កង​កម្លាំង​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​ ១ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អ៊ុយក្រែន​អាច​ដណ្តើម​យក​ទីក្រុង Lyman ដែល​ស្ថិត​នៅ​ភាគ​ខាងកើត ពី​រុស្ស៊ី​មក​វិញ​ហើយ ដោយ​ទី​ក្រុង នេះ គឺ​ជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់ ដែល​អ៊ុយក្រែន នឹង​ប្រើ​ជា​បន្ទាយ​រឹងមាំ ដើម្បី​វាយ​យក​តំបន់ Donbas មក​វិញ ខណៈ​ការ​រង​បរាជ័យ​ចុងក្រោយ​នេះ បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានា​ធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​ចាប់ផ្តើម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្រិតទាប ដើម្បី​តបត​វិញ។

ការ​ដណ្តើម​បាន​ទីក្រុង​ដ៏​សំខាន់​នេះ កើត​ឡើង​តែ ១ ​ថ្ងៃ​ បន្ទាប់ពី​លោក ពូទីន បាន​ប្រកាស​បញ្ចូល​តំបន់​អ៊ុយក្រែន​ចំនួន​៤ ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី ដោយក្នុង​នោះ​មាន​រួមទាំង​តំបន់ Donetsk ដែល​ជា​ទី​តាំង​របស់​ទី​ក្រុង Liman ចំ​ពេល​មាន​ការ​ប្រឆាំង​ពី​ប្រទេស​លោក​ខាងលិច ដែល​លើក​ឡើង​ថា ជា​ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ។

កាលពី​ម្សិលមិញ លោក Kyrylo Tymoshenko អនុ​ប្រធាន​របស់​វិមាន​ប្រធានា​ធិបតី​អ៊ុយក្រែន បាន​នាំ​យក​ឃ្លីប​វីដេអូ ដែល​កងទ័ព​អ៊ុយក្រែន ប្រកាស​ពី​ជ័យជម្នះ មក​ផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម ដោយ​បង្ហាញ​ឱ្យឃើញ​នូវ​រូបភាព​ទាហាន​អ៊ុយក្រែន​ដក​ទង់ជាតិ​រុស្ស៊ី​ចោល ហើយ​ដោត​ទង់ជាតិ​អ៊ុយក្រែន នៅ​លើ​អគារ​សភា ក្នុង​ក្រុង Lyman ជំនួស​វិញ។

ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ដដែល​នោះ​ថា អាជ្ញាធរ​បាន​សម្រេច​ដកទ័ព​ចេញពី​តំបន់​នោះ ដោយ​កន្លង​មក រុស្ស៊ី​ធ្លាប់​បាន​ប្រើប្រាស់ក្រុង Liman ជា​មជ្ឈមណ្ឌល​ភស្តុភា និង​ការ​ដឹក​ជញ្ជូន សម្រាប់​ប្រតិបត្តិការ នៅ​ភាគ​ខាងជើង​នៃ​តំបន់ Donetsk។

ស្ថានការណ៍​នេះ បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​របស់​លោក ពូទីន មាន​ការក្រេវ​ក្រោធ ក្នុង​នោះ​រួមទាំង​មេដឹក​នាំ​សាធារណ​រដ្ឋ Chechen លោក Ramzan Kadyrov ដែល​បាន​និយាយ​ថា រុស្ស៊ី​គួរតែ​ចាត់​វិធានការ​ខ្លាំងក្លា​ជាង​នេះ ដូចជា​ការប្រកាស​ច្បាប់​អាជ្ញាសឹក នៅ​តំបន់​ព្រំដែន និង​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ទាប ខណៈ​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បាន​ចេញ​មក​បញ្ជាក់​ច្បាស់ៗ​ថា រុស្ស៊ី​គួរតែ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិន​បើ​មាន​ករណី​ចាំបាច់៕

វីដេអូ៖