
ប្រជាជនដើរកាត់ផ្លូវ នៅមុខមន្ទីរពេទ្យ បន្ទាប់ពីត្រូវជន់លិច ក្នុងទីក្រុង Biratnagar កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១។
យ៉ាងហោចណាស់មនុស្ស៣៣នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ និងការបាក់ដី នៅទូទាំងភាគខាងលិចប្រទេសនេប៉ាល់ ក្នុងសប្តាហ៍កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនេប៉ាល់។
មន្ត្រីនេប៉ាល់ បាននិយាយថា ភ្លៀងមូសុងដ៏អាក្រក់បំផុត បានវាយប្រហារខេត្តការ៍ណាលី (Karnali) នៅភាគពាយព្យ ជាទីដែលប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ។ ផ្ទះរាប់រយខ្នងបានរងការខូចខាត ក្នុងគ្រោះទឹកជំនន់ និងការបាក់ដី។
ក្រៅពីអ្នកស្លាប់នៅមានមនុស្សយ៉ាងហោចណាស់២២នាក់ទៀត កំពុងបាត់ខ្លួននៅទូទាំងខេត្ត និងជាច្រើននាក់រងរបួស។ ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់ បានរៀបរាប់ពីទុក្ខលំបាកក្នុងការធ្វើដំណើរទៅកាន់តំបន់ភ្នំ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយដោយសារតែអាកាសធាតុ គ្មានភាពប្រសើរឡើងសោះប្រតិបត្តិការជួយជនរងគ្រោះ ក៏មិនអាចធ្វើបានដូចការរំពឹងទុកឡើយ។
បើតាមអាជ្ញាធរនេប៉ាល់ នៅតំបន់ខ្លះកម្ពស់ទឹកទន្លេការ៍ណាលី បានកើនឡើងដល់ជាង១២ម៉ែត្រ។ ស្ពានយោលមួយចំនួន ដែលប្រើសម្រាប់ឆ្លងទន្លេ ក៏ត្រូវបានដាច់ដោយសារទឹកជំនន់ដែរ។
ឆ្លើយតបនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរនេះ មន្ត្រីរដ្ឋាភិបាលក៏បានប្រញាប់ប្រញាល់បញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះ តាមឧទ្ធម្ភាគចក្រដែរ។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ពួកគេកំពុងចែកចាយអាហារ និងថ្នាំដល់សហគមន៍ ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅភាគខាងលិចប្រទេសនេប៉ាល់។
គួរជ្រាបថា រដូវខ្យល់មូសុងរបស់នេប៉ាល់ ជិតផុតហើយ។ ជាធម្មតាខ្យល់មូសុងនេប៉ាល់ ចាប់ផ្តើមនៅក្នុងខែមិថុនា និងបញ្ចប់វិញ ក្នុងខែតុលានេះ។
យ៉ាងហោចណាស់មនុស្ស ១១០ នាក់ បានស្លាប់នៅឆ្នាំនេះ នៅក្នុងគ្រោះមហន្តរាយ ដែលទាក់ទងនឹងទឹកភ្លៀង។ នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិនេប៉ាល់៕