ប្រតិបត្តិករ​នៃ​បំពង់​បង្ហូរ​​ហ្គាស​ក្រោម​សមុទ្រ​បាល់ទិក​ចំនួន ​២​ ដែល​​ភ្ជាប់​​ពី​រុស្ស៊ីទៅ​អាល្លឺម៉ង់​បាន​អះអាង​ថា ​អាជ្ញាធរ​ដាណឺម៉ាក​ និងស៊ុយអែត​ មិន​អនុញ្ញាត​​ឱ្យ​ពួក​គេ​ចូល​​ពិនិត្យ​មើល​កន្លែង​ដែល​បំពង់​លេច​ធ្លាយ​កាល​ពី​សប្ដាហ៍​មុន​នោះ​ទេ​។ ​

ការ​អះ​អាង​នេះ​ ធ្វើ​ឡើង ​ខណៈ​ដែល​អឺរ៉ុប​កំពុង​ស៊ើប​អង្កេត​ពី​មូល​ហេតុ​ដែល​បណ្តាលមាន​ការ​លេច​ធ្លាយ​ចំនួន​ ៤ កន្លែង​ លើ​​បំពង់​បង្ហូរ​ហ្គាស​​ Nord Stream1 និង​ Nord Stream2 ដែល​គេ​សង្ស័យ​ថា ​ជា​ការ​បំផ្លិច​បំផ្លាញ​ដោយ​​ក្រុម​ណា​មួយ​។

​ក្រុម​ហ៊ុន ​Nord Stream 2 AG ​ដែល​ជា​ប្រតិបត្តិករ​នៃ​បំពង់​បង្ហូរ​​ហ្គាស​​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ីស​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា​​ ខ្លួន​នឹង​ពិនិត្យ​មើល​ស្ថានភាព​នៃ​បំពង់​បង្ហូរ​ នៅ​ពេល​ប៉ូលិស​បញ្ជប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ហើយ​ការ​​រឹត​ត្បិត​​ត្រូវ​បាន​ដក​ចេញ​។ ​

ក្រុម​ហ៊ុន​អះ​អាង​ថា​​​ ​ប៉ូលិស​ទីក្រុង​កូប៉ិនហាក ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​​នៅ​កន្លែង​លេច​ធ្លាយ ​Nord Stream 2 ​នៅ​ក្នុ​ង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ​​របស់​ដាណឺម៉ាក​​ ខណៈ​ឆ្មាំ​ឆ្នេរ​សមុទ្រ​ស៊ុយអែត ​បាន​បិទ​តំបន់​ជុំ​វិញ​ការ​លេច​ធ្លាយ​នៅ​ក្នុង​ EEZ របស់​ស៊ុយអែត​​។​​

ក្នុង​ថ្ងៃ​​ដដែល​ជាមួយ​គ្នា​ ​​​ក្រុមហ៊ុន​ Nord Stream AG ​ដែល​ជា​ប្រតិបត្តិករ​នៃ​បំពង់​បង្ហូរ ​Nord Stream 1 ​អះ​អាង​ថា​​ ​​​អាជ្ញាធរ​​ដាណឺម៉ាក​ប្រាប់ខ្លួន​​ថា​ ​​​​ដើម្បី​អាច​​ចូល​ត្រួត​ពិនិត្យ​បាន ​លុះ​ត្រា​តែ​មាន​លិខិត​អនុ ញ្ញាត​ចាំ​បាច់​ ដែល​ចំណាយ​ពេល​ ២០ ថ្ងៃ​ ដើម្បី​ធ្វើ​វា​។ ​

​ក្រុម​ហ៊ុន​ Nord Stream1​ និយាយ​ក្នុង​សេចក្ដី​ប្រកាស​​ថា យោង​​​តាម​អាជ្ញាធរ​ស៊ុយអែត​ ការ​ហាម​ឃាត់​លើ​ការ​ដឹក​ជញ្ជូន​ ការ​បោះ​យុថ្កា​ ការ​មុជ​ទឹក​ ការ​ប្រើ​ប្រាស់​យាន​ជំនិះ​ក្រោម​ទឹក​ ការ​ធ្វើ​ផែនទី​ភូមិ​សាស្ត្រ​ជា​ដើម​ ត្រូវ​បាន​ដាក់​ចេញ​ ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​​។ ​

គួរ​បញ្ជាក់​ថា​ បំពង់​ទាំង​ ២ ​មិន​ដំណើរ​ការ​នោះ​ទេ​ ប៉ុន្តែ​មាន​ផ្ទុក​ហ្គាស។ ​លេច​ធ្លាយ​នេះ​ បង្ក​ឱ្យ​មាន​ការ​ចង្អុល​មុខគ្នាទៅវិញទៅមក ដោយ​ប្រយោល​​ទៅ​វិញ​ទៅ​មក​ ដោយ​លោក​ខាង​លិច​​​ហៅវា​ថា​ ជា​​ការ​បំផ្លិច​បំផ្លាញ​ដោយ​ចេទនា​ ទាំង​មិន​ចង្អុល​ចំ​ដាក់​ក្រុង​​ម៉ូស្គូ​ ស្រប​ពេល​ដែល​​រុស្ស៊ីលើក​ឡើង​​ថា​ សហរដ្ឋ​អាមេរិក​ជា​អ្នកឈរ​ចាំ​​ទទួល​បាន​ប្រយោជន៍​​​​។ តាម​សេចក្ដី​រាយការណ៍​ផ្សេង​ៗ​គ្នា​ ហ្គាស​នៅ​ក្នុង​បំពង់បង្ហូរ​​លែង​​ផុល​ចេញ​មក​លើ​ផ្ទៃ​ទឹក​ទៀត​ហើយ​ គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ៕