ ដោយរដ្ឋាភិ​បាលល​ចិន​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ីជា​ច្រើន ក្នុងការ​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ​ឆ្លងកាត់​តំបន់​អាក់ទិក​។ តាមការ​ប៉ាន់ស្មាន រុស្ស៊ី​នឹង​ក្លាយជា​ទីផ្សារនាំ​ឧស្ម័ន​ទៅប្រទេស​ចិនធំជាង​គេ ​នៅពេលដែល​ការ​សាងសង់​​បំពង់​បង្ហូរឧស្ម័ន​ថ្មីមួយ​ឈ្មោះថា​Power of Siberia​ បញ្ចប់នៅ​ពេល​ខាងមុខ​។ ​

ប៉ុន្តែឥណ្ឌា​ដែលជា​ប្រទេ​សធ្វើការ​នាំ​ចូលឧស្ម័ន​បរទេស​ដល់​ទៅ​៥០% ហាក់​នៅ​មិនទាន់​ងាក​រក​ទីផ្សារ​ឧស្ម័ន​រុស្ស៊ីពេញទំហឹង​នៅឡើយ ​ខណៈ​ឧស្ម័ន​នាំចូល​ឥណ្ឌាភាគ​ច្រើនមកពី​បណ្តា​ប្រទេស​នៅតាម​ឈូងសមុទ្រ​ (The Gulf States)។

គួរជ្រាបថា ក្នុង​រវាង៦​ខែ​ចុងក្រោយ ​គិតចាប់​ពីពេល​ដែល​រុស្ស៊ី​ធ្វើសង្គ្រាម​លុកលុយ​អ៊ុយក្រែន ​គឺរុស្ស៊ី​បាន​រក​ចំណូល​បានចំនួន ​១៥៨​ពាន់លាន​ដុល្លារ ​ពី​ការ​លក់​ទំនិញ​វត្ថុធាតុ​ដើម​ថាមពល​ហ្វូស៊ីល ​ដែល​មានដូច​ជា​ប្រេង​ ឧស្ម័ន និងធ្យូងថ្ម។ ​នេះ​បើតាម​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​ថាមពល ​និង​ខ្យល់​បរិសុទ្ធ ​(CREA)៕

អត្ថបទគួរចាប់អារម្មណ៍