ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr កាលពី​ថ្ងៃ ពុធ ទី ៥ ខែតុលា អះអាង​ថា ប្រទេស​របស់​លោក ប្រហែលជា​ត្រូវ​ងាក​ទៅ​រក​ប្រទេស​រុស្ស៊ី ដើម្បី​បំពេញ​តម្រូវការ​ប្រេងឥន្ធនៈ ខណៈ​មានការ​កើនឡើង​តម្លៃ​ថាមពល​ជាស​កល។ កន្លងមក​សម្ពាធ បាន​ធ្លាក់​មក​ពី​សម្ព័ន្ធ​មិត្ត​លោកខាងលិច​លើ​ប្រទេស​នានា ដើម្បី​គេច​ចេញពី​ទី​ក្រុង​ម៉ូស្គូ។

ចំពោះមុខ​ក្លិប​សារព័ត៌មាន Manila Overseas លោក Marcos ដែល​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ដែរ​នោះ និយាយ​ថា ហ្វីលីពីន​ប្រហែលជា​អាច​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​រុស្ស៊ី ដើម្បី​ផ្គត់ផ្គង់​ជី​កសិកម្ម​ដែរ។ លោក​ថា៖ «យើង​ទទួលយក​ទស្សនៈ ដែល​មាន​តុល្យភាព ព្រោះ​ការពិត​នៃ​បញ្ហា គឺ​យើង​ប្រហែលជា​និយាយ​ជាមួយ​រុស្ស៊ី​ចំពោះ​បញ្ហា​ឥន្ធនៈ និង​ជី​កសិកម្ម។”

ហ្វីលីពីន មិន​ខុសពី​ប្រទេស​ជាច្រើន​ផ្សេងទៀត កំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា​កើនឡើង ដោយសារ​បញ្ហា​ផ្គត់ផ្គង់ បន្ទាប់ពី​ការលុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ តែ​ជា​ការ​កត់សម្គាល់​ហ្វីលីពីន ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក មិន​ដាក់ទណ្ឌកម្ម​ណាមួយ​លើ​រុស្ស៊ី​ទេ។

លោក Marcos ជា​កូនប្រុស​តែម្នាក់​គត់​របស់​បុរស​ខ្លាំង​ហ្វីលីពីន គឺ​លោក Ferdinand MarcosSr ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច ក្រោយពី​គ្រប់គ្រង​ប្រទេស​នេះ អស់​រយៈពេល ២ ទសវត្សរ៍។ លោក Marcos ក៏បាន​បញ្ជាក់​ដែរ​ថា លោក​ចង់ឱ្យ​ប្រទេស​នេះ ដើរតួ​នាទី​ចម្បង ក្នុង​ការ​លើកកម្ពស់​សន្តិភាព ក្នុង​តំបន់ ចំ​ពេល​មាន​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ភាព​តាន នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ចិនតៃវ៉ាន់។

ជាមួយគ្នា​នេះ​ដែរ លោក Marcos បាន​បញ្ជាក់​ថា លោក​នឹង​ស្នើ​វិធី​សាស្រ្ត​ថ្មី ១ ដើម្បី​ឆ្លើយតប​ចំពោះ​វិបត្តិ នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​កិច្ចប្រជុំ​នា​ពេល​ខាងមុខ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​នឹង​ធ្វើឡើង ក្នុង​ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ ហើយ​បើ​តាម​លោក Marcos សំណើ​នោះ អាច​ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​រដ្ឋាភិបាល​យោធា ដោយ​ផ្ទាល់​៕