​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី ៦ ខែ​តុលា បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ជជែក​ដេញដោល ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស៊ីនជាំង​របស់​ចិន ដែល​លោក​ខាងលិច​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង។

​ការបោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធ្វើឡើង​បន្ទាប់ពី​អតីត​ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​លោកស្រី មីឆែល បា​ស្ហឺ​ឡេ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង ដោយ​លើក​ឡើង​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ចំពោះ​ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ិស្លាម​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​តំបន់។

​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​អ្នកសង្កេត​ការណ៍​ថា ទីក្រុង​ប៉េកាំង​បាន​ធ្វើការ​បញ្ចុះបញ្ជូល​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ហើយ​ជា​លទ្ធផល ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ចំនួន ១៩ បាន​បោះឆ្នោត​ប្រឆាំង​នឹង​សំណើ​ជជែក​ដេញដោល ខណៈ ១៧ ប្រទេស​បាន​បោះឆ្នោត​គាំទ្រ និង ១១ ប្រទេស​ទៀត បាន​បោះឆ្នោត​អនុប្បវាទ។

ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំងនឹង​កិច្ចពិភាក្សា​រួមមាន ប៊ុ​លី​វី កាមេរូន ចិន គុយបា អារីត្រា ហ្គាបុង ឥណ្ឌូនេស៊ី កូតឌីវ័រ កាហ្សាក់ស្ថាន ម៉ូរីតានី ណាមីប៊ី នេប៉ាល់ ប៉ាគីស្ថាន កាតា សេណេហ្គាល់ ស៊ូដង់ អារ៉ាប់រួម អ៊ូសបេគីស្ថាន និង​វ៉េណេស៊ុយអេឡា។ ចំណែក​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​វិញ រួមមាន អាហ្សង់ទីន អាមេនី បេនីន ប្រេស៊ីល ហ្គាំប៊ី ឥណ្ឌា លីប៊ី ម៉ាឡាវី ម៉ាឡេស៊ី ម៉ិកស៊ិក និង​អ៊ុយក្រែន។

​គួរ​បញ្ជាក់ថា ការជជែក​ដេញដោល​គឺជា​សំណើ​លើ​សេចក្ដីព្រាង​សម្រេច​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ផ្សេង​ទៀត​របស់​ខ្លួន ដែល​ដាក់ជូន​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែមុន។

​សេចក្តីព្រាង​សម្រេច​នេះ ត្រូវបាន​សហការ​គាំទ្រ​ដោយ​ចក្រភព​អង់គ្លេស កាណាដា ស៊ុយអែត ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស អូស្ត្រាលី និង​លីទុយអានី។​

​ទោះពីជា​លទ្ធផល​មិន​សម្រេច​តាម​បំណង​ក្ដី ប្រភព​ការទូត​លោក​ខាងលិច​មួយរូប បាន​អះអាង​ថា គោលដៅ​ទី១ ដែល​ខ្លួន​ចង់​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នៅ​តំបន់​ស៊ីនជាំង​ត្រូវ​សម្រេច​បាន។

​គួរ​រំឭក​ផងដែរ​ថា របាយការណ៍​របស់លោក​ស្រី បា​ស្ហឺ​ឡេ ដែល​ចេញផ្សាយ​នៅ​ចុង​ខែ​សីហា បាន​គូស​បញ្ជាក់ថា ចិន​ទំនង​ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ស្ដែងចេញ​តាមរយៈ​ការឃុំ​ខ្លួន​ដោយ​បំពាន​ការធ្វើ​ទារុណកម្ម ការរើសអើង និង​ការរំលោភ​លើ​សិទ្ធិ​សាសនា និង​បន្ត​ពូជ ចំពោះ​ជនជាតិ​អ៊ុយហ្គួរ និង​ក្រុម​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ិស្លាម​ផ្សេង​ទៀត​ក្នុង​តំបន់​ស៊ីនជាំង។​

របាយការណ៍​អះអាង​ទៀតថា ចិន​យក​ហេតុផល​ប្រឆាំង​ភេរវកម្ម និង​យុទ្ធសាស្ត្រ​ប្រឆាំង​ភាព​ជ្រុលនិយម ដើម្បី​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តំបន់​ស៊ីនជាំង។

​យ៉ាងណាមិញ ទីក្រុង​ប៉េកាំង​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ​យ៉ាង​ដាច់​អហង្ការ ហើយ​ចោទ​ប្រកាន់​អង្គការ​សហ​ប្រជាជាតិ​ថា​សម​គំនិត​ជាមួយ​អាមេរិក និង​លោក​ខាងលិច​។ ចិន​ចាត់ទុក​បញ្ហា​នៅ​តំបន់​ស៊ីនជាំង និង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អម្បាលម៉ាន គឺជា​ការ​ប្រឌិត​រឿង៕