ក្រុមហ៊ុន​ថាមពល​រដ្ឋបង់ក្លាដែសបាន​និយាយ​ថា ​ប្រជាជន​យ៉ាង​ហោច​ណាស់ ​ ១៣០ លាន​នាក់​​​ គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៤ ខែ​តុលា​​ ដោយ​​សារ​តែ​​ការ​ដាច់​បណ្តាញ​អគ្គិសនី​​។ ការ​ដាច់​​​ទ្រង់​ទ្រាយ​ធំ​មិនធ្លាប់មាននេះ​ កើត​ឡើង​ចំពេល​ដែល​​​បង់ក្លាដែស​​​រង​នូវ​វិបត្តិ​ថាមពល​ដ៏​ធំ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ដែល​ជា​លទ្ធផល​នៃ​​ការ​ឡើង​តម្លៃ​​ថាមពល​ជា​សកល​​ ​ក្រោយ​រុស្ស៊ី​​លុក​លុយ​អ៊ុយក្រែន​។

តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារព័ត៌មាន ​AFP ដែល​ស្រង់​ការ​អះ​អាង​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ថាមពល​បង់ក្លាដែស​ គេ​​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ហេតុ​អ្វី​​បណ្ដាញ​អគ្គិសនី ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​គ្មាន​ការ​គ្រោង​ទុក​ ហើយ​​ធ្វើ​ឱ្យ​​ ៨០ ភាគ​រយ ​នៃ​ប្រទេស​គ្មាន​ភ្លើង​ប្រើ​ប្រាស់​ ចាប់​តាំង​ពី​ម៉ោង​ ២ រសៀល​ថ្ងៃ​អង្គារ​។​

ការ​ដាច់​ភ្លើង​នេះ​ ធ្វើ​ឱ្យ​រដ្ឋធានី​ដាក្កា​ ​និង​ទី​ក្រុង​ផ្សេង​ៗ​ទៀត ​​នៅ​ងងឹត​ឈឹង​នៅល្ងាច​​​ថ្ងៃ​អង្គារ​ លើក​លែង​តែ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​។ ប៉ុន្តែ​​ក្រោយ​មក​នៅ​យប់​ថ្ងៃ​ដដែល​​ មន្រ្តី​នាំ​ពាក្យ​​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ថាមពលលោក Shameem Hasan បានអះ​អាង​ថា​ ជិត​ពាក់​កណ្ដាល​នៃ​​​កន្លែង​ដែល​ដាច់​​ មាន​អគ្គិសនី​ប្រើ​ប្រាស់​វិញ​ហើយ​។ ​​

តាំងពី​ការលុកលុយ​​​អ៊ុយក្រែន​របស់​រុស្ស៊ី​ចាប់​ផ្ដើម​ ​តម្លៃ​ថាមពល​ ក៏​ដូច​ជា​​ស្បៀង​ផ្សេង​ទៀត​ បានកើន​ឡើង​​ទូទាំង​ពិភព​លោក។ បញ្ហា​នេះ​ ​បាន​ធ្វើ​ឱ្យ​មាន​កង្វះ​ខាត​អគ្គិសនី​នៅ​​បង់ក្លាដែស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​​ដោយ​សារ​តែ​កង្វះ​ឥន្ធនៈ។ ការ​ធ្លាក់​ចុះ​នៃ​​រូបិយ​ប័ណ្ណ​​ជាតិ​ធ្លាក់​ចុះ ​និង​​​ទុន​បំរុង​​នៅ​​បរទេស​ បាន​ធ្វើ​ឱ្យ​បង់ក្លាដែស​មិន​អាច​នាំ​ចូល​ឥន្ធនៈ​ហ្វូស៊ីល​​ឱ្យ​បាន​​គ្រប់​​គ្រាន់​ ដោយ​បង្ខំ​ឱ្យ​បិទ​រោង​ចក្រ​ម៉ាស៊ូត​ និង​ទុកចោល​​ស្ថានីយផលិត​​​ថាមពល​ដែល​​ប្រើ​​ហ្គាស​​។ ​

ទន្ទឹម​នឹង​នេះ​ ប្រភព​អគ្គិសនីផ្សេង​ទៀត​ ​ផ្គត់​ផ្គង់​មិន​​បាន​តាម​តម្រូវ​ការ​ ដែល​តម្រូវ​ឱ្យ​​​រដ្ឋាភិបាល​​​ផ្តាច់​​ចរន្តអគ្គិសនី​ប្រចាំ​ថ្ងៃ​ ​​​​ដើម្បី​សន្សំ​សំចៃភ្លើង​​​នៅ​ក្នុង​កក្កដា​ ដែល​ធ្វើ​ឱ្យ​ភ្លើង​ដាច់​រហូត​ដល់​ ១៣ ម៉ោង​ក៏​មាន​។ ​បញ្ហា​នេះ​ បង្ក​ឱ្យ​​​ការ​ខឹង​សម្បា​ជា​សាធារណៈ​​ រហូត​ផ្ទុះ​បាតុកម្ម​តវ៉ា​ នៅ​ក្នុង​រដ្ឋធានី​ដាក្កា​។

​ការ​ដាច់​ភ្លើង​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​ជា​ការ​ដាច់​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ​ ២០១៤ នៅ​ពេលជាង​ ៧០ ភាគ​រយ​នៃ​ប្រទេស​​បង់ក្លាដែស​ អត់​ភ្លើង​ប្រើ​ប្រាស់​ជិត​ ១០ ម៉ោង​៕