
ប្រទេសអាល្លឺម៉ង់ខាងលិច បង្ហាញកាក់ប្រាក់អឺរ៉ូ ខណៈដែលសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ប្រឈមនឹងអតិ ផរណាកើនឡើង និងវិបត្តិថាមពល។ AFP
អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងខ្លាំងដល់ ១០% នៅក្នុងខែកញ្ញា ដោយកើនឡើងពី ៩,១% ក្នុងខែសីហា និងលើសពីការព្យាករមុន ដែលមានត្រឹម ៩,៧%។ អតិផរណាហក់ឡើងខ្ពស់ដល់កំណត់ត្រាថ្មីមួយទៀតនេះ កើតចេញពីការឡើងថ្លៃខ្ពស់នៃតម្លៃថាមពល ដែលរុញច្រានដោយសង្គ្រាមអ៊ុយក្រែន។
ការកើនឡើងប្រមាណ ៤១% នៃតម្លៃថាមពល បានបញ្ឆេះឱ្យអត្រាអតិផរណាប្រចាំឆ្នាំ នៅក្នុងបណ្តាប្រទេសចាយប្រាក់អឺរ៉ូចំនួន ១៩ ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម។ នេះបើយោងតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat។
បញ្ហានេះ នឹងដាក់សម្ពាធបន្ថែមទៀតលើធនាគារកណ្តាលអឺរ៉ុប ឱ្យរក្សាគោលនយោបាយបច្ចុប្បន្ន របស់ខ្លួន ក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីឱ្យអតិផរណាធ្លាក់ចុះមកវិញ បើទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបក៏ដោយ។
ធនាគារកណ្តាលអឺរ៉ុប កំពុងជួបការលំបាកខ្ពស់ ក្នុងការទប់ស្កាត់អតិផរណា។ គេកាន់តែបារម្ភខ្លាំងថែមមួយកម្រិតទៀតពីលទ្ធភាព ក្នុងការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចកាន់តែយូរ និងកាន់តែជ្រៅ នៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូ នៅ ពេលឃើញប្រទេសសេដ្ឋកិច្ចធំៗ ក្នុងតំបន់ជួបអតិផរណាធ្ងន់ធ្ងរ ដោយអាល្លឺម៉ង់មាន ១០,៨% និងបារាំង ៦,២%។
ចំណែកនៅក្នុងប្រទេសហូឡង់វិញ តម្លៃអតិផរណា បានកើនឡើង ១៧,១% ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ មក។
ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយចំនួន កំពុងប្រើប្រាស់ថវិកាជាតិ ដើម្បីសម្រាលបន្ទុកតម្លៃថាមពលដល់អ្នកប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណាក្ដី តម្លៃថាមពល នៅអឺរ៉ុបនៅតែស្ថិតក្រោមសម្ពាធខ្លាំង ដោយសារសង្គ្រាម នៅអ៊ុយក្រែន ជាពិសេសនៅខណៈដែលរដូវរងាកាន់តែខិតជិតមកដល់។
ធនាគារកណ្តាលអឺរ៉ុបចង់បន្ទាបអតិផរណាឱ្យធ្លាក់មកត្រឹម ២% ហើយកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅនេះ បានបង្កើនការភ័យខ្លាចថា ធនាគារអាចនាំប្លុកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច៕