
លោក Austin (ឆ្វេងទី៣) និងលោក Marles (ឆ្វេងទី២) កំពុងទស្សនានាវាមុជទឹក USS Mississippi នៅ Pearl Harbor ក្នុងរដ្ឋហាវ៉ៃ កាលពីថ្ងៃទី ១ ខែតុលា។ AFP
រដ្ឋមន្ត្រីការពារជាតិនៃប្រទេសដ៏មានឥទ្ធិពលចំនួន ៣ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានជួបប្រជុំគ្នា ក្នុងអំឡុងពេលវិបត្តិសន្តិសុខសកលលោក ជាពិសេសតំបន់អឺរ៉ុបខាងកើត និងច្រកសមុទ្រតៃវ៉ាន់ កាន់តែឡើងកម្តៅ ខណៈជំនួបនេះ បានលើកឡើងពីក្តីព្រួយបារម្ភនូវស្ថានភាពសង្គ្រាម នៅអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ី និងសភាពការណ៍ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងប្រឈមនឹងមហាយក្សចិន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងលោក Hamada Yasukazu រដ្ឋមន្ត្រីការពារជាតិជប៉ុន បានជួបប្រជុំសម្រាប់ជំនួបរដ្ឋមន្ត្រីការពារជាតិត្រីភាគី (TDMM) នៅទីក្រុងហូណូលូលូ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែតុលា ដោយការជួបគ្នានេះ ក៏ហាក់ស្របពេលដែលមេដឹកនាំរុស្ស៊ីបង្កើនការគំរាមកំហែងលើលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាន់តែខ្លាំងឡើងៗ ដោយសារកងទ័ពរុស្ស៊ីប្រយុទ្ធចាញ់អ៊ុយក្រែន ដែលបណ្តាលឱ្យបាត់បង់ក្រុងជាបន្តបន្ទាប់។
យោងតាមគេហទំព័រក្រសួងការពារជាតិអាមេរិក ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំង ៣ បានជួបប្រជុំ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពលើការផ្តួចផ្តើមជាក់ស្តែងជាច្រើន ដែលត្រូវបានលើកមកពិភាក្សា នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិត្រីភាគី កាលពីខែមិថុនា នៅប្រទេសសិង្ហបុរី ។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីនៃប្រទេសនីមួយៗ បានផ្លាស់ប្តូរយោបល់ពីបរិយាកាសសន្តិសុខ ក្នុងតំបន់ និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី ដោយបង្កើនការចែករំលែកព័ត៌មាន លំហាត់សមយុទ្ធ និងគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រ ព្រមទាំងបច្ចេកវិទ្យា។ ជាមួយនឹងជំនួប TDMM ទី ២ នៃឆ្នាំ ២០២២ ដោយអះអាងឡើងវិញនូវការតម្រឹមយុទ្ធសាស្ត្រ ក្នុងចំណោមមេដឹកនាំទាំង ៣ រដ្ឋមន្ត្រីបានប្តេជ្ញាចាត់វិធានការម៉ឺងមាត់ និងជាក់ស្តែងរួមគ្នា ដើម្បីធ្វើឱ្យមានលំនឹងនៃស្ថិរភាព និងវិបុលភាព ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
យោងតាមក្រសួងការពារជាតិជប៉ុន រដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងកិច្ចប្រជុំត្រីភាគីនោះ រដ្ឋមន្ត្រីទាំង ៣ បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាព នៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយបញ្ជាក់ជាថ្មីថា ពួកគេប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីណាមួយ ក្នុងការផ្លាស់ប្តូរស្ថានភាព ដោយកម្លាំង ឬសកម្មភាពឯកតោភាគីណាមួយ ដែលស្វែងរកការបង្កើនភាពតានតឹង ក្នុងតំបន់។ ដូចគ្នានេះផងដែរ លោករដ្ឋមន្ត្រីទាំង៣បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងរបស់ចិន កាលពីដើមខែសីហា រួមទាំងការបាញ់បង្ហោះ ដែលជប៉ុន រាយការណ៍ថា បានធ្លាក់នៅដែនទឹកក្បែរប្រទេសជប៉ុន រួមទាំង EEZ (តំបន់សេដ្ឋកិច្ចពិសេស ដែលកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ) ផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ រដ្ឋមន្ត្រីការពាជាតិជប៉ុន បានរំឭកឡើងវិញពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយឯកភាពក្នុងការលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធីលើបញ្ហាឆ្លងច្រកសមុទ្រ។ លើសពីការសម្ដែងនូវការបារម្ភ លោក Yasukazu បានអះអាងនូវការផ្លាស់ប្តូរទស្សនៈអំពីស្ថានភាព ក្នុងតំបន់ និងបញ្ជាក់ជាថ្មីថា ប្រទេសទាំង ៣ នឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលធ្វើឱ្យរង្គោះរង្គើមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា៖ «រដ្ឋមន្ត្រីទាំង ៣ បានអះអាងសាជាថ្មីថា នឹងពង្រីក និងពង្រឹងការបណ្តុះបណ្តាល និងសកម្មភាពត្រីភាគី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា ព្រមទាំងផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្នុងបំណងលើកកម្ពស់អន្តរប្រតិបត្តិការត្រីភាគី»។
ចំណែកក្រសួងការពារជាតិអូស្ត្រាលីវិញ ក្រោយកិច្ចប្រជុំនោះ បានចេញផ្សាយថា អំឡុងជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងលក្ខណៈទ្វេភាគី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះភាពជាដៃគូ ក្នុងវិស័យការពារជាតិ ដែលកំពុងរីកចម្រើនជាមួយជប៉ុន និងមានវឌ្ឍនភាពយ៉ាងខ្លាំង ក្នុងឆ្នាំនេះ ជាក់ស្តែង ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងចូលប្រើប្រាស់គ្នាទៅវិញទៅមក ក្នុងខែមករា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Marles បានថ្លែងថា៖ «ស្ថានភាពយុទ្ធសាស្ត្រលំបាក នាពេលបច្ចុប្បន្ននេះ មានន័យថា ការតម្រឹមគ្នា រវាងប្រជាជាតិរបស់យើងមិនដែលមានភាពរឹងមាំ ឬសំខាន់ជាងនេះទេ»។
លោកបន្តថា៖ «ខ្ញុំប្តេជ្ញាចិត្តក្នុងការវិវឌ្ឍសម្ព័ន្ធភាពអូស្ត្រាលីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងបរិយាកាសយុទ្ធសាស្ត្រតឹងតែងឡើងៗ។ បណ្តាញសម្ព័ន្ធភាព និងភាពជាដៃគូរបស់យើង គឺជាកម្លាំងដ៏សំខាន់ក្នុងការ-លើកកម្ពស់ចក្ខុវិស័យសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយបរិយាប័ន្ន សុវត្ថិភាព និងវិបុលភាព»។
ភាពតានតឹងខ្លាំងបំផុត នៅច្រកតៃវ៉ាន់ កើតឡើង បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលចិន អះអាងជាខេត្តចំណុះរបស់ខ្លួន ដោយចាត់ទុកដំណើរទស្សនកិច្ចនោះជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិន។
កងទ័ពរំដោះប្រជាជនចិន ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយការបាញ់មីស៊ីល នៅតំបន់ចំនួន ៦ នៃដែនទឹករបស់កោះតៃវ៉ាន់ ដើមខែសីហា ពោលគឺ ១ ថ្ងៃប៉ុណ្ណោះ ក្រោយទស្សនកិច្ចនោះបានបញ្ចប់។
ដោយសារតែផែនការបាញ់នេះ អាជ្ញាធរចិនបានព្រមានមិនអនុញ្ញាតឱ្យយន្តហោះស៊ីវិល និងកប៉ាល់ចូលក្នុងតំបន់ទាំង ៦ ដែលកំពុងមានបញ្ហា។ បើយោងតាមក្រសួងការពារជាតិជប៉ុន កាំជ្រួចមីស៊ីលផ្លោងចំនួន ៥ គ្រាប់របស់ Dongfeng ដែលចិនបាញ់ បានធ្លាក់នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន កាលពីថ្ងៃទី ៤ ខែសីហា។
ភាពតានតឹងខ្លាំង នៅអឺរ៉ុបខាងកើតចុងក្រោយនេះ គឺលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមនៅតំបន់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែន បាននិយាយកាលពីចុងសប្ដាហ៍មុនថា ការស្នើសុំចូលជាសមាជិករបស់អង្គការណាតូរបស់អ៊ុយក្រែន គឺជាការពន្លឿននូវការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣៕
វីដេអូ៖