
ព្រះអង្គម្ចាស់ Mohammed bin Salman។ AFP
គោលជំហររបស់ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ី សាអ៊ូឌីត ម៉ូហាមេដ បេនសាលម៉ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី បានធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចមានការភ្ញាក់ផ្អើល និងកើតចិត្តបារម្ភ។ យ៉ាងណាក៏ដោយ គេដឹងថា ព្រះអង្គម្ចាស់ បេនសាលម៉ាន បានកោតសរសើរយ៉ាងខ្លាំងចំពោះមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជាយូរមកហើយ។
រាជបុត្រ បេនសាលម៉ាន និងលោក ពូទីន បានចាប់ផ្តើមសង្គ្រាមនៅក្នុងប្រទេសជិតខាងពួកគេ កាន់កាប់ទីផ្សារថាមពលយ៉ាងសំខាន់។ មេដឹកនាំទាំង ២ រូបនេះ គ្មានការខ្វែងគំនិតគ្នា និងចង់បង្កើតកំណត់សម្គាល់ថ្មីក្នុងប្រវត្តិសាស្ត្រ។ ជារួម ប្រធានាធិបតីរុស្ស៊ី ពូទីន និងមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត បេនសាលម៉ាន ហាក់ដូចជាមានភាពស្រដៀងគ្នាច្រើន។
តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនជិត ៨ ខែមកនេះ ទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងមូស្គូ មានភាពល្អនឹងគ្នាខ្លាំងគួរឱ្យកត់សម្គាល់។ នៅខណៈដែលបណ្តាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស គាំទ្រអ៊ុយក្រែន និងរួមគ្នាប្រឆាំងទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់មេដឹកនាំរុស្ស៊ី ព្រះអង្គម្ចាស់ បេនសាលម៉ាន ឯណោះវិញ បែរបានជ្រើសរើសពង្រឹងទំនាក់ទំនងស្អិតល្មួតជាមួយលោក ពូទីន។
ជាក់ស្តែង កិច្ចប្រជុំរបស់ក្រុមប្រទេសផលិតប្រេង OPEC+ នៅទីក្រុងវីយែនប្រទេសអូទ្រីស កាលពីថ្ងៃពុធ គឺជាភ័ស្តុតាងសំខាន់ចុងក្រោយបំផុតដែលលាតត្រដាងពីទំនាក់ទំនងកំពុងតែរីកចម្រើនឡើងរវាងរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត។ ព្រះអង្គម្ចាស់ ម៉ូហាមេដ បេនសាលម៉ាន បានសម្រេចកាត់បន្ថយទិន្នផលប្រេងឆៅ ដោយមិនខ្វល់ពីសំណើរបស់អាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតដែលបានស្នើសុំកុំឱ្យកាត់បន្ថយការផលិតប្រេងឆៅនេះ ក្រោមហេតុផលមួយផ្នែកថាតម្លៃប្រេងទាប រុស្ស៊ីអាចរកចំណូលបានទាបជាងមុនដែរពីការលក់ប្រេង។
សេចក្តីសម្រេចរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតនៅក្នុងអង្គការ OPEC+ ហាក់បង្ហាញពីការលួងលោមផ្គាប់ចិត្តលោក ពូទីន។ មេដឹកនាំនៃប្រទេសនាំចេញប្រេងធំៗទាំងពីរគឺអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានបង្ហាញពីចេតនា ចង់បង្កើនតម្លៃប្រេង តាមរយៈកាត់បន្ថយផលិតកម្មប្រេងត្រឹម ១ ទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ។
ចំណាត់ការនេះ នឹងរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ដែលកំពុងជួបវិបត្តថាមពលបណ្តាលមកពីសង្គ្រាមអ៊ុយក្រែន និងកំពុងប្រឈមនឹងវិបត្តិនេះកាន់តែខ្លាំង នារដូវរងាខាងមុខ។ សេចក្តីសម្រេចរបស់ក្រុមប្រទេសនាំចេញប្រេង ក៏បានធ្វើឱ្យអាមេរិកខកចិត្តខ្លាំងណាស់ដែរ ព្រោះការស្នើសុំរបស់លោក បៃដិន បែរជាត្រូវទទួលបានមកវិញនូវពាក្យបដិសេធ ជំនួសការយល់ព្រមដែលលោករំពឹងចង់បាន។
សញ្ញាមួយទៀតនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងរីយ៉ាដ បានលេចឡើងកាលពីខែមុន នៅវេលាដ៏កម្រនៃទំនាក់ទំនងការទូតសកល។ អ្នកការទូតអារ៉ាប៊ីសាអ៊ូឌីត បានធានាការដោះលែងអ្នកទោសអន្តរជាតិ រួមទាំងជនជាតិអង់គ្លេស ៥ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។ គេបានលើកឡើងជាសំណួរថាតើអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសមជ្ឈិមបូព៌ាគ្មានអ្វីត្រូវពាក់ព័ន្ធរឿងនេះ បែរក្លាយខ្លួនជាអន្តរការីដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចកើត។
«នេះ គឺជាអំណោយពីពូទីនសម្រាប់ ម៉ូហាមេដ បេនសាលម៉ាន»។ នេះគឺជាការលើកឡើងរបស់មន្ត្រីអង់គ្លេសម្នាក់ដែលយល់ដឹងជ្រៅជ្រះពីបញ្ហានយោបាយ។ «ពូទីន ចង់ឱ្យរឿងនេះវាកើតឡើង ហើយគាត់ចង់ឱ្យវាកើតឡើងតាមរូបភាពដូចជា អារ៉ាប៊ីសាអ៊ូឌីត សម្រេចបានរឿងនេះតាមរយៈការទូត»។
គួរកត់សម្គាល់ថា ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីត បេនសាលម៉ាន និងលោក ពូទីន បានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នាបន្ថែមទៀតនៅប៉ុន្មានខែថ្មីៗនេះ ដោយសារពួកគេមិនពេញចិត្តនឹងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ លោក បៃដិន ដែលរដ្ឋបាលរបស់លោក បានដឹកនាំការជំរុញបំពាក់បំប៉នអាវុធដល់យោធាអ៊ុយក្រែន រហូតអាចរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយជាបន្តបន្ទាប់។
ក្រៅពីនេះ ប្រមុខសេតវិមានអាមេរិក ក៏ធ្លាប់បានដឹកនាំការជំរុញឱ្យងាកចេញឆ្ងាយ ពីព្រះអង្គម្ចាស់ បេនសាលម៉ាន ដែរ។ ព្រះអង្គម្ចាស់ បេនសាលម៉ាន ដែលក្រុមសិទ្ធិមនុស្សបានរិះគន់ជាខ្លាំង និងដែលបានជាប់ឈ្មោះថាជាមេដឹកនាំផ្តាច់ការ ព្រោះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក ខាស្ហូហ្ស៊ី កាលពីឆ្នាំ ២០១៨។
សម្រាប់មន្ត្រីអង់គ្លេស លោក ពូទីន មើលឃើញពីអត្ថប្រយោជន៍របស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសអ្នកមានសម្បូរប្រេង។ ប្រេងដែលជារបស់ដ៏មានឥទ្ធិពល និងមានតួនាទីជាយុទ្ធសាស្ត្រសម្រាប់ពិភពលោកបច្ចុប្បន្ន។ ហើយលោក ពូទីន គិតថាអាចលួងលោមទាក់ទាញឱ្យរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីត បេនសាលម៉ាន មកនៅខាងរុស្ស៊ីរបស់លោកបាន។ នេះបើតាមមន្ត្រីអង់គ្លេសដដែល៕