កាលពី​ថ្ងៃ​ចន្ទ ទី ១០ ខែតុលា អង្គការ​សហ​ប្រជាជាតិ និង​កាកបាទក្រហម​ពិភពលោក បាន​លើក​ឡើង​ថា រលក​កម្ដៅ នឹង​មាន​ការវិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅ​ក្នុង​តំបន់​មួយចំនួន​លើ​ពិភពលោក ក្នុង​ទសវត្សរ៍​នេះ។ បញ្ហា​នេះ​នឹង​បង្ក​ឱ្យ​ជីវិត​មនុស្ស​មិន​អាច​មាន​និរន្តរភាព​បានទេ នៅតាម​តំបន់​ទាំងនោះ។

រលក​កម្ដៅ​ត្រូវបាន​ព្យាករ​ថា កើនឡើង​លើសពី​អ្វីដែល​សរីរាង្គ​កាយ​របស់​មនុស្ស​នៅក្នុង​តំបន់ Sahel តំបន់​ឦសាន​នៃ​ទ្វីបអាហ្វ្រិក (Horn of Africa) និង​តំបន់​អាហ្វ្រិក​ខាងត្បូង និង​អាស៊ី​ភាគ​និរតី ហើយ​រលក​កម្ដៅ​ទាំងនេះ​នឹង​បង្កឱ្យមាន ​«ការរង​ទុក្ខ និង​ការបាត់​បង់ជីវិត​ជា​ទ្រង់ទ្រាយ​ធំ»។ នេះ​បើតាម​ស្ថាប័ន​អន្តរជាតិ​ទាំង​២​នេះ។

គ្រោះមហន្តរាយ​រលក​កម្ដៅ នៅ​ឆ្នាំនេះ ដែល​បាន​កើតឡើង​តាម​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​សូម៉ាលី និង​ប៉ាគីស្ថាន បង្ហាញ​ឱ្យ​ឃើញ​ពី​អនាគត ពោលគឺ​វា​នឹងមាន​កំដៅ​កាន់តែ​ខ្លាំង ញឹកញាប់​ជាង​មុន ដែល​បង្ក​ឱ្យ​មាន​គ្រោះមហន្តរាយ​មនុស្សធម៌។ នេះ​បើតាម​របាយការណ៍​រួមគ្នា​របស់​អង្គការ​សហ​ប្រជាជាតិ និង​កាកបាទក្រហម។

របាយ​ការណ៍​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយា​ល័យ​របស់​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ការសម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) និង​សហព័ន្ធ​អន្តរ​ជាតិ​នៃ​សមាគម​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (IFRC) នៅមុន​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP27 នៅ​ខែក្រោយ​នៅ​ប្រទេស​អេហ្ស៊ីប។

លោក Jagan Chapagain អគ្គ​លេខាធិការ​នៃ IFRC បាន​និយាយ​ថា​៖ «យើង​មិន​ចង់​ធ្វើឱ្យ​មើលទៅ​អាក្រក់ ឬ​សោក​សង្រែង​ទេ ប៉ុន្តែ​ទិន្នន័យ​បានបង្ហាញ​យ៉ាងច្បាស់​ថា វា​នាំ​យើង​ទៅរក​អនាគត​ដ៏​អាក្រក់​នោះ»។

តាមរយៈ​របាយការណ៍​នេះ អ្នកជំនាញ​លើកឡើងថា គេ​ត្រូវការ​សកម្មភាព​បន្ទាន់​ចាំបាច់ ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​រលក​កំដៅ ដែល​បន្ត​កើតឡើង​ដដែល។ អ្នក​ជំនាញ​នៃ​អង្គការ​ទាំង​២​នេះ ក៏បាន​បង្ហាញ​ពី​បញ្ជី​សកម្មភាព ដែល​អាច​កាត់បន្ថយ​ផលប៉ះពាល់​ដ៏​អាក្រក់​បំផុត​នៃ​កម្ដៅ​ខ្លាំង​នាពេល​ខាងមុខ។

របាយការណ៍​ដដែល​បាន​និយាយថា កម្ដៅ​ខ្លាំង​គឺជា «ឃាតករ​ស្ងប់ស្ងាត់» ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់​ពាន់នាក់​ក្នុង ១ ​ឆ្នាំៗ ដែល​នេះ​គឺជា​គ្រោះថ្នាក់ ដែល​ទាក់ទង​នឹង​អាកាសធាតុ​ដ៏​អាក្រក់​បំផុត។ គ្រោះថ្នាក់​នេះ​ត្រូវ​បាន​កំណត់ថា នឹង​បន្ត​កើនឡើង​ក្នុង«អត្រា​គួរឱ្យ​ព្រួយបារម្ភ» ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ។

យោងតាម​ការសិក្សា​ដែល​បានលើកឡើង​ដោយ​របាយការណ៍​ដដែល​នេះ បង្ហាញ​ចំនួន​ប្រជាជន​ក្រីក្រ ដែល​រស់នៅក្នុង​លក្ខខណ្ឌ​ក្តៅ​ខ្លាំង​នៅ​តំបន់​ទីក្រុង​នឹង​កើនឡើង ៧០០% នៅ​ឆ្នាំ ២០៥០ ជាពិសេស​នៅ​អាហ្វ្រិក​ខាងលិច និង​អាស៊ីអាគ្នេយ៍៕

វីដេអូ៖