
ប្រជាជនប្រញាប់ប្រញាល់រៀបចំធ្វើបុណ្យសពជូនជនរងគ្រោះក្នុងការបាញ់ប្រហារកាលពីថ្ងៃទី៦ តុលា នៅវត្ត Rat Samakee ភាគឦសានខេត្ត Nong Bua Lam Phu កាលពីថ្ងៃទី១០ ខែតុលា។ AFP
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចាន់-អូចា នៅថ្ងៃចន្ទ ទី ១០ តុលា ឆ្នាំ ២០២២ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើងនិងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន។ បទបញ្ជានេះធ្លាក់មកប៉ុន្មានថ្ងៃក្រោយហេតុការណ៍សម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារក្នុងខេត្តណងបួលាំភូ ដែលបានធ្វើឱ្យប្រជាជនថៃពាសពេញប្រទេសរន្ធត់ចិត្តជាខ្លាំង។
មនុស្សសរុបចំនួន ៣៦ នាក់ ក្នុងចំណោមនោះមាន ២៤ នាក់ ជាកុមារត្រូវបានបាញ់ និងចាក់សម្លាប់ដោយកាំបិតកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដោយអតីតមន្ត្រីប៉ូលិសថៃម្នាក់ដែលក្រោយមកបានទៅសម្លាប់ប្រពន្ធ និងកូនខ្លួនឯងទៀតមុនធ្វើអត្តឃាតតាមក្រោយ។ នេះ គឺការសម្លាប់កុមារដ៏គួរឲ្យតក់ស្លុតបំផុតមួយនៅក្នុងការសម្លាប់រង្គាលដោយឃាតករតែម្នាក់ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក អានូឆា (Anucha)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកឧត្តមសេនីយ៍ ប្រាយុធ ចាន់-អូចា បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងចំណោមមន្ត្រី និងសហគមន៍ព្រមទាំងបង្កើនការព្យាបាលអ្នកញៀនថ្នាំ។
លោកនាយករដ្ឋមន្ត្រីប្រាយុធបានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានថៃដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់ម្ចាស់កម្មសិទ្ធិចុះបញ្ជីទាំងឡាយណាដែលត្រូវបានរាយការណ៍ថា មានអាកប្បកិរិយា «គំរាមកំហែងដល់សង្គម» និង «បង្កើតភាពចលាចល ឬបង្កឱ្យមានភាពចលាចល» ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់។
អាជ្ញាធរថៃគ្រោងនឹងប្រមូលកាំភ្លើងពីក្រុមមន្ត្រី និងប៉ូលិសដែលបានប្រើអាវុធមិនត្រឹមត្រូវ ឬមានអាកប្បកិរិយាគឃ្លើនក្នុងកាតព្វកិច្ច។ ទន្ទឹមនេះអគ្គស្នងការនគរបាលជាតិថៃលោក ដំរ៉ុងស័ក្តិ គីតប្រាប៉ា (DamrongsakKittprapas)បានប្រាប់អ្នកយកព័ត៌មានថាការត្រួតពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ក៏នឹងត្រូវបានទាមទារផងដែរ សម្រាប់អ្នកដាក់ពាក្យសុំអាជ្ញាប័ណ្ណនិងអ្នកកាន់កាំភ្លើង។
គួរជ្រាបថា អត្រានៃការកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃមានចំនួនខ្ពស់ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយតួលេខផ្លូវការ ក៏មិនបានរាប់បញ្ចូលចំនួនអាវុធដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់ដែរ។
ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺកម្រកើតមានណាស់នៅថៃ។ ប៉ុន្តែនៅឆ្នាំ ២០២០ ទាហានម្នាក់ដែលខឹងសម្បាចំពោះកិច្ចព្រមព្រៀងអចលនទ្រព្យដ៏ជូរចត់មួយបានសម្លាប់មនុស្សយ៉ាងតិច ២៩ នាក់ និងធ្វើឱ្យរបួសមនុស្ស ៥៧ នាក់ នៅក្នុងការបាញ់ប្រហារលើទីតាំងចំនួន ៤ កន្លែង៕
វីដេអូ៖