ប្រធានាធិបតី តៃវ៉ាន់​លោកស្រី Tsai Ing-wen​ បានលើក​ឡើងនៅថ្ងៃចន្ទ ​ទី ១០​ ខែតុលានេះថា​ ការ​គំរាមកំហែង របស់ចិន​តាមរយៈ​សកម្មភាព​យោធាប្រឆាំង​នឹងតៃវ៉ាន់​គឺ «មិនមែន​ជា​ជម្រើសទេ» ហើយ​នឹងរុញច្រាន​ភាគីទាំង ២ ​ឱ្យ​កាន់តែឆ្ងាយពីគ្នា។​

ថ្លែងក្នុងទិវា​ជាតិតៃវ៉ាន់ ​លោកស្រី ​Tsai បាន​និយាយថា ប្រទេសចិន​មិនគួរ​យល់ច្រឡំ​លើការប្រកួត​ប្រជែងនៅ​ក្នុង​ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​ពហុបក្សរបស់​តៃវ៉ាន់ថា ​ជា​ចំណុច​ខ្សោយ ហើយព្យាយាម​បំបែកសង្គម​តៃវ៉ាន់នោះទេ​។

លោកស្រី Tsai​ បាន​សង្កត់​ធ្ងន់​ថា៖ «​ខ្ញុំចង់បញ្ជាក់​ឱ្យច្បាស់លាស់​ចំពោះ​អាជ្ញាធរ​ក្រុងប៉េកាំងថា​ការប្រឈម​មុខដាក់គ្នា​ដោយ​ប្រដាប់អាវុធ​គឺ មិនមែន​ជា​ជម្រើស​សម្រាប់ភាគីទាំង ២ ទេ»។​ លោកស្រី​បាន​បន្ថែម​ថា៖ «ជម្រើស​មានតែការគោរព​លើការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​តៃវ៉ាន់​ ចំពោះ​អធិបតេយ្យភាព​ លទ្ធិប្រជាធិបតេយ្យ ​និង​សេរីភាពរបស់​យើង​ប៉ុណ្ណោះ ទើបអាច​មាន​មូលដ្ឋានគ្រឹះ ​សម្រាប់​ការ​បន្តទំនាក់ទំនង​ឡើងវិញ​នៅទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»​។

សូម​ជម្រាប​ថា តៃវ៉ាន់​កំពុង​ប្រារព្ធ​ទិវា​ជាតិរបស់​ខ្លួន​នៅ​ថ្ងៃទី ១០ ខែតុលា​នេះ ​ដោយ​បានអញ្ជើញភ្ញៀវ​អន្តរជាតិ​មួយ​ចំនួនចូល​រួម អម​ដោយ​ពិធី​ផ្សេង​ៗ ក្នុង​នោះ​ក៏​មាន​ការ​បង្ហាញសព្វាវុធ​ដូចជា​យន្តហោះចម្បាំង​ផង​ដែរ។

បុណ្យជាតិ​តៃវ៉ាន់​បានបង្ហាញពី​ការស៊ូ​ទ្រាំ​របស់តៃវ៉ាន់ ​ក្នុងនាមជា​អង្គភាព​នយោបាយ​ឯករាជ្យ​មួយ តាមគោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ ​និង​សេរីភាព​សារព័ត៌មាន។​ ក្រៅពីនេះ​ ថ្ងៃឈប់​សម្រាកបុណ្យជាតិ ​ដែលត្រូវ​បានគេ​ស្គាល់ និងហៅជា​ទូទៅថា​ជា ​«Double Ten» ​នៅតៃវ៉ាន់ ​ក៏បានរំឭក​ឡើងវិញ​ដល់​ការបះបោរ​នៅឆ្នាំ​ ១៩១១ ដោយ​កងទ័ព​នៅក្នុងទីក្រុង​ Wuhan ​របស់​ប្រទេសចិន ​ដែលបាននាំឱ្យ​មានការ​ដួលរលំ​នៃ​រាជវង្ស ​Qing​។ នៅពេលមាន​សង្គ្រាម​ស៊ីវិលក្នុងឆ្នាំ​ ១៩៤៩​ បក្ស​កុម្មុយនីស្តចិន ​បាន​កម្ចាត់រដ្ឋាភិបាល​ជាតិនិយម​ចេញពី​ដីគោក ប៉ុន្តែនៅពេលនេះ​ចិនដីគោក​នៅតែបន្ត​ទាមទារ​យកកោះ​តៃវ៉ាន់​ ដើម្បី​គ្រប់គ្រង​។

សុន្ទរកថា​របស់​លោកស្រី ​Tsai បានផ្តោតជា​សំខាន់លើភាព​ជោគជ័យ​របស់តៃវ៉ាន់​ក្នុងការ​ពង្រឹង​បណ្តាញ​សន្តិសុខសង្គម​ សម្រាប់​មនុស្សវ័យ​ចំណាស់ ​និង​បន្តការ​រីកលូត​លាស់​សេដ្ឋកិច្ច ដោយផ្អែកលើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់ខ្លួន​ ទោះបីជាមាន​ការរាតត្បាត​នៃ​ជំងឺកូវីដ ១៩​ ក៏​ដោយ​។

ប៉ុន្តែលោកស្រី​ក៏បានសង្កត់ធ្ងន់​លើកិច្ចខិតខំ​ប្រឹងប្រែង​របស់តៃវ៉ាន់​ ដើម្បីការពារ​ខ្លួនពីការ​គំរាមកំហែង​របស់ចិន​ដីគោក តាមរយៈ​ការបង្កើន​ការនាំចូល​ផ្នែកសម្ភារ​ពីបរទេស ​ការពង្រឹងឡើងវិញ​នៃ​ឧស្សាហកម្ម​អាវុធ​ក្នុងស្រុក និងការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបណ្តុះ​បណ្តាលកង​កម្លាំបម្រុង។​

លោកស្រី Tsai ​ក៏បានលើកឡើង​ពី​កម្មវិធី​អភិវឌ្ឍន៍​នាវាមុជទឹក​របស់​តៃវ៉ាន់ និងការផលិត​នាវាចម្បាំង​ក្នុងស្រុកដំបូង​របស់ខ្លួន ​ដែលចាត់ទុកថា​ជាភាពជោគជ័យ​របស់តៃវ៉ាន់​។

សង្គ្រាមរបស់​រុស្ស៊ីលើអ៊ុយក្រែន​បានទាញ​ការចាប់​អារម្មណ៍​ឡើងវិញលើ​ប្រទេស​ចិន និងវិធីសាស្រ្ត​ដែលតៃវ៉ាន់​អាចទប់ទល់​នឹង​សត្រូវដ៏​ធំរបស់ខ្លួន។​ ចិន​ ដែលមាន​កងទ័ពដ៏​ច្រើនបំផុត​ក្នុង​ពិភពលោក និងប្រមូលផ្តុំ​ដោយអាវុធធំៗ​ធៀប​នឹងតៃវ៉ាន់។ ​កាលពីដើមខែ​សីហាកន្លងទៅ ​ចិនបានបើក​ធ្វើ​សមយុទ្ធ​យោធា​គំរាម​កំហែង​ជុំវិញ​ដែនកោះ​ប្រជាធិបតេយ្យ​មួយនេះ​ ដើម្បីជា​ការ​ឆ្លើយ​តបចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់កោះនេះ ​ដោយ​ប្រធាន​សភា​អាមេរិក លោកស្រី​ Nancy Pelos។

សកម្មភាព​សមយុទ្ធ​នៅពេលនោះ ​រួម​មាន​ការ​បញ្ជូន​កប៉ាល់ និង​យន្តហោះ​ឆ្លង​កាត់​ខ្សែ​ពុះចែក​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​តំបន់​ការពារ​រវាង​ភាគី​ទាំង​សងខាង។ ប្រទេសចិន​ក៏បានបាញ់​កាំជ្រួចមីស៊ីល​យ៉ាង​ហោចណាស់​ចំនួន ៤ គ្រាប់ពី​លើកោះតៃវ៉ាន់ ​ដែលគ្រាប់​មីស៊ីលខ្លះ​បានធ្លាក់​នៅក្នុង​តំបន់សេដ្ឋកិច្ច​ផ្តាច់មុខរបស់​ប្រទេសជប៉ុន​។

ទោះបីជាមានការ​គម្រាម​កំហែងពី​ទីក្រុងប៉េកាំង​ក៏ដោយ ​ក៏​សហរដ្ឋអាមេរិក ​និង​អ្នកការទូត​បរទេស​ផ្សេងទៀត នៅតែ​បន្តទៅសួរ​សុខទុក្ខ​តៃវ៉ាន់ ហើយការប្តេជ្ញា​ចិត្តរបស់​ទីក្រុងវ៉ាស៊ីនតោន​ចំពោះវិស័យ​ការពារជាតិ​របស់កោះតៃ​វ៉ាន់ហាក់​ដូចជារីក​ចម្រើនថែមទៀត៕ ​

វីដេអូ៖