
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (ឆ្វេង) និងលោកអនុប្រធានាធិបតី William Lai ចូលរួមក្នុងពិធីប្រារព្ធទិវាជាតិនៅមុខការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃទី ១០ ខែតុលា។ AFP
ប្រទេសចិន កំពុងតែសម្លឹងមើលបទពិសោធនៃសង្គ្រាមនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ក្នុងនោះរួមទាំងការប្រើប្រាស់យន្តដ្រូនគ្មានមនុស្សបើក និងសម្ពាធខាងផ្លូវចិត្តផង។ នេះបើតាមការឱ្យដឹងពីមន្ត្រីសន្តិសុខជាន់ខ្ពស់ជាតិតៃវ៉ាន់ម្នាក់នៅថ្ងៃពុធ ទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ។
តៃវ៉ាន់បាននិងកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់នូវមេរៀនទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន ដើម្បីប៉ាន់ស្មានពីប្រតិ កម្មដែលចិនអាចនឹងមានចំពោះខ្លួន។
ចិនបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ដើម្បីបង្ហាញការខឹងសម្បារបស់ខ្លួនចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់ប្រធានសភាអាមេរិកលោក ស្រីណាន់ស៊ី ប៉េឡូស៊ី។ ចាប់តាំងពីពេលនោះមក ចិនបានរក្សាសកម្មភាពយោធារបស់ខ្លួន បើទោះបីជាមានកម្រិតថមថយក៏ដោយចុះ។
ក្នុងពេលថ្លែងប្រាប់សមាជិកសភាតៃវ៉ាន់ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់លោក ឈិន មីងតុង (Chen Ming-tong) បាននិយាយថា ប្រទេសចិន ក៏កំពុងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែរ។ «ឆ្នាំនេះយោធាកុម្មុយនីស្តចិន បានខ្ចីបទពិសោធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីបង្កើតសង្រ្គាមកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ និងពង្រឹងការហ្វឹកហ្វឺន ប្រយុទ្ធព្រមទាំងការរៀបចំខ្លួនប្រឆាំងនឹងសត្រូវខ្លាំងៗជាច្រើន»។
លោក ឈិន បន្តរៀបរាប់ទៀតថាបន្ទាប់ពីសមយុទ្ធកាលពីខែសីហាចិន បានពង្រីកតំបន់ប្រផេះ និងសកម្មភាពកូនកាត់ (hybrid activities)ប្រឆាំងនឹងតៃវ៉ាន់ជាពិសេសប្រើដ្រូនគ្មានគ្មានមនុស្សបើកឱ្យ ហោះហើរទៅក្បែរទាំងកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ចេញពីឆ្នេរសមុទ្ររបស់ប្រទេសចិននិងទាំង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ទីក្រុងតៃប៉ិនិយាយថា យុទ្ធនាការសង្គ្រាមតំបន់ប្រផេះរបស់ចិនមានជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ ដើម្បីកម្ចាត់សត្រូវដោយមិនងាកទៅរកការប្រយុទ្ធដោយបើកចំហ ដូចជាការហោះហើរញឹញាប់ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់និងបង្ខំកងទ័ពអាកាសរបស់តៃវ៉ាន់ឱ្យប្រយុទ្ធគ្នា។
អគ្គនាយកការិយាល័យសន្តិសុខជាតិនិយាយថា ចិនបានបញ្ចេញរូបភាពយោធារបស់តៃវ៉ាន់តាម អ៊ីនធឺណិត ដើម្បីបង្កាច់បង្ខូចឈ្មោះ និងវាយប្រហាររដ្ឋាភិបាលក្រុងតៃប៉ិ។ សម្តីនេះលោកឈិនចង់សំដៅដល់វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនកាលពីខែសីហាអំពីទាហានតៃវ៉ាន់នៅលើកោះឈូងសមុទ្រដែលថតដោយ ដ្រូនគ្មានមនុស្សបើក។
សម្រាប់មន្ត្រីតៃវ៉ាន់សកម្មភាពទាំងនេះ គូសបញ្ជាក់ឱ្យឃើញថា បក្សកុម្មុយនីស្តចិន បានបង្កើនការយល់ដឹងផ្នែកសង្គ្រាមសកម្មភាពនៅតំបន់ប្រផេះ និងវិធីសាស្រ្តកូនកាត់ផ្សេងទៀតដែលត្រូវបានបង្កើតបានឡើងជាទម្រង់ថ្មីនៃការគំរាមកំហែងដល់សន្តិសុខជាតិតៃវ៉ាន់៕
វីដេអូ៖