
មន្ត្រីនៃកងការពារជាតិបើកទូក ដើម្បីជួយចម្លងមនុស្សឆ្លងទន្លេ Siverskyi Donets នៅជាប់នឹងស្ពានដែលត្រូវបានបំផ្លាញ នៅក្នុងទីក្រុង Sviatohirsk ក្នុងតំបន់ Donetsk កាលពីថ្ងៃទី ៩ ខែតុលា។ AFP
ហេតុការណ៍ផ្ទុះដ៏ខ្លាំងបន្តបន្ទាប់គ្នាកំពុងកក្រើករដ្ឋធានីកៀវរបស់អ៊ុយក្រែននៅព្រឹកថ្ងៃចន្ទ ទី ១០ តុលានេះ ១ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន ចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានតភ្ជាប់គ្រីមាទៅរុស្ស៊ី និងចាត់ទុកវាថា ជា «អំពើភេរវកម្ម»។
ហេតុការណ៍ផ្ទុះវាយប្រហារទៅលើទីក្រុងកៀវ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ១៥ នាទី ព្រឹកម៉ោងនៅក្នុងស្រុកអ៊ុយក្រែន ឬស្មើនឹងម៉ោង ១២ និង ១៥ នាទីរសៀល ម៉ោងនៅក្នុងប្រទេសកម្ពុជា។ អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ ដែលស្នាក់នៅក្នុងទីក្រុងកៀវបានឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើន កំពុងធ្វើដំណើរឆ្ពោះទៅកាន់កន្លែងកើតហេតុនៃការបំផ្ទុះ។
អភិបាលក្រុងកៀវលោកវីតាលី គ្លីតឆ្កូ (Vitali Klitschko) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «មានហេតុការណ៍ផ្ទុះជាច្រើននៅក្នុងស្រុក Shevchenkivskyi ស្ថិតនៅកណ្តាលរដ្ឋធានី»។
វីដេអូជាច្រើន ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឱ្យ ឃើញពីផ្សែងខ្មួលខ្មៅហុយឡើងលើអាកាសនៃតំបន់យ៉ាងច្រើនក្នុងទីក្រុងកៀវ។
គួររំឭកថា ការវាយប្រហារលើកចុងក្រោយរបស់រុស្ស៊ីលើក្រុងកៀវ បានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា។ ចំណែក ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់គ្នានាថ្ងៃចន្ទនេះវិញ បានកើតឡើងតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីនបានស្តីបន្ទោសនិងចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះបំផ្លាញលើស្ពានគ្រីមាដែលជាស្ពានមានប្រវែង ១៩ គីឡូម៉ែត្រ និងដែលជាស្ពានតភ្ជាប់ដ៏សំខាន់មួយរវាងប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមា។
គួរជ្រាបដែរថា ការផ្ទុះកក្រើកទីក្រុងកៀវ បានកើតឡើងនៅថ្ងៃចន្ទនេះស្របពេលដែលលោកពូទីនត្រៀមដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខនាថ្ងៃចន្ទនេះដែរ ជុំវិញហេតុការណ៍នៅស្ពានគ្រីមា៕