សេចក្តីរាយការណ៍​របស់​ភ្នាក់ងារព័ត៌មានតួកគីឱ្យ​ដឹងថា ប្រទេស​អាស៊ែបៃហ្សង់ (Azerbaijan) ​​​​ដែល​​​មាន​ប្រទេសតួកគី​​ ​ជា​អ្នក​គាំទ្រ​ដ៏សំខាន់​ក្នុង​វិស័យការពារជាតិ​របស់ខ្លួន​បាន​ផ្តល់​កិត្តិយស​ដល់​រដ្ឋ​មន្ត្រី​ការពារ​ជា​តិតួក​គី Hulusi Akar ​ដោយ​ការ​​ផ្តល់​​មេដាយ​កិត្តិយស​ ដែល​មាន​ឈ្មោះ​ថា​ «មេដាយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ការ​ពារ​ជាតិអាស៊ែបៃហ្សង់ (Medal of Cooperation in the Field of Defense Industry of Azerbaijan)។

លោក Hulusi Akar រដ្ឋ​មន្ត្រី​ការពារ​ជា​តិតួក​គី ​បាន​បំពេញ​ទស្សនកិច្ច​​​នៅ​ប្រទេសអាស៊ែបៃ​ហ្សង់ កាល​ពីថ្ងៃ​អង្គារ ​​​​គឺ​មាន​រយៈពេល​​ប្រហែល ​៣​ សប្តាហ៍​ បន្ទាប់​ពី​កង​ទ័ព​នៃ​ប្រទេសនេះ​​បាន​ប៉ះទង្គិច​​បង្ហូរឈាម​ជាមួយ​កង​ទ័ព​​អាមេនី ដែល​មាន​ការ​គាំទ្រ​​ដោយ​ប្រទេសរុស្ស៊ីដែល កំពុង​ជាប់​ដៃ​ក្នុង​សង្គ្រាម​នៅ​ប្រទេសអ៊ុយក្រែន​។​

​យោង​តាម​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​​តួកគី Anadolu លោក​រដ្ឋមន្ត្រី Hulusi Akar​ ត្រូវ​បាន​​រៀប​ពិធី​​ទទួល​​ស្វាគមន៍​​យ៉ាង​អធិក​អធម​ជាមួយ​នឹង​ពិធី​យោធា​​​នៅ​ក្រសួង​ការពារ​ជាតិ​ដែល​​ជាផ្នែក​មួយ​នៃ​ដំណើ​រ​ទស្សនកិច្ច​ផ្លូវការ​រ​បស់​គាត់​ទៅ​កាន់​រដ្ឋ​ធានី​បាគូ (Baku) របស់​ប្រទេសអាស៊ែបៃ​ហ្សង់​ និង​បាន​ផ្តល់​រង្វាន់ «មេដាយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហក​ម្ម​ការ​ពារ​ជាតិ Azerbaijan» ដោយ​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ែបៃ​ហ្សង់ លោក​ Madat Guliyev ក្នុង​នាម​ប្រធានាធិបតី Ilham Aliyev។

យោង​តាមការ​ផ្សាយ​នោះ ប្រមុខ​ការ​ពារជាតិ​តួកគី​ បាន​និយាយ​ថា ប្រទេសតួកគី​ និង អាស៊ែបៃ​ហ្សង់​ ​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​អនាគត ​សន្តិសុខ និង​សុខុមាល​ភាពនៃ «ប្រជាជាតិ​តួកគីដ៏​​ពិសិដ្ឋ​ (noble Turkish nation)​»។

លោក បាននិយាយថា មានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាក្នុងវិស័យអប់រំយោធា និង​ឧស្សាហកម្ម​​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង២​​នេះ​ ហើយ​​បាន​ស​ង្កត់ធ្ងន់​ថា ការរួបរួម និង​​សាមគ្គី​ភាព​រវាង​​​ប្រទេស​ទាំង២ នឹង​ធ្វើ​ជា​គំរូ​សម្រាប់​ពិភព​តួកគី​ទាំងមូល (entire Turkish world)។

រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ែបៃ​ហ្សង់ លោក Madat Guliyev​ បាន​និយាយ​ថា៖​«​​អាស៊ែបៃហ្សង់​ គឺ​ជាស្រុក​កំណើតទី២​របស់​អ្នក» ខណៈ​ដែល​​​លោក​បាន​សម្តែង​ការដឹង​គុណ​ចំពោះរដ្ឋ​មន្ត្រី​ការពារជាតិ​តួកគី​សម្រាប់​ការគាំទ្រ​កងទ័ព​របស់​​អាស៊ែ បៃ​ហ្សង់​។

​​យោង​តាម​ការ​ចេញ​ផ្សា​​យ​របស់​បណ្តាញ​ព័ត៌មាន Al Jazeera ប្រទេស​អាស៊ៃបៃហ្សង់ ​បាន​អះអាង​កាល​ពី​ខែកញ្ញា​​ក្នុង​ពេល​ទាហាន​​ខ្លួន​ប៉ះទង្គិច​ជាមួយ​កង​ទ័ព​អាមេនី ទាហាន​របស់​ខ្លួនចំនួន៧១​​នាក់​ត្រូវ​បាន​សម្លាប់​ អំឡុង​ពេលមាន​ការប៉ះទង្គិច​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​អាមេនី​ ដែល​ជា​ការ​ប្រយុទ្ធ​ដ៏អាក្រក់​បំផុត​រវាង​ប្រទេស​ជិត​ខាង ​ដែល​ជាគូ​ប្រជែង​ចាប់​តាំងពី​សង្រ្គាម​ឆ្នាំ ២០២០​ របស់ពួកគេលើ​​តំបន់ជម្លោះ​ Nagorno-Karabakh។

អាមេនី​​ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​កាន់​​ប្រទេសរុស្ស៊ី​​​ក្នុង​វិស័យ​ការពារ​ជាតិ​បាននិយាយ​ថា ទាហាន​របស់​​ខ្លួន​​ចំនួន​​​ ១០៥ ​​​នាក់ ​​បាន​​​ស្លាប់​​​នៅ​ក្នុង​អំពើហិង្សា ដែល​ភាគី​នីមួយៗ​បន្ទោស​គ្នា​ទៅវិញ​ទៅមក។

ការផ្ទុះ​ឡើង​នៃការ​ប្រយុទ្ធ​បង្ហូរឈាម​នោះ ​​បាន​គំរាមកំហែង​អូសទាញតួកគី ដែល​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​របស់​អាស៊ែបៃហ្សង់ និង​សម្ព័ន្ធ​មិត្ត​របស់​អាមេនី ​គឺ​ប្រទេស​រុស្ស៊ី ចូល​ទៅ​ក្នុង​ជម្លោះ​កាន់តែ​ទូលំទូលាយ នៅពេល​ដែល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ខ្ពស់រួចទៅហើយ៕ ​