អូស្ត្រាលីនឹង​ប្រកាស​ពី​ផែនការ​ទាក់ទង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ដើម​ឆ្នាំ ២០២៣ ខាងមុខ​។ សេចក្តី​ប្រកាស​នេះ នឹង​រួមបញ្ចូល​ផងដែរ​ពី​ពេលវេលា​នៃ​ការ​មកដល់​ទឹកដី​អូស្ត្រាលី​របស់​នាវាមុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ក្រោម​កិច្ច​ព្រមព្រៀង​សម្ព័ន្ធភាព​សន្តិសុខ​ត្រីភាគី​ជាមួយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ឬ​ដែល​ហៅ​កាត់ថា​អូឃឹស៍ (AUKUS)​។​

​បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​លោក រី​ឆាត ម៉ា​លេស (Richard Marles) គេ​មិន​អាច​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ខ្លី​បានទេ ដូច្នេះហើយ​សំណួរ​ដែលថា​តើ​អូស្ត្រាលី អាច​នឹង​មាន​នាវា​ប្រភេទ​នេះ​ដំបូង​នៅក្នុង​ដៃ​នៅ​ពេលណា​ទៅនោះ គឺជា​រឿង​ដែល​អូស្ត្រាលី​យកចិត្ត​ទុកដាក់​ខ្លាំងណាស់។​

​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បានប្រកាស​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ដែល​មាន​ឈ្មោះថា Aukus កាលពី​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២១ ដោយ​ប្តេជ្ញា​ថា​នឹង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​បន្ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ស្រាវជ្រាវ​។ សម្ព័ន្ធ​ត្រីភាគី Aukus នេះ ត្រូវបាន​គេ​ដឹង​ដែរ​ថា​បង្កើត​ឡើង​ក្នុង​គោលដៅ​ទប់​ទល់នឹង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់។

​ស្ថិតក្រោម​កិច្ចព្រមព្រៀង​រវាង​គ្នា អាមេរិក​-​អង់គ្លេស នឹងធ្វើ​ការ​ជាមួយ​អូស្ត្រាលី​ដើម្បី​ជួយ​សាងសង់ និង​រក្សា​កងនាវា​នៃ​នាវាមុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ព្រមទាំង​ជួយ​ពង្រីក​លទ្ធភាព​យោធា​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក ម៉ា​លេស ឯ​ទីក្រុង​ហូណូលូលូ​លើ​កោះ​ហាវ៉ៃ កាលពី​សប្តាហ៍​មុន ប្រមុខ​ការពារ​ជាតិ​អាមេរិក ឡយដ៍ អូស្ទីន បាន​លើក​ឡើង​ជាថ្មី​នូវ​ការ​ទាញ​សញ្ញា​អាសន្ន​របស់​ក្រុង​វ៉ាស៊ីនតោន អំពី​ការពង្រីក​តួនាទី​របស់​ចិន។

​លោក​ អូ​ស្ទី​ន បាន​គូសបញ្ជាក់​ពី​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​យោធា​ដ៏​ខ្លាំងក្លា និង​អស្ថិរភាព​ដែល​បង្កឡើង​ដោយ​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ព្រមទាំង​សកលលោក។​

​ទន្ទឹមនេះ​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី បាន​និយាយថា ចិន​កំពុង​ប្រឹង​រៀបចំ​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ពីមុន​មក​។ ការណ៍​នេះ​បង្កឱ្យមាន​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ដែល​កំពុង​ស្វែងរក​ការរក្សា​សណ្តាប់ធ្នាប់​ដោយ​ផ្អែកលើ​ច្បាប់​សកល រួមទាំង​សេរីភាព​នៃ​ការធ្វើ​ចរាចរណ៍​លើ​ដែន​សមុទ្រ។​

​គួរ​ជ្រាបថា កិច្ចព្រមព្រៀង Aukus រង​ការរិះគន់​ជាខ្លាំង​ពី​ប្រទេស​ចិន​។ ចិន បាន​អះអាង​ថា សម្ព័ន្ធ​ត្រីភាគី Aukus (​អូស្ត្រាលី អាមេរិក​និង​អង់គ្លេស​) ដែល​ផ្តល់ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិទ្យា​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ បំពាន​លើ​សន្ធិសញ្ញា​អន្តរជាតិ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ។​

​ប៉ុន្តែ នាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) លោក រ៉ាហ្វា​អែល ម៉ារៀណូ ក្រូស៊ី បែរ​និយាយ​ថា លោក​ពេញ​ចិត្តនឹង​ការបង្កើត​សម្ព័ន្ធភាព​ត្រីភាគី​រវាង​អូស្ត្រាលី អាមេរិក និង​អង់គ្លេស​ទៅវិញ​។ ភ្លាម​មួយ​រំពេច ចិន​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​នេះ​ថា បាន​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិនដឹង​មិនឮ​ពី​ក្តី​ព្រួយបារម្ភ​របស់​អន្តរជាតិ ជុំវិញ​ការ​ប្រជែង​សព្វាវុធ និង​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ៕