អ្នកដំណើរ​ពី​ប្រទេសមួយ​ចំនួន​ នឹង​អាច​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ទេ​ចាប់​ពីថ្ងៃ​អង្គារ​ សប្តាហ៍​នេះ​ទៅ ដូច​កាលពីមុន​កូ​វីដ ១៩។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី ១០ ខែតុលា។

ហាង​លក់​គ្រឿង​អេឡិចត្រូនិក ក្រុមហ៊ុន​អាកាសចរណ៍ និង​កន្លែង​ទេសចរណ៍ផ្សេងៗ មាន​ក្តីសង្ឃឹម​ធំ​សម្រាប់​ការ​រស់​ឡើងវិញ​នៃ​អាជីវកម្ម​របស់​ពួកគេ។

ប្រទេស​ជប៉ុន​ បាន​បិទ​ព្រំដែន​របស់ខ្លួន​ស្ទើរ​ទាំងស្រុង សម្រាប់​អ្នកដំណើរ​បរទេស​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ ១៩។

ចាប់តាំងពី​ខែមិថុនា ឆ្នាំ ២០២២ មក មានតែ​អ្នកទេសចរ តាម​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ ​ចូលក្នុង​ប្រទេស​នេះ។ សម្រាប់​ជប៉ុន​នេះ ​គឺជា​ការបើកចំហ​ព្រំដែន​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ខណៈដែល​ប្រាក់​យេន​របស់​ជប៉ុន បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ ការណ៍​នេះ បានផ្តល់​ឱកាស​ឱ្យ​ទេសចរ​បរទេស​មួយចំនួន​មានអំណាច​ទិញ​ខ្លាំង​ជាង​មុន។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Akky International Corpលោក Hideyuki Abe ស្ទើរតែ​មិនអាច​ទប់​អារម្មណ៍​របស់គាត់​បាន​ទេ ជុំវិញ​ការបើក​ឱ្យ​ទេសចរ​បរទេស​ចូល​ប្រទេស​ជប៉ុន​ឡើងវិញ។ អ្នកទេសចរ​បរទេស​កំពុង​ត្រឡប់មក​ប្រទេស​ជប៉ុន​វិញ ពួកគេ​គឺជា​ភ្ញៀវ ដែល​ធ្លាប់​ចូល​ហាង​ចម្រុះ​ពណ៌​របស់លោក Hideyuki Abe ដែល​ស្ថិតនៅក្នុង​សង្កាត់ Akihabara ទីក្រុង​តូ​ក្យូ ជា​កន្លែង​ប្រមូលផ្តុំ​ទៅដោយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រាប់​ចាប់តាំងពី​នាឡិកា វត្ថុ​អនុស្សាវរីយ៍​ដូចជា​ដាវ​សាមូរ៉ៃ និង​តុក្កតា​ឆ្មា​ជាដើម។

ហាង​ទំនិញ​របស់លោក Hideyuki Abe មាន​បុគ្គលិក​ប្រហែល ៥០ នាក់ ហើយ​កាត់បន្ថយ​ខ្លះ​ក្នុងអំឡុង​ឆ្នាំ ២០២០ ដែលជា​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩។ ហាង​មួយចំនួន​នៅក្នុង​តំបន់ Akihabara ត្រូវ​បង្ខំចិត្ត​បិទ​ចាប់តាំងពី​ពេល​នោះមក ប៉ុន្តែ​លោក Abe បាន​រងចាំ​ឱកាសល្អ​សម្រាប់​បើក​ដំណើរការ​ហាង​ទាំងនោះ​ឡើងវិញ។លោក Abe បាន​និយាយថា៖ «ការរង់ចាំ​ដោយ​អំណត់ គឺជា​អំណាច! ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ព្រួយបារម្ភ​បន្តិច​អំពី​កង្វះ​កម្លាំង​ពលកម្ម»។

អ្នកលក់​រាយ​នៅ​សង្កាត់ Akihabara និង​អាជីវកម្ម​ផ្សេងទៀត​នៅក្នុង​ប្រទេស​ជប៉ុន ដែល​ពឹងផ្អែក​ខ្លាំង​លើ​ភ្ញៀវ​មក​បរទេស​បាន​ជួបនឹង​ការលំបាក​ច្រើន​នា​រយៈពេល ២ ឬ ៣ ឆ្នាំ​ចុង​ក្រោយនេះ។ ក្រុមហ៊ុន​លក់ទំនិញ​ដ៏​ធំ Laox បាន​បិទ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​តំបន់ Akihabara ប៉ុន្តែ​រក្សា​ដំណើរការ​អាជីវកម្ម​នៅ​អាកាសយានដ្ឋាន Narita និង​នៅក្នុង​រដ្ឋធានី​បុរាណ Kyoto។

ទីក្រុង Nara ដែល​ល្បីល្បាញ ​ដោយសារ​វិហារ​បុរាណ ទីសក្ការៈ និង​កន្លែង​ផលិត​ស្រា​បៀ កំពុងតែ​បើក​ឡើងវិញ​តាមរយៈ​ការទទួល​ភ្ញៀវរ​ទេសច​រ​ក្នុងស្រុក និង​ពី​បរទេស។ លោក Katsunori Tsuji មកពី​ផ្នែក​ផ្សព្វផ្សាយ​ទេសចរណ៍​នៃ​ក្រុង Nara បាន​ថ្លែងថា៖«មាន​ទិដ្ឋភាព​នៃ​ជីវិត​ដែល​ជនជាតិ​ជប៉ុន​ បាន​រក្សាទុក​ជាច្រើន​ឆ្នាំ​មកហើយ​នៅ Nara ធ្វើ​ឱ្យ​​ភ្ញៀវទេសចរ​ពិតជា​អាច​យល់បាន និង​រីករាយ​ជាមួយនឹង​ទិដ្ឋភាព​ទាំងនោះ»។

ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៣២លាន​នាក់ ​បាន​ទៅលេង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១៩ មុនពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩។ វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​នេះ បាន​ចូលរួមចំណែក​ជាង ៧% នៃ​សេដ្ឋកិច្ចជាតិ។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​ទេសចរណ៍ និង​អង្គការ​ទេសចរណ៍​ពិភពលោក។

ក្រុមហ៊ុន​អាកាសចរណ៍ធំៗរបស់​ប្រទេស​ជប៉ុន All Nippon Airways និង Japan Airlines កំពុង​បង្កើន​ជើងហោះហើរ​របស់ខ្លួន ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​ដែល​ក្រុមហ៊ុន​បាន​រំពឹងទុក។ កាលពី​អំឡុងពេល​កូ​វីដ ១៩ ជើងហោះហើរ​នៃ​ក្រុមហ៊ុន​ទាំងពីរ បាន​កាត់បន្ថយ​យ៉ាងច្រើន។

សូម​ជម្រាបជូន​ថា​ ក្នុង​ឆ្នាំ ២០១១ ១ ដុល្លារ ​មានតម្លៃ​ប្រមាណ ៨០ យេន ហើយ​កាលពី​ឆ្នាំមុន ១ ដុល្លារ​អាមេរិក​ មានតម្លៃ ១១១ យេន។ ឥឡូវនេះ​តម្លៃ​ប្រាក់​ជប៉ុន​ បាន​ធ្លាក់ចូល​ក្នុងតម្លៃ​ទាប​បំផុត​មួយ​ក្នុង​រយៈពេល​ជិត​បី​ទសវត្សរ៍​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ពោលគឺ ១៤៥ យេន/ដុល្លារ៕