
លោកវេជ្ជបណ្ឌិត OpasKarn Kawinpong ។ ហ្វេសប៊ុក
កាសែតបាងកកប៉ុស្ដិ៍ផ្សាយនៅថ្ងៃអាទិត្យថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃ បានរកឃើញករណីឆ្លងជំងឺអ៊ុតស្វា ២ ករណីបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃ។ ករណីអ៊ុតស្វាសរុបមានចំនួន ១០ ករណី គិតចាប់ពីជំងឺនេះរីករាលដាលមក។
អ្នកជំងឺទាំង ២ នាក់ មាន ម្នាក់ជាស្ត្រីជនជាតិថៃ និងម្នាក់ទៀត ជាបុរសជនជាតិអាល្លឺម៉ង់។ នេះបើតាមការបញ្ជាក់របស់នាយក ដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ប្រទេសថៃលោក វេជ្ជបណ្ឌិត OpasKarn Kawinpong។
វេជ្ជបណ្ឌិត OpasKarn Kawinpong និយាយថា ស្ត្រីជនជាតិថៃ ជាបុគ្គិលិកផ្នែកបម្រើសេវាអតិថិជន។ស្ត្រីរូបនេះចាប់ផ្ដើមឈឺនិងគ្រុនក្ដៅកាលពីថ្ងៃទី ១៦ ខែកញ្ញា។ ស្ត្រីរូបនោះបានទៅទិញថ្នាំពេទ្យនៅឱសថស្ថានក្បែរផ្ទះ។
ស្ត្រីរូបនោះ បានប្រាប់ក្រុមគ្រូពេទ្យថា ខ្លួនមានទំនងទំនងជិតដិតជាមួយនឹងបុរសជនជាតិអាល្លឺម៉ង់រូបនោះ។ ស្ត្រីរូបនោះ អះអាងថា ខ្លួនមិនបានទាក់ទងអ្នកណា ក្រៅពីបុរសអាល្លឺម៉ង់រូបនោះឡើយ។
អាជ្ញាធរថៃបានសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធមានទាំងអាជ្ញាធរខេត្ត មន្ត្រីសុខាភិបាលស៊ើបអង្កេតស្វែងរកបុរសជនជាតិអាល្លឺម៉ង់។ នៅពេលរកឃើញបុរសរូបនោះ ក៏មានឆ្លងជំងឺអ៊ុតស្វានេះដែរ៕