បើ​និយាយ​ពី​គម្លាត​ប្រាក់ចំណូល រវាង​បុរស និង​ស្ត្រី នៅ​ប្រទេស​ឥណ្ឌា គេ​ទំនងជា​មិនសូវ​ភ្ញាក់ផ្អើល​ដូច​បាន​ស្តាប់​ឮពី​បញ្ហា​នេះ កើតឡើង​នៅ​អឺរ៉ុប​នោះ​ទេ។ ហេតុអ្វី? ចម្លើយ​នោះ គឺ​នៅត្រង់​ថា បើ​ទោះបីជា​សហភាព​អឺរ៉ុប (EU) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​សមភាព​យេនឌ័រ​ក៏ដោយ ក៏​ស្ត្រី​អឺរ៉ុប នៅតែ​រកចំណូល​ជាមធ្យម​បាន ១៣% តិច​ជាង​បុរស​ដដែល។

-តើ​អ្វី​ជា​ឫសគល់​នាំ​ឱ្យ​មាន​គម្លាត​ប្រាក់ខែ​រវាង​បុរស និង​ស្ត្រី នៅ​អឺរ៉ុប?

ការសិក្សា​ជាច្រើន​បង្ហាញថា ប៉ុន្មាន​ឆ្នាំ​មកនេះ បុរស​កាន់តែ​ច្រើន មាន​ទំនោរ​ទទួល​បានការ​ងារ ដែល​មាន​ប្រាក់ខែ​ខ្ពស់ ដូចជា​ការងារ​ផ្នែក​សំណង់ និង​ការ​ជីក​យក​រ៉ែ ដែល​ជា​ការងារ​មាន​ហានិភ័យ​ខ្លាំង ឬក៏​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ជាដើម។

បើ​និយាយ​ពី​ចំនួន​អ្នកធ្វើការ​វិញ ស្ត្រី​ធ្វើការ​តិច​ជាង​បុរស។ បើ​និយាយ​ពី​ចំនួន​ម៉ោង​ធ្វើការ ស្ត្រី​ដែល​មាន​អាជីព​ការងារ​ធ្វើការ​ច្រើន​ម៉ោងជាង​បុរស ក្នុងរយៈពេល ១ សប្តាហ៍ ក៏ប៉ុន្តែ​ពួក​គេ​ចំណាយពេល​ច្រើន​ម៉ោង​ធ្វើការងារ ដែល​គ្មាន​ប្រាក់ខែ ដូចជា​ថែទាំ​កូន​នៅផ្ទះ​ជាដើម។ នេះ​គឺជា​ការពិត ១ ដែល​មិន​អាច​ប្រកែក​បាន​ថា ស្ត្រី​បាន​ប្រាក់បៀវត្សរ៍​តិច ដោយសារ​អាជីព ដែល​ពួក​គេ​ជ្រើសរើស។

ស្ត្រី​ដែល​ជា​អ្នក​សម្រាល និង​មាន​តួនាទី​សំខាន់ ក្នុង​ការ​មើលថែ​ទាំ​កូនៗ មាន​ទំនោរ​ជ្រើសរើស​ការងារ​ណា ដែល​ធ្វើ​តិច​ម៉ោង និង​អាច​បត់បែន​បាន​ស្រួល។ ចំណុច​នេះ​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា ស្ត្រី​ត្រូវ​ឈប់សម្រាក​ពី​ការងារ​ខាងក្រៅ​ច្រើន ដើម្បី​សម្រាល និង​ថែទាំ​កូន។

-គម្លាត​ប្រាក់បៀវត្សរ៍​យេនឌ័រ គឺជា​បញ្ហា​សំខាន់​ក្នុង​សង្គម​អឺរ៉ុប

ភាព​ខុសគ្នា​នៃ​កម្រិត​ប្រាក់បៀវត្សរ៍ អាច​គូសបញ្ជាក់​ពី​បញ្ហា​ជាច្រើន សម្រាប់​ស្ត្រី។ ផលវិបាក ដោយ​ផ្ទាល់​រួមមាន​លទ្ធភាព​តិច​ជាង ក្នុង​ការ​ទទួល​បានការ-ថែទាំ​សុខភាព សុខុមាលភាព ការអប់រំ និង​សន្តិសុខ​ហិរញ្ញវត្ថុ ជាពិសេស​នៅពេល​ពួក​គេ​ចម្រើន​វ័យ​កាន់តែ​ចាស់​ទៅៗ។

ផល​ប៉ះពាល់​ផ្សេងទៀត​មាន​ជាអាទិ៍​គម្លាត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ដែល​រកបាន​ពេញ ១ ជីវិត។ នេះ​ក៏​មានន័យថា ស្ត្រី​កាន់តែ​តិច អាច​ឡើង​កាន់​តួនាទី​ជា​អ្នកដឹកនាំ។ ជាក់ស្តែង នាយក​ប្រតិបត្តិ​ជា​ស្ត្រី ធ្វើការ ក្នុង​ក្រុមហ៊ុន​លំដាប់​កំ​ពូលៗ នៅ​ទូទាំង​ពិភពលោក​មាន​ចំនួន​មិនទាំង​ដល់ ៨% ផង។

ស្ត្រី​កាន់តែ​ច្រើន​ធ្វើការ ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ទាប ដូចជា​ធ្វើការ​តាម​ផ្ទះ ការងារ​បណ្តោះអាសន្ន ឬក្រៅ​ម៉ោង ដែល​ធ្វើ​ឱ្យ​គ្មាន​សិទ្ធិ​ទទួល​អត្ថ​ប្រយោជន៍​ពីរ​ដ្ឋ ឬពី​ក្រុមហ៊ុន​នានា។ ជាឧទាហរណ៍ អំឡុង​ជំងឺរាតត្បាត​កូ​វីដ១៩ ស្ត្រីជា​ច្រើន នៅ​អឺរ៉ុប មិន​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ទេ ព្រោះ​កម្មវិធី​ទ្រទ្រង់​គាំពារ​គ្មាន​ក្នុង​វិស័យ​ការងារ​ពួក​គេ។

-តើ​អាច​ដោះស្រាយ​តាមវិធី​ណា?

សមភាព និង​ភាពល្អ​ប្រសើរ​ជាង​មុន សម្រាប់​ស្ត្រី ក្នុង​ការ​ទទួល​បានការ​អប់រំ ការងារ និង​ប្រាក់​សោធន​និវត្តន៍ គឺជា​ជំហាន​ដំបូង​ចាំបាច់ ដើម្បី​បន្ថយ​គម្លាត​ប្រាក់បៀវត្សរ៍ រវាង​ស្ត្រី និង​បុរស។

តាម​ការសិក្សា ១ របស់​ស៊ុយអែត នៅ​ឆ្នាំ ២០១០ បើ​ស្វាមី​យក​ច្បាប់​សម្រាក ១ ខែ ដើម្បី​ថែទាំ​កូន​នោះ ប្រាក់ឈ្នួល​ស្ត្រីជា​ម្តាយ​កើន ៧%។ កាលពី​ខែមេសា សភា​អឺរ៉ុប​បាន​បោះឆ្នោត​គាំទ្រ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន ដែល​មាន​បុគ្គលិក​ចាប់ពី ៥០ នាក់ បង្ហាញ​ព័ត៌មាន ដើម្បី​ជា​ការ​ងាយស្រួល​ជាង​មុន សម្រាប់​បុគ្គលិក ក្នុង​ការប្រៀបធៀប និង​បង្ហាញ​ពី​គម្លាត​ប្រាក់ខែ រវាង​ស្ត្រី និង​បុរស។

បទប្បញ្ញត្តិ​ដូចនេះ ទទួលជោគជ័យ​នៅ​ប្រទេស​មួយចំនួន ដូច​ជា​អុី​ស្លង់ ដែល​បំបាត់​គម្លាត​ប្រាក់ឈ្នួល រវាង​ស្ត្រី និង​បុរស បាន ៩០%។ ការ​ជួយ​ឱ្យ​ស្ត្រី​ទទួល​ប្រាក់ឈ្នួល​ខ្ពស់ អាច​ជាគ្រាប់​ថ្នាំ​ដ៏​ល្វីង សម្រាប់​ក្រុមហ៊ុន​នានា ឥឡូវនេះ ក៏ប៉ុន្តែ​នៅទីបំផុត វា​នឹង​មាន​អត្ថ​ប្រយោជន៍ សម្រាប់​ទាំង​សេដ្ឋកិច្ច និង​សង្គម​៕