រយៈពេល​មិន​ដល់ ​២៤​ ម៉ោង​ បន្ទាប់​ពី​ការ​បាញ់​​​មីស៊ីល​ផ្លោង​ចម្ងាយ​ឆ្ងាយរំលង​ប្រទេសជប៉ុន ​ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​ជាច្រើន​​​ជាអន្តរជាតិ​ ប្រទេស​កូរ៉េ​ខាងជើង ​​ដែល​ជាមិត្ត​ជិតស្និទ្ធ​បំផុត​របស់រុស្ស៊ី ​​បានសម្រេចចេញ​សេចក្តីថ្លែងការ​គាំទ្រ​ប្រទេស​រុស្ស៊ី​​ ដែល​បានសម្រេច​ចិត្ត​​​កាត់​យក​​តំបន់​ ៤ ​របស់​អ៊ុយក្រែន​តាមរយៈប្រជាមតិ ​​ដើម្បី​ចូលរួម​ជា​មួយ​រុស្ស៊ី។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បានផ្សព្វផ្សាយ​​ដោយ​​ទីភ្នាក់ងារ​​ព័ត៌មាន​​មជ្ឈឹម​កូរ៉េ​​ (Korean Central News Agency) និង​ការ​ផ្សាយ​បន្ត​ពីបណ្តាញ​សារព័ត៌មាន​អន្តរជាតិ​នានា ក្រសួងការ​បរទេស​កូរ៉េ​ខាងជើង​ បាន​និយាយ​ថា ពួក​គេ​គោរព​ឆន្ទៈ​របស់​ប្រជាជន​ដែល​ចង់​ចូលរួម​ជា​មួយ​រុស្ស៊ី។

លោក Jo Chol Su អគ្គនាយក​នៃ​នាយកដ្ឋាន​អង្គការ​អន្តរជាតិ​នៃ​ក្រសួងការបរទេស​​​កូរ៉េខាងជើង បាន​​លើក​ឡើង​​​ថា​៖​ «ការ​ធ្វើ​​ប្រជាមតិ​ បានធ្វើ​ឡើង​ ស្របតាមធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​ដាក់​ចេញ​នូវ​គោលការណ៍​សមភាព​​របស់​ប្រជាជន និង​​សិទ្ធិ​​របស់​ប្រជាជន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ និង​តាម​វិធី​សាស្ត្រ ​និង​នីតិ​វិធី​ស្របច្បាប់ ដើម្បី​ឱ្យ​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​នៃសាធារណរដ្ឋ​ទាំង ២ និង​តំបន់​ទាំង ២ អាចត្រូវ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពេញ លេញ» លោក Jo បាននិយា​យនៅក្នុង​សេចក្តី​ថ្លែងការណ៍​​បន្តថា៖​ «អ្នក​បោះឆ្នោត​ភាគ​ច្រើន​លើស​លប់​​បាន​​គាំទ្រ​​ការធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ប្រទេសរុស្ស៊ី»​។

អាជ្ញា​ធរ​​ដែល​គាំទ្រដោយ​រុស្ស៊ី​​គ្រប់​គ្រង​នៅ​តំបន់ទាំង ​៤ រួម​មានតំបន់បំបែក​ខ្លួន​​ពី​អ៊ុយក្រែន​ គឺ​ Donetsk និង Luhansk និង​​តំបន់​ ២ ទៀត ​ដែលរុស្ស៊ី​ទើប​គ្រប់គ្រង​បាន ​ក្រោយ​​ការលុកលុយ​របស់យោធា​រុស្ស៊ី មាន Zaporizhzhia និង Kherson បានរៀបចំ​ធ្វើប្រជាមតិ​នៅថ្ងៃទី ២៣-២៧ ​​ខែកញ្ញា ​ដើម្បី​​ចូលរួម​ជាមួយប្រទេសរុស្ស៊ី ប៉ុន្តែការ​រៀបចំ​ប្រជាមតិនេះ ​ត្រូវ​បាន​ប្រកាសមិនទទួលស្គាល់​ពីសង្គមអន្តរជាតិ​ឡើយ។

ការធ្វើ​ប្រជាម​តិ ត្រូ​វបានថ្កោល​ទោស​ដោយសហគម​ន៍អន្តរជា​តិ ដោយ​ប្រទេស​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បាន​ហៅពួក​គេថា ​ជា «ការបោកប្រាស់ដ៏អាម៉ាស់​» ហើយ​និយាយ​ថា​ ពួកគេ​នឹង​មិន​ត្រូវ​បាន​ទទួលស្គាល់។

សភា​ជាន់​ទាប​របស់​រុស្ស៊ី សភា​រដ្ឋ​ឌូម៉ា កាលពីថ្ងៃ​ចន្ទ​ បាន​ផ្តល់​សច្ចាប័ន​លើកិច្ច​ព្រមព្រៀង​ស្តីពី​តំបន់​​ដែល​​ចូលរួម​ជាមួយ​ទឹកដីរុស្ស៊ី៕

វីដេអូ៖