
លោកស្រីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht ថ្លែងក្នុងសន្និសីទនៅទីបញ្ជាការកងទ័ពអាកាសBundeswehr កាលពីពេលថ្មីៗនេះ។ AFP
ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ថា ខ្លួននឹងបញ្ជូនទៅឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំងគ្មានមនុស្សបើករបស់រុស្ស៊ី។
ការសន្យាផ្ដល់ជំនួយរបស់អាល្លឺម៉ង់ដូច្នេះ ត្រូវបានប្រកាសឡើងដោយលោកស្រីរដ្ឋមន្ដ្រីការពារជាតិអាល្លឺម៉ង់ Chris tine Lambrecht ក្នុងពេលដែលលោកស្រីធ្វើដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់រដ្ឋធានី Odessa របស់អ៊ុយ ក្រែន នៅថ្ងៃសៅរ៍។
លោកស្រីរដ្ឋមន្ដ្រី Christine Lambrecht បានថ្លែងថា៖«ប៉ុន្មានថ្ងៃខាងមុខទៀតនេះ យើងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបម៉ូដែល IRISI-T ដល់អ៊ុយក្រែន។ ប្រព័ន្ធនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពារអ៊ុយក្រែនពីការវាយប្រហាររបស់យន្តហោះចម្បាំងគ្មានមនុស្សបើក»។
ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៊ុយក្រែន ត្រូវប្រឈមមុខនឹងការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះចម្បាំងគ្មានមនុស្សបើក ផលិតនៅអុីរ៉ង់ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ មែនទែនទៅ អាល្លឺម៉ង់ បានពិចារណាពីការផ្ដល់ជំនួយប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនតាំងពីខែឧសភាមកម្ល៉េះ។ ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបម៉ូដែល IRISI-T មានតម្លៃប្រមាណ ១៥០លានអឺរ៉ូក្នុង១គ្រឿង។
ទន្ទឹមនឹងការផ្ដល់ជំនួយនេះ លោកស្រីរដ្ឋមន្ដ្រីការពារជាតិអាល្លឺម៉ង់ បានជំរុញដល់ប្រទេសលោកខាងលិច កុំឱ្យរារែកក្នុងការផ្ដល់ជំនួយជាសម្ភារយោធា ឬបំពាក់គ្រឿងសព្វាវុធបន្ថែមដល់អ៊ុយក្រែន បើទោះបីជាត្រូវប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ីអំពីការវាយបកវិញដោយប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។
លោកស្រី Christine Lambrech បន្តថា៖«ជាការពិត យើងត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំងជាងមុន។ ប៉ុន្តែយើងមិនត្រូវនៅស្ងៀមឡើយ»។
ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសអាល្លឺម៉ង់ ត្រូវប្រឈមមុខនឹងការទទូចទាមទារឱ្យបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ក្នុងនោះរួមមានការបញ្ជូនគ្រឿងសព្វាវុធបម្រើដល់ការធ្វើសង្គ្រាម ដូចជារថក្រោះទំនើប ដែលទីក្រុងកៀវសង្កត់ធ្ងន់ថា វាជាតម្រូវការចាំបាច់ ដើម្បីប្រយុទ្ធតតាំងនឹងកងកម្លាំងរុស្ស៊ី។
នៅចំពោះមុខការទាមទារដូច្នេះ ទីក្រុងប៊ែរឡាំងបានបកស្រាយពន្យល់ត្រឡប់ទៅវិញថា ការផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឱ្យអ៊ុយក្រែន នឹងធ្វើឱ្យស្ថានការណ៍សង្គ្រាមវិវឌ្ឍកាន់តែអាក្រក់ថែមទៀត ហើយថា រហូតមកទល់ពេលនេះ គ្មានប្រទេសណាមួយបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ដែលមានបច្ចេកវិទ្យាទំនើបជារថក្រោះចាស់ៗបន្សល់ តាំងពីសម័យសហភាពសូវៀតនោះឡើយ៕
វីដេអូ៖