The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក ជប៉ុន និង​អូស្ត្រាលី បង្ហាញ​ជំហរ​តឹងរ៉ឹង​ដាក់​ចិន និង​រុស្ស៊ី តែ​ឥណ្ឌា​ប្រហែលជា​លំបាកក្នុង​ការ​ធ្វើតាម​គេ

អាមេរិក ជប៉ុន និង​អូស្ត្រាលី បង្ហាញ​ជំហរ​តឹងរ៉ឹង​ដាក់​ចិន និង​រុស្ស៊ី តែ​ឥណ្ឌា​ប្រហែលជា​លំបាកក្នុង​ការ​ធ្វើតាម​គេ

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (ឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ជួបគ្នា​ទ្វេភាគី ក្រៅ​កិច្ចប្រជុំ​កំពូល Quad ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី ២៤ ខែឧសភា។ AFP

អាមេរិក ជប៉ុន និង​អូស្ត្រាលី បង្ហាញ​ជំហរ​តឹងរ៉ឹង​ដាក់​ចិន និង​រុស្ស៊ី តែ​ឥណ្ឌា​ប្រហែលជា​លំបាកក្នុង​ការ​ធ្វើតាម​គេ

ក្នុង​ជំនួប​ត្រីភាគី នៅ​កោះ​ហា​វ៉ៃ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី បាន​ធ្វើ​សេចក្តី​ថ្លែង​កា​រណ៍​ខ្លាំងៗមួយចំនួន​ប្រឆាំង​នឹង​ចិន និង​រុស្ស៊ី។ អ្នកវិភាគ​មើលឃើញ​ថា ជំហរ​តឹងរ៉ឹង​បែបនេះ អាច​កំណត់​អ្វី ដែល​ក្រុម​ប្រទេស​សម្ព័ន្ធ​ចតុភាគី (Quad) នឹង​លើកយក​មក​ពិភាក្សា សម្រាប់​កិច្ចប្រជុំ​បន្ទាប់​របស់​សម្ព័ន្ធភាព​សន្តិសុខ​យុទ្ធសាស្ត្រ​មួយ​នេះ។

ប៉ុន្តែ​អ្វី​ដែល​អាច​ជា​ឧបសគ្គ​នោះ គឺថា ប្រទេស​សមាជិក​ឥណ្ឌា ដែល​ជា​អ្នកជិតខាង​ចិន និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ទី​ក្រុង​ម៉ូស្គូ អាច​នឹង​ស្ទាក់ស្ទើរ​លើ​ជំហរ​ច្បាស់លាស់​ណាមួយ ចំពោះ​ប្រទេស​កុម្មុយនីស្ត​កំ​ពូលៗទាំង ២ ព្រោះ​កន្លងមក ក្រុង​ញូ​វដែ​លី តែងតែ​ចៀសវាង​ការ​ប្រឆាំង​ចំៗណាមួយ​ជា​សាធារណៈ ក្នុង​វេទិកា​ពហុភាគី​បែបនេះ។

ផ្ទុយពី​ឥណ្ឌា ដែល​មិនសូវ​ជា​មានការ​ប្ដេជ្ញា​ជាមួយ​គេ​ប៉ុន្មាន ក្នុង​បណ្ដា​ប្រទេស Quad អាមេរិក ជប៉ុន និង​អូស្ត្រាលី បាន​ប្រកា​សក្ដែងៗរួមគ្នា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រីភាគី (TDMM) កាលពី​ថ្ងៃសៅរ៍​ថា ចិន និង​រុស្ស៊ី កំពុង​ព្យាយាម​រុះរើ​សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​ពិភពលោក​ដែល​មានច្បាប់​ជា​បង្អែក។

កិច្ចប្រជុំ​ដែល​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ដាក់​ក្រុង​ម៉ូស្គូ និង​ប៉េកាំង​នេះ ធ្វើឡើង​មិនបាន​ប៉ុន្មាន​ផង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិន ចេញផ្សាយ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប៉ាស៊ីហ្វិក សម្រាប់​វេទិកា​ប្រជុំកោះ​ប៉ាស៊ីហ្វិក ដែល​រៀបចំឡើង នៅក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​សប្ដាហ៍​មុន​ដូចគ្នា។ យុទ្ធសាស្ត្រ​នោះ បញ្ជាក់​ថា សម្ពាធ និង​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ច​ពីសា.ប្រជាមានិត​ចិន បំផ្លាញ​សន្តិភាព វិបុលភាព និង​សន្តិសុខ ក្នុង​តំបន់ និង​អាមេរិក។

អ្នកវិភាគ​ខាង​ភូមិសាស្ត្រ​នយោបាយ និង​ការទូត អះអាង​ថា នៅពេល​ដែល TDMM រួបរួម​គ្នា​លើ​គោលជំហរ​មួយ​កាន់តែ​ខ្លាំង សម្ព័ន្ធភាព​នឹង​មាន​ឥទ្ធិពល​លើ​ការរៀបចំ​របៀបវារៈ ក្នុង​កិច្ចប្រជុំ Quad បន្ទាប់ ដោយ​ចៀសមិនរួច ដែល​នឹង​ជំរុញ​ឱ្យ​ឥណ្ឌា​ធ្វើការ​រិះគន់​ប្រឆាំង​ចិន និង​រុស្ស៊ី កាន់តែ​បើកចំហ និង​ជា​សាធារណៈ។ តាមពិត​ទៅ ឥណ្ឌា​មិន​ស្ថិតនៅ​ក្នុង​សម្ព័ន្ធភាព TDMM នោះ​ទេ ប៉ុន្តែ​ជាផ្នែក​មួយ​នៃ​ប្រទេស Quad ដែល​តែង​ធ្វើ​សមយុទ្ធ​យោធា​ដែនសមុទ្រ Malabar រួមគ្នា បើ​ទោះជា​ឥណ្ឌា​បដិសេធ​ការ​ភ្ជាប់​ទំនាក់ទំនង​យោធា​ណាមួយ​ជាមួយ Quad ក៏ដោយ។

ទស្សនវិស័យ និង​របៀបវារៈ​របស់ TDMM អាច​ជ្រាបចូល​ទៅ​ក្នុង​របៀបវារៈ​របស់ Quad ដែល​កន្លងមក គ្រាន់តែ​បង្ហាញ​ពី​សញ្ញា​នៃ​ការ​រួបរួម​ដាក់​ចិន ដោយប្រយោល និង​រុស្ស៊ី​ខ្លះៗតែប៉ុណ្ណោះ ដោយសារតែ​ឥណ្ឌា​នៅ​ជាប់​ចិន ហើយ​មាន​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុង​ម៉ូស្គូ។ ប្រភព​ការទូត​មិន​បញ្ចេញ​ឈ្មោះ ១ រូប បាន​អះអាង​ប្រាប់​កាសែត​អន​ឡាញ​ឥណ្ឌា ThePrint ថា៖ «TDMM ប្រាកដជា​នឹង​កំណត់​របៀបវារៈ​របស់ Quad ជាពិសេស នៅពេល​ចិន កំពុង​ក្លៀវក្លា​ដាក់​កោះ​តៃវ៉ាន់ ហើយ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ក៏​កាន់តែ​តាន​តឹង​ឡើងៗដែរ»។

មិនថា ជា​យ៉ាងណាក៏ដោយ ជំហរ​របស់​ប្រទេស ៣ នៃ​សម្ព័ន្ធភាព Quad នៅតែ​ជា​អ្វី​ដែល​ផ្ទុយ​ស្រឡះ​ពី​ជំហរ​គោលនយោបាយ​បរទេស​របស់​ឥណ្ឌា ដែល​ផ្អែក​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ជាពិសេស​ជាមួយ​រុស្ស៊ី។ ក្នុង​កិច្ចប្រជុំ TDMM ដដែល កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាន​ហៅ​អូស្ត្រាលី និង​ជប៉ុន​ថា ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក ដោយ​លើកឡើង​ថា៖ «អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ទាំង ៣ បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា សម្រាប់​ស្ថិរភាព និង​វិបុលភាព នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​ជុំវិញ​សកលលោក»។ លោក​បន្ត​ថា៖ «យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​អាកប្ប​កិរិយា​ឈ្លានពាន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន នៅ​ច្រកសមុទ្រ​តៃវ៉ាន់ និង​កន្លែង​ផ្សេងទៀត ក្នុង​តំបន់»។

ជាមួយគ្នា​នេះ ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Richard Marles បាន​គូសបញ្ជាក់​ថា៖ «យើង​មើលឃើញ​ថា ទំនាក់ទំនង​ត្រីភាគី រវាង​ប្រទេស​យើង​ទាំង ៣ កាន់តែ​រីកចម្រើន កាន់តែ​ស៊ីជម្រៅ និង​កាន់តែ​រឹងមាំ ហើយ​យើង​នឹង​បន្ត​របៀបវារៈ​បែបនេះ» ។ លោក Marles បន្ត​ទៀត​ថា អ្វី​ដែល​រុស្ស៊ី កំពុង​ធ្វើ​ដាក់​អ៊ុយក្រែន ក្នុង​ជម្លោះ គឺជា​អ្វី​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ធ្វើ​ដាក់​ទីក្រុង​កង់បេរ៉ា តាមរយៈ​ការ​ដាក់​សម្ពាធ​ដូចគ្នា។

មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ពីនេះ ភាគី​ជប៉ុន បាន​បន្ទរ​ឡើង​ថា សណ្តាប់​ធ្នាប់​អន្តរជាតិ​ត្រូវ​បាន​បំផ្លាញ ហើយ​ឥឡូវនេះ សហគមន៍​អន្តរជាតិ​កំពុង​ប្រឈមមុខនឹង​បរិយាកាស​អសន្តិសុខ​ធ្ងន់ធ្ងរ ដោយសារតែ​ការឈ្លានពាន​អ៊ុយក្រែន​របស់​រុស្ស៊ី សកម្មភាព​យោធា​របស់​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត ព្រមទាំង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​លរបស់​កូរ៉េខាងជើង។

ដោយ​មើលឃើញ​ពី​ទំនាក់ទំនង ក្នុង​សម្ព័ន្ធភាព​បែបនេះ អ្នកវិភាគ​ជាន់ខ្ពស់​លើ​វិស័យ​ការពារ​ជាតិ នៅ​ស្ថាប័ន​ស្រាវជ្រាវ RAND Corporation លោក Derek Grossman ប្រាប់​កាសែត ThePrint ថា៖ «ខ្ញុំ​គ្រាន់តែ​យល់ថា អូស្ត្រាលី ជប៉ុន និង​អាមេរិក កាន់តែ​ស្រុះស្រួល ក្នុង​ការ​បញ្ចេញ​ទស្សនៈ​រួម​របស់​ពួក​គេ ដើម្បី​ប្រឆាំង​នឹង​អាកប្ប​កិរិយា​អាក្រក់​របស់​ចិន»។ ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់​ថា វា​មិន​អាច​ទៅរួច​ទេ ប្រសិនបើ​ឥណ្ឌា​ចូលរួម ក្នុង​កិច្ចពិភាក្សា​ពហុភាគី​ទាំងនេះ។

ប្រធាន​មជ្ឈមណ្ឌល​ស្តុក​ខុល សម្រាប់​កិច្ចការ​អាស៊ី​ខាងត្បូង និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​វិទ្យាស្ថាន​សន្តិសុខ និង​គោលនយោបាយ​អភិវឌ្ឍន៍ នៃ​ប្រទេស​ស៊ុយអែត លោក Jagannath P. Panda មើលឃើញ​ថា កិច្ចប្រជុំ TDMM នៅ​កោះ​ហា​វ៉ៃ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​របៀប ដែល​អូស្ត្រាលី ជប៉ុន និង​សហរដ្ឋអាមេរិក រៀបចំផែនការ​សកម្មភាព​របស់​ពួក​គេ ដើម្បី​ចាក់គ្រឹះ​លើ​វិ​ស័យ​ផ្សេងៗ ដូចជា​បច្ចេកវិទ្យា​ការពារ​ជាតិ​ជាដើម។ លោក​ថា កិច្ចប្រជុំ​នេះ​នឹង​កំណត់​សម្ទុះ​ថ្មី សម្រាប់​ក្រុម​ផ្សេងទៀត ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក រួម​ទាំង AUKUS និង Quad។

លោក Panda បន្ថែម​ថា បណ្តា​ប្រទេស Quad ត្រូវ​ពិភាក្សា​បន្ថែម និង​បង្កើត​ការ​ឯកភាព​គ្នា​ពី​របៀប​បន្ត​ទៅមុខ ក្នុង​ការបង្កើត​កិច្ច​សហប្រតិបត្តិ​ការ ដែល​អាច​ទុកចិត្ត​បាន ក្នុង​វិស័យ ដូចជា បច្ចេកវិទ្យា​ការពារ​ជាតិ រួម​ទាំង​ក្នុង​អុិន​ធឺ​ណិ​ត និង​ដែន​អវកាស»។

យ៉ាងណាក្ដី វា​ប្រហែលជា​លំបាក​ខ្លាំង​សម្រាប់​ឥណ្ឌា ដូចដែល​អ្នកវិភាគ​ជាច្រើន​យល់ឃើញ។ ក្រៅពី​ប្រឈម​ជាមួយ​ចិន ឥណ្ឌា​នៅ​ពឹងផ្អែក​ខ្លាំង​លើ​សព្វាវុធ​រុស្ស៊ី និង​មាន​ទំនាក់ទំនង​យោធា​ជាមួយ​រុស្ស៊ី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក Quad ដដែល មិន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការឈ្លានពាន ឬកាត់ទឹក​ដី​អ៊ុយក្រែន​ឡើយ ហើយ​ថែមទាំង​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី រួម​ទាំង​បង្កើន​ការនាំចូល​ប្រេង​ពី​ក្រុង​ម៉ូស្គូ រហូត​ក្លាយជា​អតិថិជន​ប្រេង​រុស្ស៊ី​ធំជាង​គេ​ទី ២ បន្ទាប់ពី​ចិន​៕

អត្ថបទគួរចាប់អារម្មណ៍