រដ្ឋមន្ត្រី​សេដ្ឋកិច្ច​តៃវ៉ាន់ ​លោក​ស្រី​ Wang Mei-Hua ​ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក​ កាល​ពីថ្ងៃអង្គារ​ទី ១១ ​ខែតុលា ​បាន​បញ្ជាក់ថា ​ប្រសិនបើតៃវ៉ាន់ ​នៅតែមាន​សុវត្ថិភាពនោះ​ ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​នៃបន្ទះ​ឈីប ​ក៏នឹង​មាន​សុវត្ថិភាព​ដែរ។

លោក​ស្រី Wang ​បានថ្លែង​បាន​បែបនេះ ​ក្នុង​ព្រឹត្តិ​ការណ៍​មួយដែល​រៀបចំ​ឡើងដោយ​មជ្ឈមណ្ឌល​ សម្រាប់ការ​សិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​របស់​ទីក្រុងវ៉ាស៊ីន​តោន ខណៈ​ដែលប្រទេស​ចិន​ បន្តបង្កើន​សម្ពាធ​យោធា​លើ​កោះតៃវ៉ាន់។​

កោះតៃវ៉ាន់​ដែលជា​រោង​ចក្រ​ផលិត​បន្ទះឈីប​សម្រាប់​ក្រុមហ៊ុន​លក់ម៉ា​ស៊ីន​ កុំព្យូទ័រ​ជុំវិញ​ពិភពលោក​។

លោក​ស្រី ​Wang​ បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិកនា​សប្តាហ៍នេះ ដើម្បីឆ្លើយ​តបទៅនឹង​អ្វីដែល​ការិយា ល័យ​របស់​អ្នកស្រី ​ចាត់ទុកថា​ជា​បញ្ហាដ៏គួរ​ឱ្យ​ព្រួយបារម្ភ​ជុំវិញ​បញ្ហាខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និងបញ្ហា​ភូមិសាស្ត្រ​នយោបាយ​។

លោក​ស្រី​ មាន​គោលដៅ​ទៅ​ទស្សនកិច្ច​នៅតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក ដែលជា​អតិថិជន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន ​semiconducto​r តៃវ៉ាន់​។

លោកស្រី​បាន​និយាយថា ​តៃវ៉ាន់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​បន្ថែមទៀត​រវាង​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​ ដើម្បីធានា​បាន​នូវខ្សែចង្វាក់​ ផ្គត់ផ្គង់​ដ៏មាន​ភាពធន់​មួយ។​

លោក​ស្រី Wang បាន​និយាយថា​ ដោយសារ​តែតួនាទី​សំខាន់​របស់តៃវ៉ាន់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ នោះប្រទេស​ចិនក៏​នឹង​រងផល​ប៉ះពាល់ដែរ​ប្រសិន​បើហ៊ាន​ជ្រៀតជ្រែក​ចូលតៃវ៉ាន់​។

លោក​ស្រី​ បាន​និយាយថា ​ប្រសិនបើ​ក្រុមហ៊ុន​ផលិតបន្ទះ​ឈីបដ៏​ធំបំផុតរបស់​ពិភពលោក​គឺ​ក្រុមហ៊ុន Taiwan Semi conductor Manufacturing Company Ltd (TSMC) ​ត្រូវបាន​គ្រប់គ្រង​ដោយ​កម្លាំង​យោធា នោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នឹង​ត្រូវបញ្ឈប់។​លោក​ ស្រី ​Wang បានមាន​ប្រសាសន៍​ដោយយោង​លើសម្តី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក ​Antony Blinken ​ថា ប្រសិន​បើមានរឿង​អ្វីកើត​ឡើង​ចំពោះ​តៃវ៉ាន់ ​នោះ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន«សភាព​អាក្រក់»​។

លោក​ស្រី​បញ្ជាក់​ថា​៖ "​ខ្ញុំ​ចង់​បញ្ជាក់​យ៉ាង​ដូច្នេះថា ​ប្រសិន​បើ​តៃវ៉ាន់​មាន​សុវត្ថិភាព ​ខ្សែ​ចង្វាក់​ ផ្គត់ផ្គង់​សកល​ក៏​នឹងមាន​សុវត្ថិភាពដែរ។​ នេះគឺ​ជាផល​ប្រយោជន៍​ដ៏​ធំបំផុត​របស់​ពិភពលោក​ចំពោះ​តៃវ៉ាន់ ដើម្បីឱ្យ​ កោះនេះ​សហការ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត ធានា​រក្សា​ផលិត​កម្ម​ប្រកប​ដោយប្រសិទ្ធ​ភាពបំផុត»។​

លោកស្រី​បានថ្លែង​អរគុណ​សភា​អាមេររិ​កដែល​ជំរុញឱ្យ​​ អាមេរិក​ និង​តៃវ៉ាន់​ រក្សា​ទំនាក់​ទំនង​ដ៏​រឹងមាំ ហើយថែម​ទាំង​អនុម័ត​ច្បាប់កាត់​ប្រទេស​ចិនចេញ​មិនឱ្យ​ ប្រើបច្ចេក​វិទ្យា​អាមេរិក​ក្នុងការ​ផលិត​បន្ទះឈីប​។

នៅពេល​សួរថា​តើ​តៃវ៉ាន់​មាន​ការ​ព្រួយបារម្ភ​ទេ នៅពេល​ដែល​សហ​រដ្ឋអាមេរិក​នឹង​ជំរុញឱ្យ​ មានការ​ផលិតបន្ទះ​ឈីប​នៅ​សហរដ្ឋ​អាមេរិក ​ដែលអាច​កាត់បន្ថយការ​ពឹងផ្អែក​លើ​តៃវ៉ាន់នោះ?​ លោកស្រី ​Wang បានឆ្លើយ​តបថា​ឧស្សាហ កម្ម​ឈីប​របស់​តៃវ៉ាន់ ​គឺមាន​ភាពរឹង​មាំ​ណាស់ ពោលគឺ​ បាន​កសាងខ្លួន​ជាង ៤០ ឆ្នាំ​មកហើយ៕​