​តម្លៃ​ប្រេង​បាន​កើន​ថ្លៃ នៅ​ថ្ងៃ​សុក្រ ទី ៧ តុលា ឆ្នាំ ២០២២ នេះ បន្ទាប់​ពី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ ក្រាស​ពី​ផែនការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​ប្រេង​ជា​សកល ដោយ​កាត់បន្ថយ​គោលដៅ​ផលិតកម្ម​ចំនួន ២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។​

​កាលពី​ថ្ងៃ​ពុធ ក្រុម​ប្រទេស OPEC+ ទាំង ២៣ បាន​ព្រមព្រៀងគ្នា​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ ដើម្បី​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​។ នេះ​គឺជា​ការ​កាត់បន្ថយ​ដ៏ធំ​បំផុត​របស់ OPEC+ ចាប់តាំង​ពី​ឆ្នាំ ២០២០ និង​ធ្លាក់​មក​មុន​ការ​ហាមឃាត់​របស់​សហភាព​អឺរ៉ុប​លើ​ប្រេង​រុស្ស៊ី។

​សេចក្តីសម្រេចចិត្ត​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែវិច្ឆិកា តំណាង​ឱ្យ​ប្រមាណ ២% នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក ហើយ​មាន​ទំហំ​ធំ​ជាង​ការ​រំពឹងទុក​។ ហេតុ​ដូចនេះ វា​អាច​នឹង​ទៅ​បន្ថែម​បន្ទុក​លើ​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ប្រេង​ដែល​មាន​សភាព​តឹងតែង​ខ្លាំង​រួចទៅ​ហើយ ពោល​គឺ​អាច​នឹង​ធ្វើឱ្យ​អតិផរណា​កើនឡើង។​

​សហរដ្ឋអាមេរិក បានស្នើ​ក្រុម​ប្រទេស​នាំចេញ​ប្រេង OPEC+ កុំឱ្យ​អនុវត្ត​ផែនការ​កាត់បន្ថយ​ការ​ផលិត​នេះ ក្រោម​ហេតុផល​មួយផ្នែក​ថា តម្លៃ​ប្រេង​ទាប​មានន័យ​ថា រុស្ស៊ី អាច​រកចំណូល​បាន​ទាប​ជាង​មុន​ដែរ​ពី​ការលក់​ប្រេង។ ទីក្រុង​វ៉ាស៊ីនតោន បាន​ហៅ​ការ​សម្រេចចិត្ត​របស់ OPEC+ ថា​ជាការ​មើលឃើញ​រយៈពេល​ខ្លី។​

​កាលពី​ខែកក្កដា ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រទេស​ផលិត​ប្រេង​ដ៏ធំ​បំផុត​នៅ​ក្នុង​អង្គការ OPEC+ ដើម្បី​សុំឱ្យ​ព្រះអង្គម្ចាស់ ម៉ូហាមេដ បេនសាលម៉ាន បង្កើន​ការផលិត​ប្រេង​។ ប៉ុន្តែ​សំណើ ត្រូវបាន​បដិសេធ។​

​លោក បូរី​ស ច​ន​សុន អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏បាន​ស្នើ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម​ឱ្យ​ជំរុញ​ទិន្នផល​ប្រេង​ដែរ តែ​មិន​ទទួល​បាន​ជោគជ័យ​ដូចគ្នា៕​