មេដឹកនាំ​សហភាព​អឺរ៉ុប បាន​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ប្រាក​សាធារណរដ្ឋ​ឆែក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​ ៧ ខែ​តុលា ឆ្នាំ​ ២០២២ ​នេះ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា​ជុំវិញ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​។ ឧស្ម័ន​ធម្មជាតិ ដែល​ជា​តម្រូវការ​ចាំបាច់​មួយ​សម្រាប់​ប្រទេស​អឺរ៉ុប ខណៈ​រដូវរងា​ខិតជិត​មកដល់ និង​បន្ទាប់ពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​បញ្ឆេះ​ឱ្យមាន​វិបត្តិ​ថាមពល​។

ការកំណត់​តម្លៃ​ឧស្ម័ន​ធម្មជាតិ គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ទៀត ដែល​ប្លុក​ប្រទេស​ចំនួន ២៧ ​កំពុង​រៀបចំ​ឡើង ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ថាមពល​។ វិបត្តិ​ថាមពល ដែល​កំពុង​ជំរុញ​ឱ្យ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ឡើងថ្លៃ ប៉ះពាល់​ដល់​ការប្រើប្រាស់​ជាទូទៅ និង​បែប​អាជីវកម្ម​។ ការណ៍​នេះ ក៏​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការផលិត​ថាមពល​អគ្គិសនី សកម្មភាព​តាម​រោងចក្រ ហើយ​ក៏​ជំរុញ​ឱ្យ​ថមថយ​កំណើន​សេដ្ឋកិច្ច​នា​រដូវរងា​ដែរ​។

នៅពេល​ដែល​ប្រជាពលរដ្ឋ​អឺរ៉ុប បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​អ៊ុយក្រែន ក្រោម​រូបភាព​ជា​ការ​ផ្តល់​សព្វាវុធ ហិរញ្ញវត្ថុ និង​ជំនួយ​ផ្សេងៗ​ទៀត​នោះ ប្រទេស​រុស្ស៊ី​បាន​ឆ្លើយតប​ភ្លាមៗ​តាមរយៈ​ការកាត់បន្ថយ ឬ​ផ្តាច់​ទាំងស្រុង​នូវ​ឧស្ម័ន​ធម្មជាតិ សម្រាប់​ប្រទេស​ចំនួន​ ១៣ ​នៅ​អឺរ៉ុប​។ ហេតុផល​នេះហើយ ធ្វើឱ្យ​តម្លៃ​ឧស្ម័ន និង​អគ្គិសនី​កើន​ឡើងជា​បន្តបន្ទាប់​។ តម្លៃ​ថាមពល​អាច​នឹង​បន្ត​កើនឡើង​ខ្ពស់​ថែមទៀត នៅពេលដែល​តម្រូវការ​កើនឡើង​ក្នុង​អំឡុងពេល​ខែ​ត្រជាក់​ក្នុង​ទ្វីបអឺរ៉ុប​។

នៅ​ចំពោះ​មុខ​នៃ​កិច្ចព្រមព្រៀង​កំណត់​តម្លៃ​ឧស្ម័ន​ធម្មជាតិ​នេះ គឺជា​ហេតុផល​មួយ​បញ្ជាក់ថា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​បាន​ប្រើប្រាស់​ប្រភេទ​ថាមពល ឬ​មាន​អ្នក​ផ្គង់ផ្គង់​ថាមពល​ផ្សេងៗ​គ្នា​។ ពួកគេ​ពិបាក​នឹង​សម្លឹង​មើលមុខ​គ្នា ចំពោះ​បញ្ហា​មួយ​នេះ​។

ក្រុម​ប្រទេស​សមាជិក​ចំនួន​ ១៥ បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប គឺ​គណៈកម្មការ​អឺរ៉ុប ធ្វើ​យ៉ាងណា​ដាក់​ចេញ​នូវ​គោលការណ៍​កំណត់​តម្លៃ​ឧស្ម័ន​មួយ​ឱ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​គំនិត​មួយ​នេះ មិន​ទទួលបាន​នូវ​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ទេ ដោយសារ​ប្រទេស​អាល្លឺម៉ង់​បាន​រារាំង​។

សម្រាប់​ពេលនេះ គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា សមត្ថភាព​ផ្ទុក​ឧស្ម័ន​របស់​អឺរ៉ុប​មាន​ប្រមាណ ៩០% ទោះបីជា​ការផ្គត់ផ្គង់​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ទៅ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ ៣៧% នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​សីហា​។ ជុំវិញ​បញ្ហា​នេះ សហរដ្ឋអាមេរិក និង​ន័រវេស បាន​បោះដៃ​ជួយ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការផ្តល់​ឧស្ម័ន​រាវ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ជំនួស​ពី​ប្រទេស​ទាំងនេះ គឺមាន​តម្លៃ​ថ្លៃ​។

«ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ឱ្យ​បង្កើន​ការចរចា​ជាមួយ​អ្នក​ផ្គត់ផ្គង់ ដែល​អាច​ទុកចិត្តបាន​របស់​យើង ដើម្បី​កាត់បន្ថយ​តម្លៃ​ឧស្ម័ន​នាំចូល​គ្រប់​ប្រភេទ​»​។ នេះ​គឺជា​ការលើកឡើង​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) តាមរយៈ​លិខិត​មួយ​ទៅកាន់​មេដឹកនាំ​ប្រទេស​អឺរ៉ុប ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល «​សហគមន៍​នយោបាយ​អឺរ៉ុប​» នា​ថ្ងៃ​សុក្រ ទី​ ៧ ខែតុលា​នេះ​។

ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ នៅ​សមុទ្រ​បាល់ទិក នាពេល​កន្លង​ទៅនេះ គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា​តើ​ប្រទេស​តូចៗ នៅ​អឺរ៉ុប​ពឹងផ្អែក​កម្រិត​ណា​លើ​ការ​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​។ និយតករ​បណ្តាញ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ព្រមាន​រួចហើយ​ថា អ្នកប្រើប្រាស់​កំពុង​ប្រើប្រាស់​ច្រើនជាង​ឆ្នាំមុនៗ ហើយ​កន្លង​ទៅនេះ ប្រទេស​អ៊ីតាលី ក៏បាន​កម្រិត​ចំនួន​ម៉ោង លើ​ការប្រើប្រាស់​ឧស្ម័ន​សម្រាប់​កម្តៅ​អគារ​ជាច្រើន​៕