
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (ឆ្វេង) ចាប់ដៃជាមួយអគ្គលេខាធិការ NATO លោក Jens Stoltenberg នាពេលកន្លងទៅ។ រូបថត AFP
សមាជិកអង្គការអូតង់ (OTAN) ចំនួន ៩ ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យ ទី ២ ខែតុលា ដោយថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី និងបានប្រកាសគាំទ្រសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន ក្នុងអង្គការ ដែលហៅម៉្យាងទៀតថា ណាតូ ទៀតផង។ ក្រៅពីនេះ មេដឹកនាំនៃប្រទេសទាំង ៩ ក៏បានអំពាវនាវផងដែរឱ្យសមាជិកទាំង ៣០ របស់អូតង់ ឬណាតូនេះ បង្កើនជំនួយយោធាដល់ទីក្រុងកៀវ។
មេដឹកនាំនៃប្រទេសសា.ឆែក អេស្តូនី ឡេតូនី លីទុយអានី ម៉ាសេដ្វានខាងជើង ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ចេញសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារថា៖ «យើងគាំទ្រអ៊ុយក្រែនក្នុងការការពាខ្លួនប្រឆាំងទល់នឹងការឈ្លានពានរបស់រុស្ស៊ី និងទាមទារ (ឱ្យរុស្ស៊ី) ដកចេញជាបន្ទាន់ពីទឹកដីអ៊ុយក្រែន ហើយយើងលើកទឹកចិត្តសម្ព័ន្ធមិត្តទាំងអស់ឱ្យបង្កើនជំនួយយោធាច្រើនទៀត សម្រាប់អ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍ខាងលើ បានកត់សម្គាល់ដែរថា មេដឹកនាំនៃប្រទេសទាំងនេះ បានធ្វើទស្សនកិច្ច នៅទីក្រុងកៀវ ក្នុងអំឡុងសង្គ្រាម ហើយបានឃើញផ្ទាល់ភ្នែករបស់ពួកគេពីផលវិបាក ដែលកើតចេញពីទង្វើឈ្លានពាននេះ។
ក្រោមហេតុផលនេះ មេដឹកនាំនៃសមាជិកអង្គការអូតង់ទាំង ៩ ប្រទេស បានចេញមុខបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងប្រកាសមិនទទួលស្គាល់ជាដាច់ខាត ចំពោះការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការបញ្ចូលទឹកដីអ៊ុយក្រែនណាមួយទៅជារបស់ខ្លួន។
សេចក្តីប្រកាសគាំទ្រអ៊ុយក្រែនពីសំណាក់សមាជិកអូតង់ទាំង ៩ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការអំពាវនាវរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ដើម្បីជាការឆ្លើយតបទៅរុស្ស៊ី ដែលបានប្រកាសកាត់យកតំបន់ ៤ របស់អ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី ៣០ ខែកញ្ញា និយាយថា អ៊ុយក្រែនដាក់ពាក្យសុំចូលជាសមាជិកអូតង់ និងស្នើសុំឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ ពន្លឿនដំណើរការចូលជាសមាជិករបស់អ៊ុយក្រែនផង។
សមាជិកភាព ក្នុងអង្គការអូតង់ ត្រូវការការយល់ព្រមពីសមាជិកទាំង ៣០ ប្រទេសរបស់អង្គការនេះ ហើយត្រូវការពេលវេលាយូរ។ ដូច្នោះ ក្នុងកាលៈទេសៈសង្គ្រាមអ៊ុយក្រែន កាន់តែជួបភាពស្មុគស្មាញ ក្នុងដំណើរការសុំចូលជាសមាជិកអូតង់ ដែលជាអង្គការនាំមុខដោយអាមេរិកនេះ៕
វីដេអូ៖