កូរ៉េ​ខាងជើងបាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២ ​គ្រាប់ ចូល​ក្នុង​សមុទ្រ​សំដៅ​ទៅ​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៦ ខែ​តុលា​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​ការធ្វើ​សមយុទ្ធ​យោធា ក្នុង​តំបន់​របស់​អាមេរិក។ នេះ​បើតាម​ការរាយការណ៍របស់​អគ្គ​សេនា​ធិការ​ចម្រុះ​កូរ៉េ​ខាងត្បូង និង​រដ្ឋា​ភិបាល​ជប៉ុន។

វា​គឺជា​ការបាញ់​មីស៊ីល​លើក​ទី​៦ របស់​កូរ៉េ​ខាងជើង ក្នុង​រយៈពេល​ត្រឹម ១២ ថ្ងៃ និង​ជាការ​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​លើក​ដំបូង ចាប់តាំងពី​ប្រទេស​នេះ បាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម (IRBM) រំលង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អង្គារ ដែល​ជំរុញ​ឱ្យ​មាន​សមយុទ្ធ រួមគ្នា​ដោយ​ប្រើ​គ្រាប់​ពិត រវាង​កូរ៉េ​ខាងត្បូង និង​សហ​រដ្ឋ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ថ្លែង​ប្រាប់​អ្នក​យកព័ត៌មាន ក្រោយ​មាន​សេចក្ដី​រាយ​ការណ៍​ចុងក្រោយ​ថា​៖ «សកម្ម​ភាព​នេះ ពិត​ជា​មិន​អាច​អត់ឱន​បាន»។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

ការ​បាញ់​បង្ហោះ​នេះ ធ្វើឡើង​ប្រហែល ១ ​ម៉ោង​ប៉ុណ្ណេះ បន្ទាប់ពី​កូរ៉េ​ខាងជើង​ថ្កោលទោស​សហ​រដ្ឋ​អាមេរិក ជុំវិញ​ការ​ប្រាប់​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​វិធានការ​ឆ្លើយ​តប​របស់​កូរ៉េ​ខាងជើង​ដាក់​សមយុទ្ធ​រួមគ្នា រវាង​កូរ៉េ​ខាងត្បូង-អាមេរិក។

លើសពី​នេះ សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង ក៏​បាន​ថ្កោល​ទោស​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​ការ​ពង្រាយ​ឡើងវិញ​នូវ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក នៅលើ​ឆ្នេរ​ឧបទ្វីប​កូរ៉េ ដោយ​អះអាង​ថា វា​បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​នៃ​ស្ថានការណ៍​បច្ចុប្បន្ន។

កាលពី​យប់​ថ្ងៃ​ពុធ សហរដ្ឋ​អាមេរិក បាន​ដាក់ពង្រាយ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan និង​នាវា​ចម្បាំង​អមដំណើរ​ឡើងវិញ​ភ្លាមៗ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​បង្ហោះ IRBM របស់​កូរ៉េ​ខាងជើង​រំលង​ជប៉ុន។

ជុំ​វិញ​បញ្ហា​នេះ ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក Yoon Suk-yeol បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រទេស​របស់​លោក នឹង​ធានា​សន្តិសុខ​របស់ខ្លួន តាម​រយៈ​សម្ព័ន្ធ​ភាពជា​មួយ​សហ​រដ្ឋ​អាមេរិក និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ជប៉ុន។ បន្ថែម​ពីលើ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Yoon បាន​ព្រមាន​ថា កូរ៉េ​ខាងជើង នឹង​ប្រឈម​ជាមួយ​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី​អន្តរជាតិ ជុំវិញ​ការសាកល្បង​មីស៊ីល​របស់ខ្លួន។

ជាមួយគ្នា​នេះ​ផងដែរ ខណៈដែល​ភាព​តានតឹង ក្នុង​តំបន់​បន្ត​កើន​ឡើង សហ​រដ្ឋ​អាមេរិក បាន​ចោទប្រកាន់​ចិន និង​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ​ថា បាន​បើកដៃ​ឱ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ធ្វើ​សកម្មភាព​របស់ខ្លួន ដោយ​ប្រទេស​ទាំង​ ២ រារាំង​ការ​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ទីក្រុង​ព្យុងយ៉ាង ពី​ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប. ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ការបាញ់​សាកល្បង​មីស៊ីល​ផ្លោង៕

វីដេអូ៖